តុលាការតង់ហ្សានី បានកាត់ទោសស្ត្រីជនជាតិចិនម្នាក់ឲ្យជាប់គុករយៈពេល ១៥ឆ្នាំ ពីបទរត់ពន្ធភ្លុកដំរីរាប់រយ ។
ស្ត្រីចិនខាងលើមានឈ្មោះថា Yang Fenglan និងមានរហ័សនាមថា ម្ចាស់ក្សត្រីភ្លុក (Ivory Queen)។ គាត់រងការចោទប្រកាន់ពីបទគ្រប់គ្រងបណ្តាញរត់ពន្ធភ្លុកដំរីដ៏ធំមួយនៅប្រទេសអាហ្វ្រិច ដែលជាអ្នកទទួលខុសត្រូវក្នុងការរត់ពន្ធភ្លុកដំរីជាច្រើនរយមានតម្លៃ ២,៥លានដុល្លាអាមេរិច ។
បុរសជនជាតិតង់ហ្សានី ២នាក់ផ្សេងទៀតក៏ជាប់ពាក់ព័ន្ធក្នុងការរត់ពន្ធនោះផងដែរ ហើយត្រូវតុលាការកាត់ទោសឲ្យជាប់គុករយៈពេល ១៥ឆ្នាំដូចគ្នា ។
ការបរបាញ់ដំរីយកភ្លុកខុសច្បាប់បានកើតមានជាយូរមកហើយក្នុងប្រទេសអាហ្វ្រិច ហើយការបរបាញ់នោះបណ្តាលឲ្យដំរីនៅអាហ្វ្រិចមានការធ្លាក់ចុះចំនួន ២០ភាគរយក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ។
អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សាធម្មជាតិ (IUCN) បាននិយាយថា ចំនួនដំរីទាំងអស់នៅអាហ្វ្រិចធ្លាក់ចុះមកសល់ត្រឹម ៤១៥.០០០ ក្បាល ដោយក្នុងរយៈពេល ១០ចុងក្រោយនេះ មានការបាត់បង់ដំរីចំនួន ១១០.០០០ក្បាល ។
ការធ្វើជំនួញដោយខុសច្បាប់លើភ្លុកដំរីកើតមានយ៉ាងខ្លាំងដោយសារតែមានតម្រូវការយ៉ាងខ្លាំងពីឈ្មួញនៅក្នុងប្រទេសចិន និងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ី ដែលភ្លុកដំរី ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើគ្រឿងអលង្ការ និងគ្រឿងតុបតែងផ្សេង៕ សុភ័ក្ត្រ
ប្រភព៖ BBC