Friday, November 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Siemens Healthineers សំដៅជំរុញ​វិនិយោគ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​នៅកម្ពុជា

វ៉ាស៊ីងតុន ឌីស៊ី ៖ កាលពីរសៀលថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Tisha Botman អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Siemens Healthineers ទទួលបន្ទុកផ្នែកកិច្ចការបរទេស និងការទទួលបានសេវាថែទាំសុខភាព។ ក្រុមហ៊ុន Siemens Healthineers ជាក្រុមហ៊ុនឯកទេសលើបច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ជាន់ខ្ពស់ លំដាប់ថ្នាក់​ពិភពលោក និងមានក្រុមហ៊ុន Varian ដែលឈានមុខគេនៅលើពិភពលោក ក្នុងការផលិតបរិក្ខាសម្រាប់ព្យាបាលជំងឺមហារីកជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

គោលបំណង​នៃ​ជំនួបនាឱកាសនេះគឺ សំដៅជំរុញ​ឱ្យ Siemens Healthineers ពិនិត្យ​លទ្ធភាព​នៃ​ការ​ចូលរួម​ផ្គត់ផ្គង់ បំពាក់ និង​ថែទាំ​ឧបករណ៍​វេជ្ជសាស្ត្រ​បច្ចេកវិទ្យា​ខ្ពស់​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សុខាភិបាល​របស់​រាជរដ្ឋាភិបាល ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ការ​ផ្តោត​សំខាន់​របស់​រាជរដ្ឋាភិបាល​លើ​ការ​ពង្រឹង​គុណភាព​សេវា​សុខាភិបាល ជូនដល់បងប្អូន​ប្រជាពលរដ្ឋផងដែរ​។ ឯកឧត្តម ក៏បាន​ស្នើឱ្យក្រុមហ៊ុន Siemens Healthineers ពិនិត្យលទ្ធភាពក្នុងការចូលរួមជួយ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីសុខាភិបាល និងអ្នកជំនាញពាក់ព័ន្ធផ្សេងទៀត​ផង​ដែរ ដោយផ្តោត​លើ​ការ​បណ្តុះបណ្តាល​គ្រូពេទ្យ​ជំនាញ (Radiologists) និង​វិស្វករ​ដែល​អាច​ថែទាំ និង​ជួសជុល​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​បាន​ដោយ​ខ្លួនឯង (Localization of Skill)​។

ទន្ទឹមនឹងនេះ​ តាមរយៈការលើកបង្ហាញអំពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា សក្តានុពលនានារបស់កម្ពុជា និងច្បាប់វិនិយោគដែលមានភាពអំណោយផល សម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស និងការលើកទឹកចិត្តជាយុទ្ធសាស្ត្រនានា ឯកឧត្តម ក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បី​ធ្វើពិពិធកម្ម​ខ្សែច្រវាក់​ផ្គត់ផ្គង់​របស់​ខ្លួនផងដែរ។​

ជាការ​ឆ្លើយតប​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Siemens បាន​សម្តែង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ចក្ខុវិស័យ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​របស់​កម្ពុជា និង​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែទម្រង់ ដោយ​បាន​លើកឡើង​ថា ពួកគេ​នឹង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ពង្រីក​វត្តមាន និង​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា ស្របតាម​បរិយាកាស​វិនិយោគ​ថ្មី ។ បន្ថែមពីនេះ Siemens Healthineers បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​ផ្តល់​នូវ​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ និង​ដំណោះស្រាយ​សុខាភិបាល​ប្រកបដោយ​និរន្តរភាព​ដល់​កម្ពុជា ទៅតាមកិច្ចសហការជាក់ស្តែងណាមួយ ដែលអាចកើតមាននាពេលខាងមុខ។

តាមរយៈជំនួប​នេះ​ អាចចាត់ទុកថាជាការ​បើក​ទំព័រ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​កំពូល​នៅលើពិភពលោក ហើយភាគី​ទាំងពីរ​បានសម្តែងនូវសុឆន្ទៈ ក្នុងការ​បង្កើត​ក្រុមការងារ​ជំនាញ​រួមមួយ ដើម្បី​បន្ត​កិច្ចពិភាក្សា​បច្ចេកទេស និង​សិក្សា​លើ​លទ្ធភាព​នៃ​គម្រោង​វិនិយោគ​ជាក់ស្តែង​ក្នុង​រយៈពេល​ខ្លី​ខាងមុខ ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​រោគវិនិច្ឆ័យ និង​ព្យាបាល​ជំងឺ​នៅ​កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×