ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក ជាពិសេសទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំ (២០១២ដល់២០១៦) ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែនថា ការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប ក្នុងទឹកប្រាក់នៃការនាំចេញសរុបក្នុងឆ្នាំ២០១៦ មានចំនួន៦.២៥៩លានដុល្លារអាមេរិក។ ការនាំចេញនេះមិនរួមបញ្ចូលទឹកប្រាក់ដែលត្រូវបង់ពន្ធនោះទេ ដោយសារកម្ពុជាទទួលបានភាពអនុគ្រោះពន្ធគយទាំងស្រុកពីសហភាពអឺរ៉ុប។ មុខទំនិញនាំចេញសំខាន់ៗ រួមមាន សម្លៀកបំពាក់គ្រប់ប្រភេទ ស្រោមនិងស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ វត្ថុធ្វើពីស្បែក ឆត្រ កៅស៊ូ និងទោចក្រយាន ជាដើម។ ប្រសិនជាមិនទទួលបានភាពអនុគ្រោះពន្ធទេនោះ កម្ពុជាត្រូវបង់ពន្ធចំនួន ៦៧៦លានដុល្លារអាមេរិក ក្នុងករណីនាំចេញមានបរិមាណដូចគ្នា និងបរិមាណនាំចេញ ក្នុងឆ្នាំ២០១៦ (អត្រាពន្ធមធ្យមមានប្រមាណ១១ភាគរយ)។
លោកបន្តថា ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក្នុងទឹកប្រាក់នៃការនាំចេញសរុបក្នុងឆ្នាំ២០១៦ មានចំនួន ២.៩១៦លានដុល្លារអាមេរិក។ ទឹកប្រាក់ដែលកម្ពុជាបានបង់ពន្ធឲ្យសហរដ្ឋអាមេរិកមានប្រមាណជាង៣០០លានដុល្លារអាមេរិក(អត្រាពន្ធមធ្យមមានប្រមាណ១២ភាគរយ) ព្រោះសហរដ្ឋអាមេរិក មិនបានផ្តល់ភាពអនុគ្រោះពន្ធគ្រប់មុខទំនិញដូចសហភាពអឺរ៉ុបឡើយ។ មុខទំនិញនាំចេញសំខាន់ៗរួមមាន សម្លៀកបំពាក់គ្រប់ប្រភេទ ស្រោមនិងស្បែកជើង ប្រដាប់ក្មេងលេង វត្ថុធ្វើពីស្បែក ស្រោមពូក និងគ្រឿងសង្ហារិម ជាដើម។ ដោយឡែកសហរដ្ឋអាមេរិក ទើបតែផ្តល់ភាពអនុគ្រោះពន្ធលើមុខទំនិញសម្រាប់ការធ្វើដំណើរ នៅចុងឆ្នាំ២០១៦ ប៉ុណ្ណោះ ដែលការនាំចេញមុខទំនិញនេះទៅសហរដ្ឋអាមេរិក រយៈពេល ១១ខែ នៃឆ្នាំ២០១៧ មានប្រមាណ២០០,៦លានដុល្លារអាមេរិក(ក្រោមប្រព័ន្ធអនុគ្រោះពន្ធ) ។ ប្រសិនបើមានការតម្រូវឲ្យបង់ពន្ធវិញនោះទឹកប្រាក់ដែលកម្ពុជាត្រូវបង់មានត្រឹមតែប្រមាណ១០លានដុល្លារអាមេរិកប៉ុណ្ណោះ(អត្រាពន្ធមធ្យមគឺ៥ភាគរយ)។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រសិនជាសហរដ្ឋអាមេរិក តម្រូវឲ្យកម្ពុជាឮបង់ពន្ធនាំចូលនោះ ប្រាក់ពន្ធដែលត្រូវបង់មានបរិមាណតិចតួច(១០លានដុល្លារអាមេរិក) ប៉ុណ្ណោះ ព្រោះការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកបានបង់ពន្ធស្ទើរតែទាំងស្រុងទៅហើយ។ ប្រសិនជាសហភាពអឺរ៉ុបតម្រូវឲ្យកម្ពុជាបង់ពន្ធនាចូលនោះ ប្រាក់ពន្ធដែលត្រូវបង់គិតជាមធ្យម មានរហូតដល់៦៧៦លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលផលិតកម្មទំនិញនាំចេញទាំងនេះ ប្រើប្រាស់កម្មករប្រមាណ៤០ម៉ឺននាក់។ សហភាពអឺរ៉ុបធ្លាប់បានព្យួរសម្បទានពន្ធគយជាបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ ដោយផ្អែកលើករណីប្រទេសទទួលភាពអនុគ្រោះពន្ធនោះ ត្រូវបានចោទប្រកាន់ថាមានការរំលោភគោលការណ៍សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិជាមូលដ្ឋានធ្ងន់ធ្ងរ។ ប្រទេសដែលធ្លាប់ទទួលរងការព្យួរសម្បទានពន្ធកន្លងមក រួមមាន ប្រទេសមីយ៉ាន់ម៉ា ប្រទេសស៊ូដង់ ប្រទេសស្រីលង្កា និងប្រទេសបេឡារុស្ស ជាដើម។ ដើម្បីទប់ស្កាត់ការសម្រេចព្យួរសម្បទានពន្ធគយលើគ្រប់មុខទំនិញដោយសភាអឺរ៉ុបជាយថាហេតុ កម្ពុជាគួរបញ្ចុះបញ្ចូល បណ្តាលប្រទេសជាមិត្តដែលជាសមាជិកសហភាពអឺរ៉ុប តាមរយៈបណ្តាញការទូត និងពាណិជ្ជកម្ម ព្រោះសហភាពអឺរ៉ុបច្រើនមានភាពទន់ភ្លន់ និងយោគយល់ដល់ស្ថានភាពរបស់កម្ពុជា៕ ដោយ ៖ បញ្ញាស័ក្តិ