កំពង់ចាម ៖ បើតាមផេកហ្វេសប៊ុក ឈ្មោះ William Guang លោកវឌ្ឍនា សាពង្ស សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក កាលពីថ្ងៃទី១៩ខែកុម្ភៈ បានសរសេរថា សម្រស់មាត់ទន្លេកំពង់ចាម ពេលថ្ងៃលិច ពិតជាខ្យល់ត្រជាក់ស្រួលមែន ។ ត្រជាក់ស្រួលចឹងតើ បានគេគេងមិនងាយភ្ញាក់ ។
ជាមួយនឹងសារខាងលើនេះ ផេកហ្វេសប៊ុក ប្រតិកម្មរហ័សខេត្តកំពង់ចាម បានឆ្លើយតបវិញថា អាជ្ញាធរខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ទាំងថ្នាក់ក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីជំនាញថ្នាក់ក្រសួង ថ្នាក់ខេត្ត ចុះពិនិត្យមើលផ្ទាល់ ពីទីតាំងបាក់ស្រុតច្រាំង សិក្សាបច្ចេកទេស និងចរន្តខ្សែទឹកហូរ ដើម្បីពិនិត្យលទ្ធភាព និងបច្ចេកទេស ក្នុងការរៀបចំស្ថាបនាស្តារឡើងវិញ នូវអ្វីដែលខូចខាត ឱ្យបានរឹងមាំ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ចៀសវាងការបាក់ស្រុតសារជាថ្មី។
ប្រតិកម្មរហ័សខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមថា “មិនដូចអ្វីដែល ឯកឧត្ដម William Guang ប្រធានគណបក្សខ្មែរក្រោក បានបង្ហោះឡើងនេះគឺ សូមធ្វើការស្វែងយល់ពីបញ្ហាគ្រោះធម្មជាតិ និងពិចារណាផង ថាតើបើបាក់ច្រាំងបន្តទៀតខាតបង់អ្វីទៀត យើងមិនអាចទប់ ឬបញ្ឈប់ធម្មជាតិបានឡើយ។ សូមអធ្យាស្រ័យផង និងអរគុណ “។
សូមបញ្ជាក់ថា ច្រាំងទន្លេ ស្ថិតក្នុងភូមិទីសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវបានបាក់ស្រុត គឺកាលខែតុលា ឆ្នាំ២០១៨។ ច្រាំងទន្លេមេគង្គនៅក្រុងកំពង់ចាម ដែលបានបាក់ស្រុតអស់ប្រវែង១៦០ម៉ែត្រ កាលពីក្នុងខែតុលា ឆ្នាំ២០១៨ មកទល់នឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះគេមិនទាន់ឃើញ មានសកម្មភាពធ្វើការសាងសង់ឡើងវិញ នៅឡើយទេ ។
ចំណែកផេកហ្វេសប៊ុក Meas Saborn បានសរសេរប្រតិកម្មទៅនឹងផេក William Guang វិញថា “មនុស្សយើងនៅពេលខ្លះ អាងតែមានមាត់ក៏ចេះតែព្រួសទៅ ការព្រួសដោយមិនសួរនាំគេស្មើនឹងឡប់ៗ អ៊ីចឹងហើយការគាំទ្រក៏ឡប់ៗតាមគ្នាដែរ ។ រឿងច្រាំងទន្លេនៅខេត្តកំពង់ចាម ដែលរងការបាក់ស្រុត ដោយជំនន់ទឹកទន្លេ កាលពីរដូវវស្សានោះ អាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញពាក់ព័ន្ធនានា គេបានសិក្សារួចហើយ ថានឹងត្រូវជួសជុលកែសម្រួសនៅណានោះ អ៊ីចឹងសុំលោកទេសរដ្ឋមន្ត្រី ” William Guang ” ប្រធានបក្សខ្មែរក្រោកគួរយល់ផង ។ ច្រាំងទន្លេនេះ នឹងជួសជុលឡើងវិញ នៅពេលទឹកទន្លេស្រកជាងនេះ ដើម្បីចាក់ជើងតាង និងធ្វើគ្រឹះឲ្យបានរឹងមាំ ចៀសវាងការធ្វើដដែល ជាដដែលចំណាយថវិកាឥតប្រយោជន៍ ។
អាស្រ័យហេតុនេះ សូមឯកឧត្តមសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អញ្ជើញជ្រាបជាព័ត៌មាន។
បើតាមផេកហ្វេសប៊ុក Pen Khon បានសរសេរថា “ច្រាំងបាក់ ធ្លាក់សួនច្បារចូលទន្លេ នៅក្រុងកំពង់ចាមនេះ មិនដឹងថ្ងៃណាបានធ្វើឡើងវិញទេ។ ច្រាំងទន្លេមេគង្គ នៅក្រុងកំពង់ចាម ដែលបានបាក់ស្រុតអស់ប្រវែង១៦០ម៉ែត្រ កាលពីក្នុងខែតុលា ឆ្នាំ២០១៨ មកទល់នឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះគេមិនទាន់ឃើញ មានសកម្មភាពធ្វើការសាងសង់ឡើងវិញ នៅឡើយទេ គឺបានត្រឹមធ្វើការសិក្សា រកឃើញពីមូលហេតុ ដែលនាំឲ្យច្រាំងនេះបាក់ និងក៏បានគន់គូ អំពីការចំណាយសម្រាប់សាងសង់ឡើងវិញ ប៉ុណ្ណោះ។ កន្លែងបាក់ច្រាំងនេះ បើគេមិនបានសាងសង់ឡើង ឲ្យទាន់ពេលវេលាទេ វាអាចនឹងបន្តបាក់រាលដាល ទៅដល់កន្លែងផ្សេង ដែលទើបសាងសង់រួចនោះទៀត នៅរដូវទឹកឡើងថ្មីមកដល់”៕ ដោយ ៖ បញ្ញាស័ក្តិ