ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិក បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៥ ខែមីនា ដោយបានលើកឡើងថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។
បើតាមស្ថានទូតសហរដ្ឋអាមេរិក (U.S. Embassy Phnom Penh, Cambodia) បានបញ្ជាក់ថា “តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែមកហើយ? វាមានរយៈពេល ៥៣០ ថ្ងៃនៃការជាប់ឃុំ។ គាត់ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។ មិនមានភស្តុតាងណាមួយប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់ការកំណត់បើកសវនាការកាត់ទោសគាត់ដែរ។ គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌។ តើអ្នកកំពុងមើលឃើញរូបភាពរួមទេ”។
ប្រភពពីហ្វេសប៊ុកមេធាវី សុភាវី បានសរសេរថា លោក កឹម សុខា ត្រូវបានដោះលែងពីការឃុំខ្លួននៅត្រពាំងផ្លុង ដោយអនុញ្ញាតឲ្យមករស់នៅក្នុងលំនៅដ្ឋានរបស់គាត់វិញ ប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌដែលកំណត់ដោយចៅក្រមដូចជា: មិនអនុញ្ញាតឲ្យចេញពីព្រំប្រទល់ដែនដី ដែលកំណត់ដោយចៅក្រមស៊ើបសួរ គឺគាត់អាចដើរបានតែនៅជិតៗផ្ទះគាត់ប៉ុណ្ណោះ ក្នុងករណីគាត់ចង់ទៅឆ្ងាយជាងនេះដោយសារហេតុផលសុខភាពត្រូវសុំការអនុញ្ញាតពីចៅក្រម។ មិនឲ្យជួបអតីតថ្នាក់ដឹកនាំcnrp មិនឲ្យជួបជនបរទេស ជាពិសេសជបបរទេស ដែលអាចមានការពាក់ព័ន្ធក្នុងសំណុំរឿង។ មិនឲ្យធ្វើសកម្មភាពជួបជុំក្នុងគោលដៅនយោបាយ…។ សរុបមកគឺគ្រាន់បើជាងឃុំនៅក្នុងពន្ធនាគារបន្តិច។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់អធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ។ លោក កឹម សុខា ត្រូវបានតុលាការបញ្ជូន ទៅពន្ធនាគារត្រពាំងផ្លុងភ្លាមៗ ក្រោមការចោទ ប្រកាន់ពីបទសន្ទិដ្ឋិភាព ជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។
កាលពីខែមីនា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា ជា បណ្តោះ អាសន្នរយៈពេល៦ខែ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម ចំពោះបទល្មើស លោក កឹម សុខា។ លោក កឹម សុខា ត្រូវបានដោះលែងចេញពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង៣ព្រឹក ចូលថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
បើយោងតាមដីកាបង្គាប់ ឲ្យដោះលែងរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានផ្ទេពីការឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង មកស្នាក់នៅក្នុងគេហដ្ឋានរបស់លោកវិញ៕ ដោយ ៖ បញ្ញាស័ក្តិ