ភ្នំពេញ៖ខេត្តជាំងស៊ូនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានដាក់សម្ពោធមហោស្រពទស្សនីយភាព ល្ខោនសណ្តែកក្រហម នៅក្នុងទិវាសប្តាហ៍វប្បធម៌ របស់ខ្លួន នៅកម្ពុជា។
សប្តាហ៍វប្បធម៌ខេត្តជាំងស៊ូ នឹងប្រារព្ធធ្វើក្នុងប្រទេសកម្ពុជា នាទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់២៤ ខែកុម្ភៈឆ្នាំ២០១៩ ដើម្បីឆ្លើយតបនឹងគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវាត់មួយ។
ក្នុងពិធីសម្ពោធមហោស្រពទស្សនីយភាពរបាំ ក្នុងទិវាសប្តាហ៍វប្បធម៌ខេត្តជាំងស៊ូ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមហោស្រពកោះពេជ្រ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា ៖ ឆ្នាំ២០១៩នេះ គឺជាឆ្នាំដ៏ប្រពៃបន្ថែមមួយកម្រិតទៀត នៃមិត្តភាពដែកថែប រវាងកម្ពុជានិងចិន ដែលប្រមុខដឹកនាំ នៃប្រទេសយើងទាំងពីរ បានកំណត់យកថាជាឆ្នាំវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន។ លើសពីនេះឆ្នាំ២០១៩ ជាការចាប់ផ្តើមនៃគីឡូម៉ែត្រថ្មី នៃសករាជទំនាក់ទំនង រវាងកម្ពុជានិងចិន លើការបន្សាយុទ្ធសាស្ត្រខ្សែក្រវាត់១ ផ្លូវ១ និងយុទ្ធសាស្ត្រចតុកោណ។
ចាប់តាំងពីឆ្នាំ២០១៣មក ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងសកម្ម ជាមួយប្រទេសចិន លើការអនុវត្តយុទ្ធសាស្ត្រខ្សែក្រវាត់១ផ្លូវ១ ក្នុងគោលបំណង សម្រេចឱ្យបាននូវសហគមន៍រួមគ្នា ជោគវាសនាតែមួយ ដើម្បីផ្តល់ផលប្រយោជន៍ កាន់តែច្រើនបន្ថែមទៀត ដល់ប្រជាជាតិ នៃប្រទេសយើងទាំងពីរ។
លោកបានបន្តថា វិនិយោគិន និងទេសចរជនជាតិចិន ជាពិសេស វិនិយោគិន និងទេសចរខេត្តជាំងស៊ូ បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងពង្រឹងពង្រីកថែមទៀត នូវចំណងទាក់ទងជាមេត្រីភាព និងមិត្តភាពរវាងប្រជាជាតិយើងទាំងពីរ ដែលមានតាំងពីបុរាណកាលមក។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានលើកឡើងថា៖ ខេត្តជាងស៊ូ គឺជាខេត្តសេដ្ឋកិច្ចមួយ ដែលរីកចម្រើនៅតំបន់ឆ្នេរសមុទ្រ ភាគខាងកើត នៃប្រទេសចិន ហើយជាខេត្តមួយ ក្នុងចំណោមខេត្តរីកចម្រើនបំផុត នៅក្នុងប្រទេសចិនតាំងពីសម័យបុរាណ។ ជាពិសេសចាប់តាំងពីការកំណែទម្រង់ និងការបើកចំហរបស់ប្រទេសចិន ខេត្តជាំងស៊ូ តែងតែឈានមុខគេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយក្នុងរយៈ ៤០ ឆ្នាំ ជាប់គ្នា នៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យការរស់នៅ របស់ប្រជាជន ក្នុងទីក្រុងនិងជនបទមានការផ្លាស់ប្តូរ និងស្ថិតនៅលំដាប់ជួរមុខគេ ។ ឆ្នាំ ២០១៨ ផលិតផលក្នុងខេត្តបាំងស៊ូ សរុបបានកើនឡើងដល់ ៩.២៦ពាន់លានយ័ន។ តាមរយៈការតាំងពិព័រណ៍ “ជំនួបអ៊ូស៊ី” ក្នុងសប្តាហ៍វប្បធម៍ខេត្តជាំងស៊ូ យើងអាចមើលឃើញ លក្ខណៈពិសេសនៃវប្បធម៌ ទីក្រុងខេត្តជាំងស៊ូ និងសមិទ្ធផលកំណែទម្រង់ និងការបើកចំហអស់រយៈពេល ៤០ឆ្នាំមកនេះ ។
លោកបន្តថា បន្ថែមពីលើសេដ្ឋកិច្ចខេត្តជាំងស៊ូ ក៏មានវប្បធម៌ជាទីមោទនភាពផងដែរ។ រចនាបថជំនាន់អ៊ូ និងហាន ដែលមានរួមបញ្ចូលធាតុទាំងខាងជើង និងខាងត្បូង គឺមានគ្រឹះយ៉ាងជ្រាលជ្រៅ។ ភាពទាក់ទាញនៃទេសភាពភាគខាងត្បូងដ៏សម្បូរបែប ជាបេតិកភណ្ឌអរូបី ដែលបានបង្ហាញពីតំបន់ និងលក្ខណៈពិសេសរបស់ខេត្ត។
លោកទូត បានបញ្ជាក់ថា ការបង្ហាញរបាំ“សណ្តែកក្រហម នៃប្រទេសភាគខាងត្បូង” គឺជាប្រធានបទទាក់ទងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាស្នាដៃសិល្បៈពិតប្រាកដនិយម។ តាមរយៈការសំដែង និងតាំងពិព័រណ៍ ក្នុងសប្តាហ៍វប្បធម៌ជាំងស៊ូ” គឺយើងទាំងអស់គ្នា អាចមើលឃើញរូបចម្លាក់តុក្កតាដីឥដ្ឋហួយសាន ឬស្សីធ្លាក់ ក្រដាសសែន ក្រណាត់ប៉ាក់ ក្រដាសកាត់និងឧបករណ៍ភ្លេងជាដើម និងអាចជួបជជែក ជាមួយអ្នកស្នងមរតកទាំងនេះ ដោយផ្ទាល់។
លោកបានលើកឡើងថា “ប្រទេសចិននិងកម្ពុជា គឺជាមិត្តល្អនិងអ្នកជិតខាងល្អនឹងគ្នា។ ថ្មីៗនេះ ដំណើរទស្សនកិច្ច របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន ដែលបានជួបជាមួយមេដឹកនាំចិន និងបានឈានដល់ការមូលមតិគ្នាជាថ្មី លើការអភិវឌ្ឍបន្ថែមទៀត នូវភាពជាដៃគូកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានកំណត់ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយ ដោយបញ្ជាក់យ៉ាងច្បាស់ថា ភាគីចិនមានឆន្ទៈ បន្តគាំទ្រអាជីវកម្មមានកេរ្តិ៍ឈ្មោះរបស់ចិន ក្នុងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដោយអនុវត្តន៍កិច្ចសហប្រតិបត្តិការ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសំខាន់ដទៃទៀត តួយ៉ាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាដើម”។
លោកបានបន្ថែមថា ឆ្នាំ ២០១៩ គឺជា “ឆ្នាំទេសចរណ៍វប្បធម៌កម្ពុជា – ចិន” ។ ក្នុងអំឡុងពេលនេះប្រទេស ទាំងពីរនឹងលើកកម្ពស់សកម្មភាព ជាបន្តបន្ទាប់ ដូចជា វប្បធម៌ កីឡា ទេសចរណ៍ និងការផ្លាស់ប្តូរយុវជនជាដើម ក្នុងន័យបន្តមិត្តភាពជាប្រពៃណី និងការពង្រីកការផ្លាស់ប្តូររវាងប្រជាជន។
លោកបន្តថា៖ “យើងមានឆន្ទៈបន្តជំរុញដល់ភ្ញៀវទេសចរចិន កាន់តែច្រើន មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត ខណៈ ចំនួនភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាបានកើនដល់ ២លាននាក់ កាលនៅឆ្នាំមុន។ ភាគីទាំងពីរនឹងរៀបចំឱ្យមានក្រុមសិល្បៈ អក្សរសាស្ត្រ ដើម្បីផ្លាស់ប្តូរទស្សនកិច្ចបន្ថែមទៀត ព្រមទាំងបន្តពង្រឹងការផ្លាស់ប្ដូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក នៅក្នុងវិស័យដូចជា វប្បធម៌ប្រពៃណី និងខិតខំដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការ និងការទទួលផលពីវិស័យទេសចរណ៍ និងវប្បធម៌សិល្បៈ។ ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌ខេត្តជៀងស៊ូ បានបើកការចាប់ផ្តើមដ៏ល្អ សម្រាប់ឆ្នាំទេសចរណ៍វប្បធម៌ កម្ពុជា-ចិន”។
លោកសង្ឃឹម និងជឿជាក់ថា ភាគីទាំងពីរ នឹងអនុវត្តកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា ក្នុងរយៈពេលខាងមុខ និងរួមចំណែកជាវិជ្ជមាន ក្នុងការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងមិត្តភាពជ្រាលជ្រៅ រវាងប្រជាជននៃប្រទេសទាំងពីរ។
សម្តេចព្រះរាម នរោត្តម បុប្ផាទេវី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានមានព្រះរាជបន្ទូលថា ៖ ទំនាក់ទំនងមិត្តភាពកម្ពុជា – ចិន មានប្រវត្តិយូរអង្វែង ជិតពីរពាន់ឆ្នាំមកហើយ។ ប្រទេសទាំងពីរនេះ មានអរិយធម៌ដ៏បុរាណនិងអស្ចារ្យ បេតិកភណ្ឌវប្បធម៌សម្បូរបែប បានកសាងនូវភាពស្និទ្ធស្នាល របស់ប្រជាជននៃប្រទេសទាំងពីរ ។
ព្រះអង្គមានព្រះបន្ទូលទៀតថា កាលពី ៦០ ឆ្នាំមុន ព្រះបិតាស្ថាបនិក ព្រះបាទនរោត្តម សីហនុ ជាមួយមេដឹកនាំចិន លោកម៉ៅ សេទុង លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ បានបង្កើតទំនាក់ទំនង រវាងកម្ពុជានិងចិន ដែលជាគំរូគួរឱ្យទុកចិត្តបំផុត។ ទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលទទួលបានសមិទ្ធផល ដូចក្នុងពេលបច្ចុប្បន្ន គឺយើងមិនអាចបំភ្លេចគុណបំណាច់ របស់ព្រះបិតាស្ថាបនិក ព្រះបាទ នរោត្តម សីហនុ និងលោកម៉ៅ សេទុង លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ និងថ្នាក់ដឹកនាំជំនាន់មុនផ្សេងទៀត នៃប្រទេសទាំងពីរបាននោះទេ។ ចំណងមិត្តភាពកម្ពុជា-ចិន បានចាក់ឫសក្នុងវប្បធម៌ និងទឹកចិត្តរវាងប្រជាជនទាំងពីរ ហើយការផ្លាស់ប្តូរវប្បធម៌សិល្បៈ ជាញឹកញាប់បន្ថែមទៀត គឺជាការចាក់បញ្ចូល នូវភាពរស់រវើក និងកម្លាំចលករ ចូលទៅក្នុងមិត្តភាព ជាប្រពៃណីរវាងប្រជាជនទាំងពីរ និងស្ថិតនៅយូរអង្វែងទៅមុខទៀត ៕ ដោយ ៖ កូឡាប