កណ្តាល ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើសុំទៅបុរសៗដែលពូកែដើរផឹកស៊ី សូមមេត្តាកុំធ្វើបានប្រពន្ធ នៅពេលវិលត្រឡប់មកពីផឹកស៊ីវិញ ត្រូវធ្វើខ្លួនឲ្យស្លូត និងចេះនិយាយលួងលោមប្រពន្ធ កុំឲ្យនាងខឹង ដើម្បីគេអនុញ្ញាតឲ្យទៅផឹកទៀត ។
ក្នុងពិធីជួបជុំជាមួយកម្មកររោងចក្រកាត់ដេរ នៅខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បាននិយាយថា “ក្មួយៗយកប្រាក់មកធ្វើអ្វី ហើយឥឡូវនេះគេថាពូបង្កើតឲ្យមានគ្រោះថ្នាក់ចរាចរ ដោយពូអនុញ្ញាតឲ្យផឹកស៊ី ។ ចុះបើក្មួយៗនាំគ្នាផឹកស៊ី ឲ្យពូទៅហាមឃាត់ធ្វើម៉េច ពូគ្រាន់តែសុំថាបើផឹកកុំបើកបរបើស្រវឹងកុំបើករ ។ សម្តេចតេជោ បានបញ្ជាក់ថា “ពូមិនបានហាមមិនឲ្យផឹកនោះទេ ។ មិនបានហាមអារឿងផឹកនោះទេ ហើយបើមានលុយផឹកទៅ ប៉ុន្តែបើផឹកអ៊ូពនូ ជាពិសេសបុរសៗ ទៅដល់ផ្ទះវាយប្រពន្ធ កុំឲ្យសោះ ។ ទៅដល់វិញ ឲ្យស្លូត អូនណា បើកទ្វារឲ្យបងផង ។ អាហ្នឹងគេឲ្យទៅផឹកទៀត ។ ប៉ុន្តែកុំទៅដល់ផ្ទះ ស្រែកថាមីនេះទៅណាហើយ បើទ្វារឲ្យអញ ធាក់ទ្វារ ។រឿងបែបហ្នឹងកុំធ្វើឲ្យសោះ មេត្តាអាណិតយោគយល់ដល់ស្ត្រីៗផង “៕ ដោយ ៖ កូឡាប