មនុស្សចំនួន ៥នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារនៅតំបន់ឧស្សាហ៍កម្មមួយកន្លែងស្ថិតក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិច។
នៅក្នុងហេតុការណ៍នោះ ខ្មាន់កាំភ្លើងក៏ត្រូវប៉ូលីសបាញ់សម្លាប់ផងដែរ។ មនុស្សជាច្រើននាក់ទៀត រងរបួសផងដែរ រួមទាំងប៉ូលីស ៥នាក់។
ការបាញ់ប្រហារនោះកើតឡើងនៅតំបន់ Aurora ដែលមានចំងាយប្រមាណ ៦៥គីឡូម៉ែត្រ នៅភាគខាងលិចទីក្រុង Chicago ស្ថិតក្នុងរដ្ឋខាងលើ។
ការបាញ់ប្រហារនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពេលអាមេរិចរំលឹកខួបមួយឆ្នាំ នៃការបាញ់ប្រហារនៅទីក្រុង Parkland ស្ថិតក្នុងរដ្ឋ Florida ដែលបណ្តាលឲ្យមនុស្សចំនួន ១៧នាក់ ស្លាប់បាត់បង់ជីវិត។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការបាញ់ប្រហារកាលពីថ្ងៃសុក្រនេះកើតឡើងនៅក្នុងក្រុមហ៊ុន Henry Pratt ដែលជាក្រុមហ៊ុនផលិតបំពងទីបទឹកធំៗ។
ប៉ូលីសបញ្ជាក់ថា ខ្មាន់កាំភ្លើងមានឈ្មោះថា Gary Martin អាយុ ៤៥ឆ្នាំ ហើយធ្លាប់ជាបុគ្គលិកនៅក្រុមហ៊ុននោះ។
មន្ត្រីប៉ូលីសបានបដិសេធមិនទាន់ធ្វើការអះអាងពីមូលហេតុដែលបណ្តាលឲ្យមានការបាញ់ប្រហារនោះ ប៉ុន្តែកាសែត Suntimes បានរាយការណ៏ថា គ្រួសាររបស់ខ្មាន់កាំភ្លើងបញ្ជាក់ថា គាត់មានសម្ពាធផ្លូវចិត្ត៕ សុភ័ក្ត្រ
ប្រភព៖ BBC