ប្រធានាធិបតីវេណេហ្ស៊ុយអេឡា Nicolas Maduro បានប្រកាសបិទព្រំដែនជាមួយនឹងប្រទេសប្រេស៊ីលនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈដែលបញ្ហាជុំវិញជំនួញមនុស្សធម៌របស់បរទេស នៅតែបន្តកើតមាន។
មេដឹកនាំរូបនោះបានថ្លែងតាមកញ្ចក់ទូរសទស្សន៍ថា គាត់ក៏កំពុងពិចារណាបិទព្រំដែនជាមួយនឹងប្រទេសកូឡុំប៊ីផងដែរ ដើម្បីបញ្ឍប់បក្សប្រឆាំងមិនឲ្យនាំជំនួយចូលក្នុងប្រទេស។
នៅពេលជាមួយគ្នានោះដែរ លោក Nicolas Maduroក៏បានបដិសេធថា នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាកំពុងមានវិបត្តិ ហើយលោកបានហៅគំរោងបញ្ជូនជំនួយមនុស្សធម៌របស់អាមេរិចមកវេណេហ្ស៊ុយអេឡាថាជា ការសំដែងប៉ុណ្ណោះ។
លោក Nicolas Maduro ធ្លាប់បានបញ្ជាក់ថា លោកមិនឲ្យឡានដឹកជំនួយរបស់អាមេរិចចូលក្នុងប្រទេសនោះឡើយ ព្រោះលោកខ្លាចអាមេរិចធ្វើអន្តរាគមន៍យោធាទំលាក់រូបលោកចេញពីតំណែង។
រហូតមកដល់ពេលនេះ យោធាវេណេហ្សយអេឡានៅតែបន្តរារាំងមិនឲ្យមានការដឹកជញ្ជូនជំនួយអាមេរិចឆ្លងកាត់ព្រំដែនប្រទេសកូឡុំប៊ី ចូលក្នុងប្រទេសវេណេហ្សយអេឡាឡើយ។
ទោះបីជាលោក ប្រកាសថាវេណេហ្ស៊ុយអេឡាមិនមានវិបត្តិក៏ដោយ លោក Nicolas Maduro បញ្ជាក់ថា នៅសប្តាហ៍នេះ នឹងមានជំនួយ ៣០០តោនរបស់ប្រទេសរុស្សីដឹកមកកាន់ប្រទេសវេណេហ្សយអេឡា។ រុស្សីជាសម្ព័ន្ធមិត្តរបស់វេណេហ្ស៊ុយអេឡា។
សូមរំលឹកថា ប្រជាជនវេណេហ្ស៊ុយអេឡាជាង ៣លាននាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសផ្សេងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែខ្វះតម្រូវការជាមូលដ្ឋាន ដូចជាមិនមានអាហារគ្រប់គ្រាន់ជាដើម។
ចាប់តាំងពីលោក Nicolas Maduro ឡើងកាន់តំណែងក្នុងឆ្នាំ ២០១៣មក សេដ្ឋកិច្ចរបស់ប្រទេសដែលសម្បូរធនធានប្រេងមួយនេះ បានដាំក្បាលចុះយ៉ាងខ្លាំង ហើយកាលពីពេលថ្មីៗនេះ មានការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងការដឹកនាំរបស់លោក ៕ សុភ័ក្ត្រ
ប្រភព៖ BBC