ខេត្តត្បូងឃ្មុំ ៖ លោក ទេសរដ្ឋមន្ត្រី លី ធុជ បាន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាខ្ពស់ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ស្របតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ដែលជាត្រីវិស័យ ដើម្បីឈានទៅសម្រេចបាននូវកម្ពុជាមួយ គ្មានមីននៅឆ្នាំ២០២៥ ។
រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអាជ្ញាធរមីន និងលោក ជាម ចន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណ:អធិបតីក្នុងកិច្ចប្រជុំវិស័យសកម្មភាពមីននៅសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ប្រតិបត្តិករបោសសម្អាតមីន RCAF(NPMEC) CMAC និង HALO Trust។ កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធពីផែនការយុទ្ធសាស្ត្រជាតិវិស័យសកម្មភាពមីន និងធ្វើសេចក្តីរាយការណ៍ពីលទ្ធផល និងផែនការការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។
លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានលើកឡើងថា កម្ពុជាត្រូវការកងកម្លាំងបោសសម្អាតមីនបន្ថែមចំនួនជាង ២០០០នាក់ ដើម្បីពន្លឿនការបោសសម្អាតមីនឲ្យអស់តាមផែនការកំណត់ នៅឆ្នាំ២០២៥ ។
លោក ជាម ចន្ទសោភ័ណ បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តត្បូងឃ្មុំ ឯកឧត្តមសូមចូលរួមដោយគ្មានលក្ខខ័ណ្ឌក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។
លោក ទេសរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រតិបត្តិករទាំងអស់ ដែលបាននឹងកំពុងលះបង់នូវកម្លាំងកាយ និងកម្លាំងចិត្តធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ ។
លោក ទេសរដ្ឋមន្ត្រី បានបន្តលើកលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា មានការប្តេជ្ញាខ្ពស់ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ស្របតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនដែលជាត្រីវិស័យ ដើម្បីឈានទៅសម្រេចបាននូវកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ខាងមុខ ។
លោក ទេសរដ្ឋមន្ត្រី បានសំណូមពរដល់ប្រតិបត្តិករបោសសម្អាតមីន និងភាគីពាក់ព័ន្ធត្រូវបន្តធ្វើកិច្ចសហការជាមួយអង្គភាពផែនការសកម្មភាពមីនខេត្ត ដើម្បីរៀបចំផែនបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអោយបានចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព ៕ ដោយ ៖ កូឡាប