កាលពីព្រឹកថ្ងៃពុធ រថយន្តទំនើប១គ្រឿង បានបើកឡើងលើចិញ្ចើមផ្លូវខាងស្តាំ ស្ថិតនៅមុខវិទ្យាស្ថាន Borough Park, Talmud Torah Imrei Chaim Viznitz ដែលធ្វើឲ្យកុមារតូចៗមានការភ្ញាក់ផ្អើល ដើរឆ្លងទៅកាន់សាលាមេត្តេយ្យរបស់ពួកគេទាំងប្រថុយប្រថាន ព្រោះខ្លាចរថយន្តនោះបើកបុកដោយប្រការណាមួយ ។
វីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញរថយន្ត Toyota ពណ៌ខៀវ១គ្រឿង បានឡើងលើខឿនចិញ្ចើមផ្លូវលេខ ៥៣ ដើម្បីគេចផុតពីឡានក្រុងជាច្រើនកំពុងចតបន្តកន្ទុយគ្នានៅលើផ្លូវខាងក្រោម ស្ថិតនៅទល់មុខវិទ្យាស្ថានខាងលើនេះ ។
អតីតសមាជិកសភារដ្ឋ New York លោក Dov Hikind ដែលធ្លាប់ធ្វើជាតំណាងរាស្ត្រស្រុកនេះ បានប្រាប់ ABC7 ថា ស្លាកលេខរថយន្តនោះ និងវីដេអូឃ្លីបជាភស្តុតាង ត្រូវបានប្រគល់ជូនខ័ណ្ឌទី៦៦ ដើម្បីពួកគេបើកការស៊ើបអង្កេត ។
លោក Hikind បាននិយាយថា៖ «សហគមន៍កំពុងទាមទារឲ្យមានការចាប់ខ្លួនបុគ្គល ‘ចរិកអន់’ ដែលអាចជាអ្នករស់នៅក្នុងតំបន់នោះ ដែលបានប្រព្រឹត្តទង្វើល្មើសច្បាប់ចរាចរណ៍អាចបង្កគ្រោះថ្នាក់ដល់ជីវិតក្មេងៗ ព្រោះតែពុំអាចរង់ចាំស្តុបត្រឹមតែប៉ុន្មាននាទីទៀតប៉ុណ្ណោះ នៅពីខាងក្រោយឡានក្រុង» ៕ រក្សា