ភ្នំពេញ ៖ បើតាមផេកហ្វេសប៊ុកលោក គង់ គាំ-Kong Korm អតីតតំណាងរាស្ត្រគណបក្សប្រឆាំង នៅថ្ងៃទី១៨ខែកុម្ភៈ បានសរសេរថា ប្រធានស្តីទី CNRP (បក្សប្រហារCNRPរលាយ) និងក្រុមក្រៅច្បាប់មួយក្តាប់ ក្នុងនោះមានម្នាក់ ពេលលោក កឹម សុខា មានបញ្ហា និងពេលCNRPត្រូវរំលាយ គេណែនាំថាសូមនៅស្ងប់ស្ងៀម ។
លោក គង់ គាំ បានលើកឡើងថា ឥលូវមនុស្សដដែលថា (សំដៅដាក់កំហុសអោយថ្នាក់ដឹកនាំCNRPក្នុងប្រទេស) ពិតជាបានធ្វើកំហុសយុទ្ធសាស្ត្រ គឺមិនព្រមក្រោកតវ៉ាពេលអំណាច ហ៊ុន សែន ចាប់កឹម សុខា ដាក់គុកនៅត្រពាំងផ្លុង ហើយពេលតុលាការកំពូលកម្ពុជារំលាយCNRP ក៏មិនព្រមងើបឈរដែរ។ ប៉ុន្តែពេលនេះ មនុស្សដដែលនោះ (ដើម្បីសម រង្ស៊ី ប្រធានស្តីទី) គេបានប្រកូកប្រកាសសូមបងប្អូនទាំងក្រៅទាំងក្នុងប្រទេសងើបឡើងជូន និងទទួលការវិលចូលកម្ពុជារបស់ប្រធានស្តីទីដ៏មហិមារបស់យើង។ បងប្អូននៅក្រៅដែលមិនអាចជូនដំណើរបាន សូមជួយប្រាក់ចុះ យើងត្រូវការសាមសិបម៉ឺនដុល្លារ – កុំគិតអាប្រាក់វិទ្យុ ទូរទស្សន៍ព្រះអាទិត្យ វាមិនបាត់ទៅណាទេ គឺយើងបូជាកុំស្តាយស្រណោះអោយសោះ។ ប្រធានយើង (វៃឆ្លាតណាស់-ឈ្នះជានិច្ច)។ ចាញ់រត់ចេញ ឈ្នះរត់ចូល មិនចាញ់បោកគេទេ មានតែគាត់ទេដែលចេះបោកគេ។ (ស៊ុន ចន្ធី /សម រង្ស៊ី និងសួន រីដា/កឹម សុខា និយាយត្រូវ) ។
ប្រធានស្តីទី (រស់តែពាក្យ ត្រគាកងាប់ស្តូក) មួយម៉ាត់ (មុន)គាត់ថាសុខចិត្តបូជាជីវិត មួយម៉ាត់ (ក្រោយ)គាត់ថាមេដឹកនាំដែល “បូជាជីវិត” ឬ “សុខចិត្តជាប់គុក” គឺឥតប្រយោជន៍។ សម រង្ស៊ី ខ្ញុំគឺ (ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញអោយស្រីមើល ក្រពើនៅរស់បងមិនសូវហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់អោយស្រីមើល)។
ក្រុមកុហកបោកប្រាស់ក្នាញ់ណាស់អ្នកសួរដដែលៗថាមេទ័ពស្តីទីចូលកម្ពុជាមែនឬអត់ ចូលពេលណាអោយប្រាកដ (ខ្ញុំស្លឈាមណាស់)។ សម រង្ស៊ីខ្ញុំសូមសួរបងប្អូនវិញ តើអន្តរជាតិ និងបងប្អូនធ្វើអោយអំណាចហ៊ុន សែន ទ្រោម ខោកអោយហ៊ុន សែន ទ្រោមខ្លាំងអង្កាលដែរ។ សួរដូចមិនចេះក្បួនសឹក មិនដែលមេទ័ពណាចូលទៅចាប់មេទ័ពសត្រូវផ្ទាល់ដោយខ្លួនឯងទេ។ មេរៀនមុនខុសទេ (ដេកផ្ទះ ហ៊ុន សែន ឈ្នះស្អាត)។ មេរៀនថ្មី ទាល់តែបងប្អូនមានពលទាហ៊ានផង ងើបឡើងទាំងអស់គ្នាទើបទៅចាប់ហ៊ុន សែន បាន។ បើគ្មានបងប្អូន គ្មានពលទាហ៊ានងើបទៅចាប់ហ៊ុន សែន គឺហ៊ុន សែន ចាប់ខ្ញុំស្អាតជាមិនខានឡើយ ។
លោកបានបន្តថា ខ្ញុំស្លៀកសំពត់ក្បិនពណ៌ប្រចាំថ្ងៃចូលភ្លែត (បងប្អូនស្លាប់ ត្រូវតែរស់វិញ –បងប្អូនរស់នៅ ចង់បានអីបានហ្នឹងតាមចិត្តបងប្អូនទៅ)។ តើវានឹងអស្ចារ្យប៉ុណ្ណាបើខ្ញុំបានដឹកនាំកម្ពុជា (ទាំងនៅរស់ ចេះប្រើប្រាជ្ញា)អញចឹងនោះ ។
ខ្ញុំ គង់ គាំ ប្រធានកិត្តិយសគណបក្ស ឆន្ទៈខ្មែរ យល់ថាគំនិតសម រង្ស៊ី រាក់កំផែល ភូតត្លុក ភូតត្រពាំង បោកប្រាសលើគោក។ សហរដ្ឋអាមេរិក (សម្ព័ន្ធមិត្តបរទេស) គ្មានជោគជ័យនៅអាហ្វហ្គានីស្ថាន គ្មានជោគជ័យនៅស៊ីរីដោយប្រតិបត្តិការទាំងកម្លាំងបាយ ទាំងកម្លាំង(ទណ្ឌកម្ម)ទេ។ សហរដ្ឋអាមេរិកដក GSP សហគមន៍អឺរ៉ុបព្យួរ ឬដក EBA មានលក្ខណៈនយោបាយជ្រុល (ខឹងគោ វាយរទេះ) មិនបានរាំងស្ទះអំណាចហ៊ុន សែនទេ តែផ្តល់ការប៉ះពាល់ផ្ទាល់ចំពោះកសិករ កម្មករ និងប្រជាពលរដ្ឋ រុញកម្ពុជាក្នុងល្បែងប្រទាញប្រទង់សេដ្ឋកិច្ចនយោបាយរវាងលោកខាងលិច និងចិនតែប៉ុណ្ណោះ។ អំណាចហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់ឆ្លងកាត់ភាពឯកោពីបច្ចឹមប្រទេសយ៉ាងយូរកាលពីមុន ពេលនេះពិតជាមានសមត្ថភាព លទ្ធភាពជំនះការលំបាកចំពោះមុខ ហើយសម្រេចជោគជ័យដូចបណ្តាប្រទេសដែលគ្មានការអនុគ្រោះពន្ធពីអឺរ៉ុបដទៃទៀតដែរ ៕ ដោយ៖បញ្ញាស័ក្តិ