ខេត្តស្វាយរៀង ៖ ពិធីបុណ្យមាឃបូជា ត្រូវបានធ្វើនៅថ្ងៃ ១៥ កើត ខែមាឃ ដែលឆ្នាំនេះ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ គឺជាបុណ្យសំខាន់លំដាប់លេខ២ ក្នុងព្រះពុទ្ធសាសនា បន្ទាប់ពី បុណ្យពិសាខបូជា ។ ទោះយ៉ាងណា បុណ្យមាឃបូជា (និងបុណ្យពិសាខបូជា) គឺជាបុណ្យបវេណីរបស់ពុទ្ធសាសនិក គឺមិនមែនជាបុណ្យក្នុងពុទ្ធប្បញ្ញត្តិ ពោលគឺជាបុណ្យដែលត្រូវបានតាក់តែងឡើងដោយពុទ្ធបរិស័ទ ហើយមិនមែនត្រូវបានបញ្ញត្តិឡើងដោយព្រះសម្មាសម្ពុទ្ធឡើយ ។
ដោយឡែកសំរាប់ពិធីបុណ្យមាឃបូជាសំរាប់ឆ្នាំនេះក៏មិនខុសពីបណ្តាឆ្នាំមុនៗនោះដែរ គឺបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ្ទជិតឆ្ងាយបាននាំគ្នាមកកាន់ទីវត្តពោធិ៍ថ្មីស្ថិតនៅក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយបាននាំគ្នាចាប់ផ្តើមធ្វើពិធីដង្ហែរក្បួនចេញពីវត្ត នៅវេលាម៉ោង១៣រសៀលថ្ងៃ១៥កើតខែមាឃឆ្នាំចរសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០១៩ ឆ្ពោះទៅតាមដងផ្លូវមួយចំនួនដើម្បីបង្ហាញអំពីជំនឿនិងការគោរពប្រណិបត្តិទៅលើវិស័យព្រះពុទ្ធសាសនាតាំងពីយូរលង់ណាស់មកហើយ។
ដោយឡែកនៅក្រុងស្វាយរៀងពុំមានការដង្ហែរក្បួននោះទេ គឺព្រះសង្ឃពុទ្ធបរិស័ទបានរៀបចំប្រារព្ធពិធីបុណ្យមាឃបូជានៅតាមទីវត្តអារាមដោយមានការសូត្រមន្តចម្រើនព្រះបរិតទៅតាមទំនៀមទំលាប់តាំងពីបូរាណកាលរៀងមក។
គួររំលឹកផងដែរថា ៖ ចំពោះប្រវត្តិសង្ខេបនាំឲ្យមានបុណ្យមាឃបូជាគម្ពីរក្នុងពុទ្ធសាសនា ហើយដែលត្រូវបានគេបង្កើតជាផ្ទាំងគំនូរជាច្រើន បានចែងថា នៅថ្ងៃ១៥កើត ខែមាឃ មុនពទ្ធសករាជ ៣ខែ បន្ទាប់ពីព្រះសិទ្ធត្ថគោត្តម បានត្រាស់ដឹងជាព្រះសម្មសម្ពុទ្ធ និងបានបំពេញពុទ្ធកិច្ចអស់រយៈ៤៥ព្រះវស្សា ក្នុងគ្រាដែលព្រះអង្គមានជន្មជិតគម្រប់៨០ព្រះវស្សា ព្រះពុទ្ធអង្គបានប្រកាសថា ព្រះអង្គនឹងយាងចូលបរិនិព្វានក្នុងរយៈពេល៣ខែទៀត ហើយព្រឹត្តិការណ៍នោះ ត្រូវបានហៅថា ការប្រកាសដាក់អាយុសង្ខារ។
មួយទៀតគឺនៅប្រទេសឥណ្ឌា នា៥៨៨ឆ្នាំ មុនគ្រិស្តសករាជនា ថៃ្ងទី១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះពុទ្ធអង្គចំនួន៩ខែ មានសមាជិកសង្ឃ ចំនួន១.២៥០ អង្គគត់ ដែលសុទ្ធតែជាព្រះអរហន្តបានហោះពីទីរៀងៗអង្គទៅគាល់ព្រះសម្មសម្ពុទ្ធនៅក្នុងព្រៃឬស្សី បង្កើតបានជាមហាសន្និបាតមួយ។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ បានប្រកាសគោលការណ៍ ចំនួន១១ប្រការ ដែលត្រូវបានហៅថា ឱវាទបាដិមោក្ខ ។ ឱវាទបាដិមោក្ខ គឺជាមាគ៌ាគោលសម្រាប់មនុស្សគ្រប់រូបប្រព្រឹត្តកាន់ និង យកទៅផ្សព្វផ្សាយបន្តដល់អ្នកដទៃឱ្យប្រព្រឹត្តកាន់ដែរ។ ព្រះសារីបុត្រ ត្រូវបានប្រកាសជាអគ្គសាវ័កស្តាំ រីឯព្រះមោគល្លាន ត្រូវបានប្រកាសជាអគ្គសាវ័កឆ្វេងនៅក្នុងមហាសន្និបាតនោះដែរ។ ពុទ្ធសាសនិកទូទាំងពិភពលោក រៀបចំពិធីបុណ្យមាឃបូជា ដើម្បីរម្លឹកព្រឹត្តិការណ៍ទាំងនោះឯង៕ ដោយ ៖ វ៉ៃកូ