ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជាបានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក» ដែលប្រព្រឹត្តទៅ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅ ទីកន្លែង ការិយាល័យកណ្តាលសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ (ទល់មុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)។
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមជម្រាបជូនថា ដោយមានការគាំទ្រពីសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) ក.អ.ក រៀបចំ វេទិកាសារព័ត៌មានដូចប្រធានបទខាងលើ ដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើក ឡើងជាថ្មីម្ដងទៀតពីការពង្រឹង និងពង្រីកផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំឡុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។ ឱកាស និងបញ្ហាប្រឈម រួមទាំងដំណោះស្រាយ និងសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកក៏នឹងត្រូវ បានលើកឡើងក្នុងវេទិកាសារព័ត៌មាននេះផងដែរ។ វេទិកានេះក៏មានការតាំងបង្ហាញផលិតផលក្នុងស្រុកសំខាន់ៗដែលគ្រោងនឹងដាក់តាំងក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ លើកទី២ ដែលនឹងត្រូវ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកឧកញ៉ា តែ តាំងប៉ ប្រធានFASMEC បានថ្លែងថា ឱ្យសហគ្រាសអ្នកផលិត ពិចារណា បង្កើនចំនួនផលិតផល ដោយមើលឃើញថា សន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកកើនឡើងយ៉ាងគំហុក។
ដោយមើលឃើញថា សន្ទុះនៃការគាំទ្រផលិតផលក្នុង ស្រុកកើនឡើងយ៉ាងគំហុក ស្ទើរតែលក់មិនគ្រប់នៅក្នុង ពិព័រណ៍ផលិតផលខ្មែរ កាលពីថ្ងៃទី ១១ ដល់១៣ កញ្ញា ២០២៥ កន្លងទៅ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ សមាគមសហគ្រាសខ្នាតតូចនិងមធ្យម បានបង្ហាញឆន្ទៈក្នុង ឱ្យមានពិព័រណ៍នេះជាលើកទី២។ ប្រធាន FASMEC បានស្នើឱ្យសហគ្រាសអ្នកផលិត គួរពិចារណាក្នុងការបង្កើនចំនួនផលិតផលបន្ថែមទៀត ដើម្បីធានាការផ្គត់ផ្គង់ក្នុងទីផ្សារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














