បើសិនជាយើងអានអត្ថាធិប្បាយដែលលោក សោ ចាន់ដេត បង្ហោះនៅល្ងាចនេះ យើងអាចយលយ៉ាងច្បាស់ថាគាត់មានចេតនាចាក់ដោត ញុះញង់ និងបញ្ឆេះឲ្យមានហឹង ដើម្បីបន្ទុចបង្អាក់ ឬរារាំងដល់ការដោះលែង ឯកឧត្តម កឹម សុខា។ នេះបើតាមការលើកឡើងរបស់លោកមុត ចន្ទា អតីតនាយខុទ្ទកាល័យលោកកឹមសុខា លើផេកហ្វេសប៊ុកកាលពីថ្ងៃទី២២កុម្ភ:។
លោកបានសរសេរថា ៖
យើងមិនអាចទទួលយកពាក្យសំដីចាក់ដោត និងញុះញង់របស់លោក សោ ចានដេត បានឡើយ ជាពិសេស នូវអ្វីដែលពាក់ព័ន្ធនិងប៉ះពាល់ដល់ ឯកឧត្តម កឹម សុខា។ ឯកឧត្តម កឹម សុខា បានរងគ្រោះម្តងរួចមកហើយ នៅពេលដែលគេយកសេរីភាពរបស់គាត់មកធ្វើជាឧបករណ៍សម្រាប់ជាល្បែងភ្នាល់ ព្រោះវាជារឿងមិនសមរម្យដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបុគ្គល ហើយក៏អាចប៉ះពាល់ដល់ដំណើរការនីតិវិធីច្បាប់ និងតុលាការជាយកថាហេតុផងដែរ ទោះបីមានគេព្យាយាមបកស្រាយយកត្រូវតាមមហិច្ឆិតារបស់គេ យ៉ាងណាក៏ដោយ។
លើសពីនេះទៀត សហគមន៍អន្តរជាតិក៏បានសម្តែងពីការខកចិត្តចំពោះការរំខាននានាដែលកើតចេញពីវោហារសាស្ត្រដែលមានចរិតចាក់ដោត ញុះញង់ និងបញ្ឆេះឲ្យមានកំហឹង ជាពិសេស ល្បែងភ្នាល់នយោបាយ ដែលនាំឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីស្វែងរកការស្តារនូវលទ្ធិប្រជាធិបតេយ្យ។ រីឯ ភាគីនយោបាយដទៃទៀតក៏បានបញ្ឈប់ការឆ្លើយឆ្លងជាមួយវោហារសាស្ត្រដែលបង្កប់ដោយចេតនាចាក់ដោត ញុះញង់ និងបញ្ឆេះឲ្យមានកំហឹង ហើយនិងដែលលើកតម្កើងតម្លៃខ្លួនឯងដោយជាន់ពន្លិចអ្នកដទៃ។
មានតែមនុស្សមិនយល់អំពីទុក្ខលំបាករបស់អ្នកដទៃទេ ដែលតែងតែប្រើប្រាស់គ្រប់វិធី និងឧបាយកល ដើម្បីចាក់ដោត ញុះញង់ និងបញ្ឆេះឲ្យមានកំហឹង ដើម្បីសម្រេចនូវគោលបំណងអាក្រក់របស់ខ្លួន។ ពួកយើងនឹងមិនបណ្តោយឲ្យជនប្រភេទនេះសម្រេចបំណងរបស់គេបានជាដាច់ខាត។
ចំណែក ផេកហ្វេសប៊ុក Sor chandeth បានសរសេរនៅកាណាដា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ថា
សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ!
លោកនិយាយថា នៅពេលឮពាក្យថា “សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ” គឺជាពេលដែលជម្ងឺលោក ហ៊ុន សែន ចាប់ផ្ដើមរើឡើងកាន់តែខ្លាំង ដោយពាក្យនេះ បានចាក់ដោតចំចំណុច “ស្លាប់” លោក ហ៊ុន សែន។
ចំណុច “ស្លាប់” ត្រង់ថា ៖ ទី១)- សម រង្ស៊ី ជាអ្នកនយោបាយដែលធ្វើឲ្យលោក ហ៊ុន សែន ខ្លួនឯងខ្លាចបំផុត ដោយពេលខ្លះ សូម្បីតែ “សម្លេង ឬរូបថត” របស់ សម រង្ស៊ី ក៏ធ្វើឲ្យគាត់ភ័យខ្លាចដេកមិនលក់ដែរ និងទី២)- កឹម សុខា ជាអ្នកនយោបាយ ដែលអាចបោកលោក ហ៊ុន សែន បានទាំងទ្រព្យ បានទាំងប្រៀបយុទ្ធសាស្ត្រនយោបាយ។
ដូច្នេះពីថ្ងៃនេះ រហូតថ្ងៃដោះលែងលោក កឹម សុខា ជាស្ថាពរ នាពេលដ៏ឆាប់ៗខាងមុខនេះ ច្បាស់ជា “សុខភាព” លោក ហ៊ុន សែន ស្តាលែងឡើងហើយ ដោយគាត់ ភ័យខ្លាចលោក កឹម សុខា ចេញមក “ជួប”លោកប្រធាន សម រង្ស៊ី នៅក្រៅប្រទេស ដើម្បីរៀបចំដំណើរ “មាតុភូមិនិវត្តន៍” របស់លោកប្រធាន សម រង្ស៊ី ចូលស្រុកវិញ ដែលបង្កើតបានជា “ព្រឹត្តិការណ៍” ប្តូរលោក ហ៊ុន សែន តែម្ដង។
លោកបន្តថា ព្រោះលោក ហ៊ុន សែន គាត់យល់ថា លោក កឹម សុខា ត្រូវការប្រជាប្រិយភាពប្រកៀកនឹងលោកប្រធាន សម រង្ស៊ី ដែរ អញ្ចឹង “ឱកាសមាស” របស់លោក កឹម សុខា គឺ “មានសេរីភាពភ្លាម ចេញមកជួបលោកប្រធាន សម រង្ស៊ី ភ្លាម” ទើបជីវិតនយោបាយរបស់គាត់ “រស់បានយូរ” ជាងលោក ហ៊ុន សែន ៕ ដោយ៖កូឡាប