Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣ នៃគម្រោង(CAPFISH-Capture) អំពីសមិទ្ធផលនៃការកែច្នៃផលិតផលជលផលរបស់កម្ពុជា នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ សៀមរាប និងខេត្តកំពង់ចាម បានបិទបញ្ចប់​ដោយជោគជ័យ

ភ្នំពេញ ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា ដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣ អំពីសមិទ្ធផលនៃការកែច្នៃ​ផលិតផលជលផល នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្ត​កំពង់ចាម ដែលរៀបចំធ្វើចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមការដឹកនាំពីលោ​កជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អ្នកសារព័ត៌មាននិងអ្នកផលិតមាតិកាលើបណ្ដាញសង្គម ជាង៤០រូប បាន​ទៅ​ទស្សនានិងផលិតព័ត៌មានអំពីសហគ្រាសកែច្នៃផលិតផលជលផលចំនួន៦រួមមាន៖ ១.សិប្បកម្ម​កែច្នៃផលិតផលជលផល (ម៉្សៅប្រហុក) របស់ក្រុមហ៊ុនខន​ហ្វីរេល ២.សិប្បកម្មកែច្នៃផលិតផលជលផល ចាវ សួស្តី ៣. សិប្បកម្ម Sunny Fish Enterprise ៤.សិប្បកម្ម សំណាង សុធា ៥.សិប្បកម្ម យន់ ស៊ីនួន ៦.សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅ ដែលសិប្បកម្មទាំងនោះ ផ្ដោត​លើ​ការ​ផលិតម្ហូបអាហារ ដែលមានសុវត្ថិភាព និងស្លាកសញ្ញាម៉ាកសម្គាល់​ភូមិសាស្រ្តទំនិញ (GI)។

លោកជំទាវ អ៊ឹម រចនា បានសង្កត់ធ្ងន់ថា ការចូលរួមផ្សព្វផ្សាយពីបងប្អូនអ្នកសារព័ត៌មាន ដែលបានទៅ​ដល់ទីតាំងសហគ្រាសផ្ទាល់ ជាពិសេសបានជួបសម្ភាសជាមួយម្ចាស់សហគ្រាសនិងសិប្បកម្ម ព្រមទាំងតួអង្គពាក់ព័ន្ធ គឺជាការចូលរួមចំណែកផ្ដល់ព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយជូនសាធារណជន ឱ្យស្គាល់កាន់តែច្បាស់ពីផលិតផល​ជលផលរបស់ខ្មែរ ដែលស្តង់ដា អនាម័យ ជាពិសេសធានាគុណភាព និងសុវត្ថិភាពចំណីអាហារ​សម្រាប់​អ្នក​ទទួលទាន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ​​ដល់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការសហការរៀបចំ​ដំណើរទស្សន​កិច្ចសិក្សា​នេះឡើង ដែលរួមមាន៖ អង្គការ UNIDO រដ្ឋបាលជលផល ដោយ​ទ​ទួលបានការគាំទ្រហិរញ្ញប្បទានពីសហភាពអឺរុបប្រចាំនៅកម្ពុជា ព្រម​ទាំង​អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គម ជាង៤០រូប ​ដែលបា​ន​ចូល​រួម​ដំណើរទស្សនកិច្ចនេះតាំងពី​ដើមរហូតដល់ចប់។

ក្រសួងជឿជាក់ថា ការផ្សព្វ​ផ្សាយ​ផលិតផលជលផលក្រោយ​ប្រមូល​ផលនៅក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនេះ នឹងរួមចំណែក​ដល់​ការ​អភិវឌ្ឍ​សហគ្រាសជលផលខ្នាតតូចនិងមធ្យមឲ្យកាន់តែរឹងមាំ ខណៈពេលដែលសហគ្រាសកែច្នៃផលិតផលទាំងនោះ ប្ដេជ្ញាចិត្តពង្រឹងផលិតកម្មរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ផលិតផលស្តង់ដារដែលមានគុណភាពនិងសុវត្ថិភាព សម្រាប់បម្រើទីផ្សារក្នុងស្រុកផង និងឈានឆ្ពោះទៅកាន់ទីផ្សារ​ក្រៅ​ប្រទេស​ផង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×