ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំនឹងធ្វើការប្រកាសដាក់ប្រទេសក្នុងគ្រោះអាសន្ន ដើម្បីបានថវិកា ដោយមិនបាច់ឆ្លងកាត់ការអនុម័តរបស់សភា ទៅសាងសង់ជញ្ជាំងព្រំដែន ដែលជាការសន្យារបស់លោកក្នុងកំឡុងយុទ្ធនាការបោះឆ្នោត។
នៅពេលជាមួយគ្នានេះដែរ ត្រាំ នឹងធ្វើការចុះហត្ថលេខាលើច្បាប់សន្តិសុខព្រំដែន ដើម្បីឲ្យរដ្ឋាភិបាលបានដំណើរការ។
ជុំវិញគំរោងប្រកាសដាក់អាមេរិចក្នុងគ្រោះអាសន្នរបស់ត្រាំនេះដែរ មន្ត្រីជាន់ខ្ពស់របស់បក្សប្រជាធិបតេយ្យ បានឆ្លើយតបដោយធ្វើការចោទប្រកាន់លោក ត្រាំថារំលោភអំណាចទាំងស្រុង និងជាសកម្មភាពខុសច្បាប់។
ការកសាងជញ្ជាំងព្រំដែនអាមេរិចជាមួយនឹងប្រទេសមិចស៊ិចកូគឺជាការសន្យាសំខាន់របស់លោក ក្នុងយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំ ២០១៦។
ប៉ុន្តែក្នុងនាមជាប្រធានាធិបតី រហូតមកដល់ពេលនេះ លោកមិនទាន់បានទទួលថវិការចាំបាច់ក្នុងការចំណាយលើជញ្ជាំងព្រំដែននោះទេ។
កាលពីពេលថ្មីៗនេះ សភាបានអនុម័យថវិការត្រឹមតែ ១,៣ពាន់លានដុល្លារប៉ុណ្ណោះ ដើម្បីបើកដំណើរការរដ្ឋាភិបាលវិញ ដែលថវិការនោះសម្រាប់ចំណាយលើបញ្ហាសន្តិសុខព្រំដែន ប៉ុន្តែមិនមានកញ្ចប់ថវិការដែលលោក ត្រាំទាមទារនោះទេ។
លោកត្រាំ ចង់បានកញ្ចប់ថវិកាចំនួន ៥,៧ពាន់លានដុល្លារ សម្រាប់ចាយលើជញ្ជាំងព្រំដែន៕ សុភ័ក្ត្រ
ប្រភព៖ BBC