ភ្នំពេញ ៖ ស្ដ្រីម្នាក់ជាកម្មការិនីរោងចក្រ ត្រូវបានគេសម្លាប់នៅក្នុងបន្ទប់ជួលរហូតឡើងស្អុយជះក្លិនចេញមកក្រៅបន្ទប់ ទើបមានការភ្ញាក់ផ្អើល ហើយបច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនឃាតករ ហើយបានដាក់ការសង្ស័យថាទំនងជាប្តឹងរបស់នាង ជាអ្នកប្រព្រឹត្ត។
មន្ដ្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា សពស្ដ្រីរងគ្រោះ ឈ្មោះ ព្រីម បូផា អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ QMI ក្នុងខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ ព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ សពរបស់ជនរងគ្រោះត្រូវបានប្រទះឃើញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី៣ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ ជា សោភា បានឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធមានកូនពីរនាក់ មិនស្គាល់អត្តសញ្ញាណស្នាក់នៅបន្ទប់ជួលលេខ៤២ ជាន់ទី៣ ប្រហែលពីសប្ដាហ៍មកហើយ ហើយពីរនាក់ប្ដីប្រពន្ធនេះមានការឈ្លោះប្រកែកគ្នារហូត ដោយឡែកថ្ងៃកើតហេតុខាងលើអ្នកជួលនោះ មិនទាន់បានឲ្យលុយថ្លៃបន្ទប់ ខ្លួនបានឡើងមកមើលឃើញបន្ទប់នោះចាក់សោសូលិចពីខាងក្រៅ ហើយមានធំក្លិនស្អុយ ទើបខ្លួនបានហៅឪពុកបង្កើត មកជួយកាត់មេសោរ ក្រោយពីកាត់សោរួចទើបដឹងថា មានមនុស្សដេកស្លាប់នៅក្នុងបន្ទប់ជួល។
បើតាមមន្ដ្រីនគរបាល សពជាស្ត្រីមានសភាពហើមស្អុយ មានរយះត្រចៀកខាងឆ្វេងមុខខ្មៅ ហើមរលួយ ស្លៀកខោអាវពណ៌ត្រួយចេកមួយឈុត មានខ្នើយគ្របមុខ សណ្ដូកជើងក្បាលទៅជញ្ជាំងសណ្ដប់ភួយ។ សន្និដ្ឋានតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានឲ្យដឹងថា សពស្លាប់ ដោយសារអំពើឃាតកម្ម៕ ដោយ ៖ បញ្ញាស័ក្តិ