Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​បទល្មើស​គ្រឿងញៀន ៧.៥៩១​ករណី ឃាត់ខ្លួន ១៦.៦៥០​នាក់ , ថៃ​ជួយ​សាងសង់​មជ្ឈមណ្ឌល​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​

spot_img

​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន ៧.៥៩១​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ១៦.៦៥០​នាក់ (​ស្រី​១៤៩២​នាក់​) រឹបអូស​គ្រឿងញៀន គ្រប់​ប្រភេទ ១៦៨​គីឡូក្រាម និង​៧០៣,៥៧​ក្រាម និង​១.៤២២​កញ្ចប់ កញ្ឆា​ក្រៀម ៨៩​គីឡូក្រាម និង​១៥​ក្រាម និង ២៣៤.២៨៣​ដើម​។ ករណីនេះ គឺ​បាន​កើន​ឡើង​ជាង​ឆ្នាំ​២០១៦​កន្លងទៅ។

​លោកនាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា រាជរដ្ឋាភិបាល​ថៃ បានសម្រេច​ផ្តល់​ជំនួយឥតសំណង ជាង​៣៨​លាន​បាត​(​ប្រមាណ​១.១៥០.០០០​ដុល្លារ​) ដើម្បី​សាងសង់ មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​។ លោកនាយ​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​ថៃ បាន​សន្យា​បន្ត​សហការ​គ្នា​គ្រប់ពេលវេលា​ក្នុង​ការទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។ លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​ថ្លែង​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំពុង​សាងសង់​មជ្ឈមណ្ឌល​ជាតិ​បន្សាប​គ្រឿងញៀន​ដ៏​ធំ ដោយ​មាន​ទំហំ​ដី​២០​ហិកតា​នៅ​ខេត្ត​ព្រះសីហនុ ហើយ​មិន​យក​សេវា​ពី​អ្នកញៀន ។​

​ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន​ក្រោយ​ពី​ពិធី​ប្រគល់​និង​ទទួល​ជំនួយ​របស់​ព្រះរាជាណាចក្រ​ថៃ សម្រាប់​គម្រោង​កម្ពុជា​-​ថៃ ស្តី​ពី​ការពង្រឹង និង ជម្រុញ​កិច្ចសហប្រតិបត្តិការ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ក្រោម​អធិបតីភាព លោកនាយ​ឧត្តមសេនីយ៍ ប្រា​ជីន ជុន​ទុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថៃ និង​លោក កៅ ខុន​ដា​រ៉ា ប្រធានស្តីទី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។​

​ថ្លែង​នៅក្នុង​ពិធី​នោះ​ដែរ លោក នាយ​ឧត្តមសេនីយ៍ ប្រា​ជីន ជុន​ទុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថៃ​បាន​លើកឡើង​ថា ប្រទេស​ថៃ​គាំទ្រ​ជា​និច្ច ក្នុង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ជាមួយ​កម្ពុជា ក្នុង​ការលុបបំបាត់​និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ហើយ​ថា ថៃ​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​បន្ថែម​ទៀត​នូវ​សម្ភារៈ​ផ្សេងៗ​សម្រាប់​ទប់ស្កាត់​នូវ​គ្រឿងញៀន និង​ឧបករណ៍ សម្រាប់​បន្សាប​គ្រឿងញៀន​។​

​លោក កៅ ខុន​ដា​រ៉ា ប្រធានស្តីទី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​មានប្រសាសន៍ថា ក្នុងពេល​បច្ចុប្បន្ន​នេះ មាន​អ្នកញៀន​ថ្នាំ​នៅ​ប្រទេស​កម្ពុជា​ប្រមាណ​ជាង​២​ម៉ឺន​នាក់ ហើយ​បន្ទាប់​ពី​ធ្វើការ​សាងសង់​នូវ​មជ្ឈមណ្ឌល​ជាតិ​បន្សាប​គ្រឿងញៀន​នេះ​រួចហើយ រំពឹងថា ការព្យាបាល​ជនរងគ្រោះ​ពី​គ្រឿងញៀន នឹង​ទទួល​បាន​ភាព​វិជ្ជមាន​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×