ភ្នំពេញ ៖ ក្រសួងការពារជាតិ បានផ្សាយថា កងកម្លាំងមួកខៀវកម្ពុជា កំពុងបំពេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី នៃកងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ធ្វើការផ្សព្វផ្សាយ ពីការគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជាពិសេសគ្រាប់កែច្នៃ ដែលក្រុមឧទ្ទាមតែងតែដាក់បង្កៃនៅតាមដងផ្លូវ ឬតាមអគារនានា នៅក្នុងតំបន់ ដែលមានជម្លោះផ្ទៃក្នុង នៃប្រទេសម៉ាលី។
ពីសាធារណរដ្ឋម៉ាលី នៅថ្ងៃទី១២ ខែកុម្ភៈនេះ លោកវរសេនីយ៍ឯក លាង សុវណ្ណារ៉ា មេបញ្ជាការកងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ កំពុងបំពេញបេសកកម្មនៅទីនោះ បានឲ្យដឹងថា៖ “កងកម្លាំងកម្ពុជា បានធ្វើការផ្សព្វផ្សាយទៅប្រជាជនម៉ាលី ឲ្យបានយល់ដឹង ពីការគ្រោះថ្នាក់ដោយសារមីន គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់កែច្នៃ“។ លោកបានឲ្យដឹងទៀតថា៖ ប្រជាជន នៃប្រទេសម៉ាលី ពួកគាត់ខ្វះការយល់ដឹង អំពីការគ្រោះថ្នាក់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ។ លោកមេបញ្ជាការកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ បានឲ្យដឹងទៀតថា៖ រយៈពេលជិត១ឆ្នាំ នៃការងារបេសកកម្មអង្គការសហប្រជាជាតិ គឺកងកម្លាំងមួកខៀវកម្ពុជា បានបំពេញការងារទទួលបានជោគជ័យធំៗជាច្រើន ជូនដល់ប្រជាជនម៉ាលី និងបានប្រមូលគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់កែច្នៃ ជាច្រើនពាន់គ្រាប់ ហើយក៏បានធ្វើការកម្ទេចចោលនៅនឹងកន្លែងរួចរាល់ហើយផងដែរ។ លោកបន្តថា៖ បន្ទាប់ពីមានការផ្សព្វផ្សាយជាប្រចាំមក ប្រជាជនម៉ាលី ជាពិសេសកុមារ និងយុវជនបានយល់ដឹងច្រើនពីការគ្រោះថ្នាក់ ហើយក៏បានផ្សព្វផ្សាយបន្តទៅក្រុមគ្រួសាររបស់ពួកគេផងដែរ។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិរក្សាសន្តិភាព និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានឲ្យដឹងថា៖ “បេសកកម្មនៅប្រទេសម៉ាលី គឺមាន២កង គឺកងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺមានចំនួនកម្លាំងសរុប៣០៩នាក់”។ លោកបញ្ជាក់ថា៖ ការបញ្ជូនកម្លាំងរក្សាសន្តិភាពទៅប្រទេសម៉ាលី ដើម្បីជាបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌លើពិភពលោក កម្ពុជាបានរួមចំណែកបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីជួយដល់បណ្តាប្រទេសដែលកំពុងប្រឈម នឹងការគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “កម្ពុជា បានបញ្ជូនកម្លាំងទៅបំពេញបេសកកម្ម គឺកម្ពុជាបានបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការគាំទ្រដល់ប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយជម្លោះ ដ៏ស្មុគស្មាញ និងការពារជនស៊ីវិល ដែលជាភារកិច្ចដ៏សំខាន់បំផុត។
គួរបញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបជិត៦ពាន់នាក់ ក្នុងនោះមានស្ត្រីជិត៣០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ចំនួន៨ប្រទេស។ ដែលបច្ចុប្បន្នកម្ពុជា មានកម្លាំងជិត១.០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងប្រទេសម៉ាលី ៕ ដោយ ៖ កូឡាប