Sunday, November 28, 2021

នៅសល់តែ​១៤​ថ្ងៃ​ទៀត ប្រាក់ខែ​អប្ប​បរិ​មា របស់​កម្មករ នឹង​ឡើងដល់ ១៧០ ដុល្លារ

​ភ្នំពេញ​៖​ក្នុងឱកាស​អញ្ជើញ​ជួប​តំណាង​កម្មករ​ជាង​៤​ពាន់​នាក់ នា​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ​នេះ នៅ​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា នៅសល់តែ​១៤​ថ្ងៃ​ទៀត ប្រាក់ខែ​ជា​អប្ប​បរិ​មា​របស់​កម្មករ​កម្មការិនី រោងចក្រ​កាត់ដេរ​និង​ស្បែកជើង នឹង​ឡើងដល់ 170 ដុល្លារ រួម​ជាមួយនឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត កើនឡើង​ដល់​ជាង​២០០​ដុល្លារ​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា “​រាជរដ្ឋាភិបាល​បាន​ខិតខំ​ធ្វើការ​ច្រើនណាស់ ដើម្បី​កូនក្មួយ​បានទទួល​ប្រាក់ខែ​ថ្មី​នេះ​។ ជាការ​ពិត ម្ចាស់​រោងចក្រ​មានលទ្ធភាព​ដោះស្រាយ​បានតែ $165 ប៉ុណ្ណោះ​។ ប៉ុន្តែ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ៤០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ (​ដែលជា​ប្រាក់​បានមកពី​ការព្យួរ​ពន្ធ​កាត់​ទុក និង​កម្រៃ​នៃ​សេវា​នាំចេញ​) ដើម្បី​បន្ថែម​ជួយ​កូន ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន 5​ដុល្លារ ទើប​ប្រាក់ខែ​កូនក្មួយ​នៅក្នុង​ឆ្នាំ​២០១៨ គឺ​ទទួលបាន 170​ដុល្លារ​។ នេះ​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន​។ ប្រាក់ខែ​កូនក្មួយ​នឹង​បន្ត​ឡើងជា​រៀងរាល់ឆ្នាំ​។ ពូ​សប្បាយចិត្ត និង​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ប្រាក់ខែ​ថ្មី​របស់​កូនក្មួយ​ក្នុង​ឆ្នាំ ២០១៨”​។​

​នៅ​ចំពោះមុខ​តំណាង​កម្មករ កម្មការិនី​ជាង​៤​ពាន់​នាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា នេះ​ជាការ​ជួប​សំណេះសំណាល​លើក​ទី​២៣​ហើយ ហើយ​ជួប​ថ្ងៃនេះ គឺ​កម្មករ​កម្មការិនី មកពី​ទឹកដី​ខេត្តកំពង់ស្ពឺ ដែលមាន​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក និង​មេក្រុម មកពី​បណ្តា​រោងចក្រ​ផ្សេងៗ​គ្នា ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ លក្ខខណ្ឌ​ការងារ ទំនាក់ទំនង​រវាង​ក​ម្មករ​និយោជិត ជាមួយ​និយោជក និង​សំណូមពរ​នានា ដើម្បី​ឲ្យ​ការងារ និង​ជីវភាព​រស់នៅ​របស់​ក​ម្មករ​កម្មការិនី​កាន់តែ​ល្អប្រសើរ​៕ ដោយ​៖​កូ​ឡាប​