ខេត្តស្វាយរៀង ៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគាជាតិនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ១៤កើតខែមាឃឆ្នាំចសំរឹទ្ធិស័កព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែកម្ភះ ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាបានពង្រឹងសមត្ថភាពសាខារាជធានី-ខេត្តជាបន្តបន្ទាប់ ទាំងនេះដោយសារកត្តា សុខសន្តិភាពនិងស្ថិរភាពនយោបាយយ៉ាងរឹងមាំក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចមានរីកចម្រើនយ៉ាងឆាប់រហ័ស ជាក់ស្តែងនៅថ្ងៃនេះ អគារធនាគារជាតិនៃកម្ពុជា សាខាខេត្តស្វាយរៀងត្រូវបានកសាងឡើង និងដាក់ឱ្យដំណើរការ នៅពេលនេះគឺជាសមិទ្ធផលថ្មីដែលចូលរួមកាន់តែសកម្មថែមទៀត ក្នុងការរីកចម្រើនសេដ្ឋកិច្ច ក៏ដូចជាលើកសោភ័ណភាពខេត្ត នឹងជាឃ្លាំងយ៉ាងរឹងមាំក្នុងការ សម្រួលចរាចរណ៍សាច់ប្រាក់ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
លោក ជា ចាន់តូ បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងសម្ពោធអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលចូលរួមផងដែរពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីប្រតិភូធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ និងលោក លោកស្រី អភិបាលក្រុង/ស្រុកទាំង៨ សិស្សានុសិស្សវិទ្យាល័យស្វាយរៀង និស្សិតមណ្ឌលសិក្សាបច្ចេកទេសធនាគារ យុវជនសសយក.ខេត្ត យុវជនកាយរឹទ្ធ យុវជនកាកទបាទក្រហម និងមន្ត្រីរាជការក្នុងខេត្តសរុបប្រមាណ៦០០នាក់។
នៅក្នុងឪកាសនេះលោក ម៉ែន វិបុល អភិបាលខេត្តបានថ្លែងពីស្ថានភាព ភូមិសាស្ត្រនិងការរីកចម្រើនរបស់ខេត្តស្វាយរៀង និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋក្នុងវិស័យ ផលិតកម្មកសិកម្ម និងដំណាំកសិ-ឧស្សាហកម្ម ដោយអនុវត្តតាមយុត្តិសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើអោយខេត្តស្វាយរៀងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ ។
លោកបានបន្តទៀតថា ៖ ក្នុងនាមអភិបាលខេត្តស្វាយរៀង លោកសូមចូលរួមអបអរសាទរពិធីសម្ភោធដាក់ អោយដំណើរការអាគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀងដែលកន្លងមកបាន ចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការសហការសម្របសម្រួលលើផ្នែកក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌបច្ចេកទេសធ្វើអោយវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងខេត្តមានដំណើរការដោយរលូន ស្តែងឡើងតាមរយះការបោះទីតាំងធ្វើសកម្មភាពក្នុងវិស័យនេះមានរហូតដល់៧៦កន្លែងនៅទូទាំងខេត្តស្វាយរៀង។
គួររំលឹកឡើងវិញថា ៖ ប្រវត្តិសង្ខេបសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀងៈ ក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ លើរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៩ ដោយយកអគារចាស់ដែលធ្វើប្រតិបត្តិការឥណទានក្នុងសម័យសាធារណៈរដ្ឋខ្មែរ (១៩៧០-១៩៧៥) ដែលមានសភាពប្រេះទ្រុឌទ្រោមយកមកធ្វើជាអគារធនាគារ។ កាលនោះមានឈ្មោះថា ធនាគារជាតិនៃប្រជាជនកម្ពុជាខេត្តស្វាយរៀង ដែលមានទីតាំងនៅភូមិលេខ៣ ឃុំលេខ១ ទីរួមខេត្តស្វាយរៀង មានមន្ត្រី-បុគ្គលិកសរុបចំនួន១៥នាក់តែប៉ុណ្ណោះ។ ពេលនោះធនាគារពុំទាន់មានសកម្មភាពនិងធ្វើប្រតិបត្តិការនៅឡើយទេមន្ត្រី-បុគ្គលិកពុំទាន់មានប្រាក់បៀវត្សរ៍ ប្រចាំខែមានតែរបបឧបត្ថម្ភជាអង្ករប្រេងកាតសាប៊ូ និងបារី ។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ រូបិយវត្ថុជាតិថ្មីត្រូវបានបោះផ្សាយ និងដាក់ឲ្យធ្វើចរាចរឡើងវិញ នៅពេលនោះ ធនាគារជាតិនៃប្រជាជនកម្ពុជាខេត្តស្វាយរៀង បានចាប់ផ្តើមអនុវត្តសកម្មភាព និងធ្វើប្រតិបត្តិការ ដោយផ្ទាល់ ដើរតួនាទីជាភ្នាក់ងារកេណ្ឌប្រមូលប្រាក់បញ្ញើសញ្ជ័យ ជាបេឡារបស់រដ្ឋ ផ្តល់ឥណទានរយៈពេលខ្លី និងឥណទានរយៈពេលវែង ឲ្យខ្ចីទៅលើវិស័យកសិកម្មស្តារដីអាជីវកម្ម ពាណិជ្ជកម្ម និងសិប្បកម្ម។
ដោយឃើញពីការអភិវឌ្ឍន៍នៃប្រទេសជាតិរដ្ឋាភិបាលក៏បានធ្វើកំណែទម្រង់សេដ្ឋកិច្ចពីរបបសេដ្ឋកិច្ច ផែនការប្រមូលផ្តុំទៅជារបបសេដ្ឋកិច្ចទីផ្សារសេរីវិញ នៅពេលនោះប្រព័ន្ធធនាគារក៏ត្រូវបានចាប់ផ្តើមធ្វើ កំណែ ទម្រង់ផងដែរ។ ធនាគារជាតិនៃប្រជាជនកម្ពុជាខេត្តស្វាយរៀង បានប្តូរឈ្មោះទៅជា ធនាគារឯកទេស ខេត្តស្វាយរៀង វិញក្នុងឆ្នាំ១៩៨៩ ដោយធ្វើសកម្មភាពតាមរបបស្វ័យភិបាល សេដ្ឋកិច្ច នៅក្នុងដែនដីរបស់ខ្លួន ដើម្បីបំពេញមុខងារក្នុងការជួយស្តារឡើងវិញនូវមុខរបរកសិកម្ម ពាណិជ្ជកម្ម និងសិប្បកម្ម។ ដោយមានការរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងអនុវត្តតាមកម្មវិធីកំណែទម្រង់ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលប្រើប្រាស់ប្រពន្ធ័ធនាគារសម្រាប់បើកប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធនិងដើម្បីលើកកម្ពស់ជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធធនាគារ។ ដូចនេះឯកឧត្តមអគ្គទេសាភិបាល និងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានសម្រេចធ្វើការសាងសង់អគារថ្មី ក្នុងឆ្នាំ១៩៨៨ ជំនួសអគារឥណទានចាស់ ដែលមានសភាពទ្រុឌទ្រោម ។
ក្រោយពីសាងសង់រួចក្នុងឆ្នាំ១៩៨៩ ក៏បានប្តូរទីតាំងធនាគារចាស់ ដែលស្ថិតនៅភូមិលេខ៣ ឃុំលេខ១ ទីរួមខេត្ត ផ្ទេរមកនៅភូមិសាលាស្រុកចាស់ សង្កាក់ព្រៃឆ្លាក់ក្រុងស្វាយរៀងខេត្តស្វាយរៀង ដែលជាសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង មានទំហំដី ២,៥៣៥ម២និងអគារទីស្នាក់ការទំហំ ៦៦៨ម២ ៕ ដោយ ៖ វ៉ៃកូ