ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានលើកឡើងថា កម្លាំងនគរបាលជាតិ និងភ្នាក់ងារសន្ដិសុខឯកជន ត្រូវមានកិច្ចសហការគ្នាល្អ ដើម្បីចូលរួមថែរក្សាសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងធុរកិច្ចជន ដែលមកធ្វើវិនិយោគនៅកម្ពុជា។
ក្នុងកិច្ចប្រជុំដកពិសោធន៍ការងារសន្ដិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ទាំងកម្លាំងសមត្ថកិច្ច និងភ្នាក់ងារសន្ដិសុខឯកជន មិនអាចខ្វះគ្នាបាននោះទេ ហើយពឹងផ្អែកលើកម្លាំងសមត្ថកិច្ចតែមួយមុខមិនគ្រប់គ្រាន់ឡើយ។ “កត្ដាសំខាន់ដើម្បីឲ្យដំណើរការធុរកិច្ចមានសុវត្ថិភាពល្អ ត្រូវតែមានកិច្ចការពារគ្រប់រូបភាព គ្រប់មធ្យោបាយ សម្រាប់ឲ្យដំណើរការរបស់ពួកគាត់មានភាពកក់ក្ដៅ និងមិនមានការភ័យខ្លាច។ នេះជាចំណុចមួយធំណាស់ដែលយើងគិតថា ពួកគាត់ត្រូវការទាំងសមត្ថកិច្ចនគរបាល ត្រូវការទាំងកម្លាំងសន្ដិសុខឯកជន” លោក នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានលើកឡើងដូច្នេះ។
នាយឧត្តមសេនីយ៍ បានថ្លែងថា ភ្នាក់ងារសន្ដិសុខឯកជន បានចូលរួមសហការ ជាមួយកម្លាំងសមត្ថកិច្ចបានយ៉ាងល្អប្រសើរ និងត្រូវរាយការណ៍ជូនសមត្ថកិច្ច នៅពេលមានហេតុការណ៍អ្វីកើតឡើង នៅក្នុងភូមិសាស្ដ្ររបស់ខ្លួន ដើម្បីមានវិធានការណ៍អន្ដរាគមន៍ភ្លាមៗ ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការនគរបាលជាតិ បានថ្លែងថា ភ្នាក់ងារសន្តិសុខឯកជន សរុបចំនួន២៧១៩០នាក់ ក្នុងនោះក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ២៤៤ក្រុមហ៊ុន មានភ្នាក់ងារសន្ដិសុខ ចំនួន១៣៤៨៥នាក់ និងសហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារ សន្ដិសុខឯកជន ១៧៨៦ទីតាំង មានភ្នាក់ងារសន្ដិសុខឯកជនចំនួន១៣៧០៥នាក់ ៕ ដោយ ៖ បញ្ញាស័ក្តិ