ប៉ូលិសក្នុងប្រទេសឥណ្ឌាបានចេញប្រតិបត្តិការបង្ក្រាបលើអ្នកផលិតស្រាខុសច្បាប់ បន្ទាប់ពីមនុស្សចំនួន ៨០នាក់ស្លាប់ដោយសារពុលស្រា។
ប៉ូលិសបញ្ជាក់ថា ការស្លាប់នោះកើតឡើង នៅពេលជនរងគ្រោះទាំងនោះផឹកស្រាផលិតខុសច្បាប់ ដែលមានប្រភពតែមួយ ដែលត្រូវបានក្រុមឧក្រិដ្ឋកម្មផលិតឡើងនៅក្នុងរដ្ឋ Uttar Pradesh និង Uttarakhand។
ជនរងគ្រោះភាគច្រើនស្លាប់នៅក្នុងរដ្ឋ Uttar Pradesh ដោយមានចំនួន ៤៤នាក់ និង ៣៦នាក់ទៅនៅក្នុងរដ្ឋ Uttarakhand។
រហូតមកដល់ពេលនេះ ប៉ូលីសបានកំពុងបន្តធ្វើការស៊ើបអង្កេត ហើយមនុស្សចំនួន ៨នាក់ រួមមានអ្នកលក់ ២នាក់ ត្រូវបានចាប់ខ្លួន។
ស្រាខុសច្បាប់ចំនួន ៤០០លីត្រ ត្រូវបានប៉ូលីសរឹបអូសបានក្នុងកំឡុងប្រតិបត្តិការបង្ក្រាបរួមគ្នា នៅក្នុងរដ្ឋទាំងពីរ។
ប៉ូលីសនិយាយថា ក្រុមឧក្រិដ្ឋជនបានធ្វើការបិតស្រាលួចលាក់នៅក្នុងព្រៃ ក្រៅភូមិ ហើយពួកគេបានធ្វើការលាយស្រានៅកន្លែងនោះ៕ សុភ័ក្ត្រ
ប្រភព៖ CNN