Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ​ប្រាប់​អ្នកនយោបាយ​ជាប់​បម្រាម អំពី​បែបបទ និង​នីតិវិធី​នៃ​ការស្នើសុំ នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​

​ភ្នំពេញ ​៖ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីណែនាំ ស្តីពី​បែបបទ និង​នីតិវិធី​នៃ​ការស្នើសុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ដល់​អ្នកនយោបាយ​ជាប់​បម្រាម​ទាំងអស់ ដែល​ចង់បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ ត្រូវតែ​ធ្វើលិខិត​ស្នើសុំ​ដាច់ដោយឡែក​ពីគ្នា​ទៅកាន់​ក្រសួងមហាផ្ទៃ​។

​បើតាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា យោងតាម​មាត្រា ៤៥ ថ្មី (​ស្ងួន​មួយ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ ទៅតាម​ករណី​ដូចខាងក្រោម ៖

១៖ ការទទួលបាន​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល​ ។

២៖ ការទទួលបាន​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ ដោយ​ការផ្តល់​នីតិសម្បទា​ដោយ ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ។​

​ដើម្បី​ធានា​អនុវត្ត​ចំពោះ​ចំណុច​ទី ២ ខាងលើនេះ ក្រសួងមហាផ្ទៃ​សូម​ធ្វើការ​ណែនាំ​អំពី​បែបបទ និង​នីតិវិធី​សម្រាប់​ការផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ដូចតទៅ ៖ ក​. បុគ្គល​ដែល​ត្រូវបាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ ត្រូវដាក់​ពាក្យស្នើសុំ​នីតិសម្បទា​ឡើងវិញ ទៅ​ក្រសួងមហាផ្ទៃ នៅ​រៀងរាល់​ម៉ោង​ធ្វើ​ការងារ​។ ខ​. ពាក្យស្នើសុំ​ត្រូវមាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​បុគ្គល​ស្នើសុំ សេចក្តីសម្រេច​របស់​តុលាការ ដែល​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ ព្រមទាំង​មាន​ផ្តិត​ស្នាម​ម្រាមដៃ នៃ​បុគ្គល​ដាក់ពាក្យ​ស្នើសុំ​។ គ​. ពាក្យស្នើសុំ​ត្រូវធ្វើឡើង​ដាច់ដោយឡែក​ពីគ្នា ដោយ​បុគ្គល​ដែល​ត្រូវបាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​។ ឃ​. បន្ទាប់ពី​បាន​ពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​បុគ្គល​ម្នាក់ៗ ដែល​បានដាក់​ពាក្យស្នើសុំ ក្រសួង​​មហាផ្ទៃ​នឹង​លើកសំណើ​ជូន​នាយករដ្ឋមន្ត្រី ដើម្បី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ លើកលែង​បម្រាម​ហាមឃាត់​ធ្វើ​​សកម្មភាព​នយោបាយ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​មាត្រា ៤៥​ថ្មី (​ស្ងួន​មួយ​) នៃ​ច្បាប់​ស្តីពី​គណ​បក្ស​​នយោបាយ​។ ង​. សាមីខ្លួន​នឹង​អាចធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​បាន​ស្របតាម​ច្បាប់​របស់ ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​មាន​ព្រះរាជក្រឹត្យ​ស្តីពី​ការផ្តល់​នីតិសម្បទា​ឡើងវិញ​ ៕ ​ដោយ​ ៖ ​កូ​ឡាប​

×