សៀមរាប ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអនុញ្ញាឲ្យលោក Roger Reynolds ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អង្គរ វ៉ាយដ៏ឡាយហ្វ៍ និង អីឃ្វារៀម ចូលជួបសម្តែងការគួរសម និង បង្ហាញអំពីគម្រោង ជលវប្បដ្ឋាន ត្រីទឹកសាប និង ទឹកប្រៃ ព្រមទាំងជម្រកអភិរក្សសត្វ នៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី១៨ខែកុម្ភៈ ។
រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា តាមការបញ្ជាក់ និងបង្ហាញរបស់លោក Roger Reynolds បានឲ្យដឹងថា គម្រោងនេះ ក្រោមកម្រងក្រុមហ៊ុន សហកម្មសិទ្ធិ ដោយមានភាគហ៊ុនវិនិយោគខ្មែរ ,អាមេរិក និង ជប៉ុនរួមសហការគ្នា ហើយ គម្រោងនេះវិនិយោគសាងសង់ ជលវប្បដ្ឋាន ត្រីទឹកសាប និង ទឹកប្រៃ ព្រមទាំងជម្រកអភិរក្សសត្វព្រៃដ៏កម្រ ដែលនឹងជិតផុតអស់ ពីភពផែនដី នៅលើផ្ទៃដីប្រមាណ ១០០ហិកតា ដោយប្រើប្រាស់ទុនសរុប ៧០លានដុល្លាអាមេរិក ។
លោកក៏បានគូសបញ្ជាក់ថា គម្រោងនេះ ត្រូវចែកចេញជាបីដំណាក់កាល ហើយក្នុងដំណាក់កាលទី១នេះ ប្រើប្រាស់ថវិកា ២០លានដុល្លារ ដែលនឹងគ្រោងបើក ការដ្ឋាន ក្នុងខែ មីនា ឆ្នាំ២០១៩នេះ នឹង បើកឲ្យដំណើរការនៅចុងឆ្នាំ២០២០ ។ ក្នុងគម្រោងនៃដំណាក់ការទី១នេះ ក៏ជាការត្រៀម ធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានបន្តស្នាក់នៅខេត្តសៀមរាប។ លោកបន្តទៀតថា បន្ទាប់ពីការអនុវត្តលើគម្រោង ទាំងមូលបានបញ្ចប់នោះ គម្រោងបន្តផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយបានផ្តល់នូវការងារដល់ប្រជាពលរដ្ឋទៀតផង ។ ម្យ៉ាងទៀត គម្រោងនេះ គឺមិនត្រឹមតែធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប៉ណ្ណោះទេ គឺ ផ្តល់នូវការអប់រំដល់ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ អំពី បរិស្ថាន និង ការអភិរក្សប្រភពធនធានធម្មជាតិ តាមរយៈការបង្ហាញនូវរូបភាពឯកសារ អំពីប្រភេទមច្ឆាក្នុងទឹកដ៏កម្រ ដល់សិស្ស និស្សិត និង ប្រជាពលរដ្ឋ សំខាន់ភ្ញៀវទេសចរណ៍បរទេស បានទស្សនា សិក្សាស្វែងយល់ អំពីធនធានធម្មជាតិនៅកម្ពុជា ។
លោក ទៀ សីហា ក៏បានបញ្ជាក់ថា នេះជាសមិទ្ធិផលថ្មីមួយរបស់ខេត្តសៀមរាប ដែលបានធ្វើ ការទន្ទឹងជាយូមកហើយ ចំពោះការបង្កើតឲ្យមានមជ្ឈមណ្ឌល ជលវប្បដ្ឋាន ត្រីទឹកសាប និង ទឹកប្រៃ និង ជម្រកអភិរក្សាសត្វ ក្នុង ការបម្រើនូវសេចក្តីតម្រូវ ការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង ការបង្កើននូវការស្នាក់នៅក្រុងសៀមរាបបានយូថ្ងៃផងដែរ ។ ក្នុងនោះដែរលោក ក៏បានធ្វើការណែនាំមួយចំនួន ព្រមទាំងលើកនូវមតិល្អៗ ចំពោះក្រុមហ៊ុន គឺ សូមឲ្យក្រុមហ៊ុន ធ្វើកិច្ចសហការជាមួយបណ្តាមន្ទីរ អង្គភាព និង អាជ្ញាធរពាក់ព័ន្ធ ហើយកត្តាសំខាន់នោះ គឺការធ្វើពាក្យសុំច្បាប់សាងសង់ឲ្យបានត្រឹមត្រូវជាមុន ព្រមទាំងធ្វើការត្រួត ពិនិត្យឡើងវិញ នូវទីតាំងរបស់គម្រោង អំពីទីទួលបុរាណដ្ឋាន ដើម្បីចៀសវាងក្នុងពេលកំពុងដំណើរការសាងសង់ទៅ មានការរំខាន ធ្វើឲ្យមានការយឺតយ៉ាវរបស់គម្រោងនេះ ។
លោកបានបន្តថា នៅកម្ពុជា គឺមានត្រីប្រមាណ១ពាន់ប្រភេទ ដែលប្រជាពលរដ្ឋ យើង ក៏ដូចជាភ្ញៀវទេសចរ ពុំដែលបានស្គាល់។ ដូច្នេះឯកឧត្តម គាំទ្រលើគម្រោង ជលវប្បដ្ឋាន ត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វនៅខេត្តសៀមរាបនេះ ព្រោះបានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ មានការងារធ្វើ និងធ្វើឱ្យសិស្ស និស្សិត រួមទាំងភ្ញៀវទេសចរបានទស្សនា សិក្សាឈ្វេងយល់ អំពីធនធានមច្ឆា ទឹកសាប ក៏ដូចទឹកប្រៃ និងសត្វព្រៃនៅកម្ពុជា ៕ ដោយ ៖ កូឡាប