Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ការរៀបចំបង្គន់អនាម័យសម្រាប់សាធារណជន ប្រកបដោយស្ដង់ដា ផាសុកភាព និងរក្សាបាននូវបរិស្ថានស្រស់ស្អាត គឺមានភាពចាំបាច់មិនអាចខ្វះបាន ដើម្បីរួមចំណែកក្នុងការបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តង់ដាបង្គន់សាធារណៈកម្ពុជាស្អាត និងផ្សព្វផ្សាយចលនាប្រឡងប្រណាំង «បង្គន់សាធារណៈកម្ពុជាស្អាតឆ្នាំ២០២៥-២០២៦» សំដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីបង្កើនភាពងាយស្រួល សុវត្ថិភាព ផាសុកភាព ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្តនៅកម្ពុជា តាមរយៈការលើកកម្ពស់ និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្មទេសចរណ៍ជាប់ជាប្រចាំ។ ជាក់ស្ដែង ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលមិនត្រឹមតែចូលរួមដល់ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងផលិតផលទេសចរណ៍នៅតាមបណ្តាទីក្រុង និងទីប្រជុំជននានាប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់កិត្តិនាមកម្ពុជា និងឧត្តមភាពប្រកួតប្រជែងរបស់ទេសចរណ៍កម្ពុជា នៅក្នុងតំបន់ និងសកលលោក តាមរយៈការចូលរួមប្រកួតប្រជែងដណ្ដើមជ័យលាភីស្ដង់ដាកម្រិតអន្តរជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ការរៀបចំបង្គន់អនាម័យសាធារណៈប្រកបដោយស្ដង់ដានេះ គឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់៖ ចំពោះអ្នកប្រើប្រាស់ដែលជាសាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ (ទទួលបានផាសុកភាព និងភាពងាយស្រួល), ចំពោះម្ចាស់អាជីវកម្ម (ទទួលបានអតិថិជនគាំទ្រ និងវាយតម្លៃការផ្ដល់សេវាកម្មល្អ), ក៏ដូចជាសង្គមជាតិកម្ពុជាទាំងមូល (គឺការលើកកម្ពស់សុខុមាលភាពប្រជាជន និងបង្ហាញពីសេចក្ដីថ្លៃថ្នូរ ព្រមទាំង សីលធម៌ល្អ)។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនថា នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជាមានមោទនភាព ដោយទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ចំនួន២០ ក្នុងនោះ កម្ពុជាក៏ទទួលបានពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ានចំនួន៥ ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×