សៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានស្នើដល់អាជ្ញាធរខេត្តសៀមរាប ទទួលបាននូវចំណេះដឹង អំពីគោលការណ៍ នីតិវិធីក្នុងការដោះស្រាយទំនាស់ដីធ្លី ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការដោះស្រាយទំនាស់ ក្នុងមូលដ្ឋានរបស់ខ្លួន កាន់តែប្រសើរឡើង ជាសំខាន់ក្នុងការកាត់បន្ថយ នូវទំនាស់ដីធ្លី ដែលធ្លាប់តែកកស្ទះ នៅមូលដ្ឋានកន្លងមក។
សិក្ខាសាលាស្តីពី ការផ្លាស់ប្តូរបទពិសោធន៍លើការងារដោះស្រាយវិវាទដីធ្លី របស់ក្រុមដោះស្រាយវិវាទដីធ្លីចល័ត ដែលមានរយៈពេល ៣ថ្ងៃ ក្រោមអធិបតីភាពលោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និងជាអគ្គលេខាធិការ អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី និង លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានី ខេត្ត អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ ប្រមាណ ១៣០នាក់ចូលរួម នាព្រឹកថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំធំសាលាខេត្តសៀមរាប។
អង្គសិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណង ផ្តល់នូវចំណេះដឹងជូនសិក្ខាកាម ឲ្យបានជ្រាបអំពីបេសកកម្មរបស់មន្ត្រី ក្នុងការសម្របសម្រួលទស្សនៈពលរដ្ឋ ក្នុងការដោះស្រាយទំនាស់ដីធ្លី ហើយក៏ជាការរំលឹកជូននូវទ្រឹស្តី បច្ចេកទេសផ្សេងៗនៃការសើបអង្កេត និង សម្រុះសម្រួលវិវាទដីធី្ល ដែលជាគោលកាណ៍សំខាន់នៃការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ។ សំខាន់ គឺ ចង់ឲ្យសិក្ខាកាមបានយកចំណេះដឹង ដែលទទួលបាននៃវគ្គបណ្តុះបណ្តាលនេះ យកទៅធ្វើការដោះស្រាយវិវាទដីធ្លីនៅតាមមូលដ្ឋានខ្លួន ឲ្យបានចំគោលដៅ ប្រកបដោយប្រសិទ្ធភាព សមភាព និង យុត្តិធម៌ ។
ក្នុងកិច្ចស្វាគមន៍របស់លោក ពិន ប្រាកដ បានលើកឡើងថា រាជរដ្ឋាភិបាល បានរៀបចំតាក់តែង និងដាក់ឲ្យចូលជាធរមាន នូវច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី ។ ទន្ទឹមនឹងការកសាងលិខិតបទដ្ឋាន ដើម្បីជាឧបករណ៍សម្រាប់គ្រប់គ្រងដីធ្លី រាជរដ្ឋាភិបាល ក៏បានបង្កើតយន្តការសម្រាប់ដោះស្រាយ ជាពិសេសគណៈកម្មការសុរិយោដីទាំង បីថ្នាក់ ក្នុងគោលបំណង តាមដាន និងដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ដែលកន្លងមកបានអនុវត្តដោយអន្លើរៗ រួចមកហើយ។
ក្នុងនោះដែរ លោករដ្ឋលេខាធិការ ក៏បានលើកនូវប្រធានបទ និងខ្លឹមសារមួយចំនួន ដើម្បីជាមូលដ្ឋានគ្រឹះ សម្រាប់មន្ត្រីក្រុមការងារ ដោះស្រាយវិវាទដីធ្លីចល័ត យកទៅអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យទទួលបានប្រសិទ្ធភាព ហើយបានធ្វើការណែនាំ និង ផ្តល់នូវបទពិសោធន៍ អនុសាសន៍មួយចំនួន ក្នុងទិសដៅលើការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ គឺ ក្រុមការងារវាស់វែងទាំងអស់មិនត្រូវធ្វើការវាស់វែងលោត ផ្លោះ ចំពោះដីដែលមានវិវាទដូចមុនឡើយ គឺនៅក្នុងពេលធ្វើការវាស់វែង ហើយបានជួបបញ្ហាវិវាទដីធ្លីនោះ គឺត្រូវធ្វើការដោះស្រាយ នៅនឹងកន្លែងឲ្យបានរួចរាល់ ទើបអាចបន្តការវាស់វែងរបស់ខ្លួន ទៅមុខទៀតបាន ក្នុងគោលដៅបញ្ចប់នូវបញ្ហាវិវាទដីធ្លីនេះ ។ ម្យ៉ាង ទៀត ចំពោះបញ្ហាដីធ្លីមួយចំនួន ដែលមានម្ចាស់កាន់កាប់ ហើយមិននៅក្នុងមូលដ្ឋានដែលក្រុមការងារធ្វើប្រតិបត្តិការបានកំពុងអនុវត្ត គឺត្រូវធ្វើការស្រាវជ្រាវ និង ផ្តល់ព័ត៌មានដល់ម្ចាស់ដីឲ្យចូលមកបំពេញឯកសារ លិខិតស្នាម គឺមិនត្រូវទុកចោលដូចមុនឡើយ ដែលធ្វើឲ្យកើតមានបញ្ហាផ្សេងៗ ហើយក៏ជាការបញ្ចប់នូវការចុះបញ្ជីបំពេញបន្ថែមផងដែរ ។ លោកមានសង្ឃឹមយ៉ាងមុតមាំថា អស់ លោក លោកស្រី ជាសិក្ខាកាមនឹងយល់ជ្រួតជ្រាប និង ទទួលបាននូវចំណេះដឹង អំពីគោលការណ៍ នីតិវិធីក្នុងការដោះស្រាយទំនាស់ ដីធ្លី ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការដោះស្រាយទំនាស់ ក្នុងមូលដ្ឋានរបស់ខ្លួនកាន់តែប្រសើរឡើង ជាសំខាន់ក្នុងការកាត់បន្ថយ នូវទំនាស់ដីធ្លី ដែលធ្លាប់តែកកស្ទះនៅមូលដ្ឋានកន្លងមកទៀតផង ៕ ដោយ ៖ កូឡាប