សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបានក្រុមជនសង្ស័យរបស់ជនជាតិចិនចំនួនពីរក្រុម ដែលបានបាញ់បោះដោយសេរី និងបានដកហូតបានកាំភ្លើងចំនួន១៣ដើម ក្នុងនោះកាំភ្លើងខ្លី១១ដើម និងកាំភ្លើងវែង២ដើម។
បើតាមទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហោះផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១២ ខែកញ្ញាថា សមត្ថកិច្ចជំនាញបង្ក្រាបបានក្រុមជនសង្ស័យដែលពាក់ព័ន្ធនឹងករណីបាញ់បោះគ្នាដោយសេរីកាលពីយប់អធ្រាត្រ នៅហាងបាយក្នុងតំបន់ឆ្នេរអូរឈើទាល បានចំនួន៤៧នាក់ ក្នុងនោះជនជាតិចិន៣៥នាក់ នេប៉ាល់៤នាក់ និងខ្មែរ៨នាក់ ហើយបានដកហូតអាវុធវែងខ្លី១៣ដើម រួមទាំងគ្រាប់កាំភ្លើង គ្រឿងញៀន និងរថយន្ត០៥គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការបាញ់គ្នារវាងក្រុមជនជនជាតិចិនទាំងពីរក្រុមនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕រក្សាសិទ្ធដោយ៖សុទ្ធលី




