មនុស្សចំនួន ២នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួសនៅក្នុងការប្រឈមដាក់គ្នារវាងប្រជាជនសហគមន៍ និងកងកម្លាំងរបស់វេណេហ្ស៊ុយអេឡា ជុំវិញការដឹកជញ្ជូនជំនួយបរទេស។
ប្រជាជនសហគមន៍នៅតំបន់នោះព្យាយាមសម្រួលឲ្យជំនួយចូលក្នុងប្រទេសបាន ខណៈកងកម្លាំងវេណេហ្ស៊ុយអេឡារារាំងមិនឲ្យចូល ដែលជាហេតុធ្វើឲ្យមានការប្រទុយសារាយដាក់គ្នា ។
ការបាញ់ប្រហារពីសំណាក់កងកម្លាំងលើប្រជាជននោះកើតឡើងនៅថ្ងៃសុក្រ នៅជិតព្រំដែនប្រទេសប្រេស៊ីល និងវេណេហ្ស៊ុយអេឡា។
អភិបាលក្រុង Gran Sabana ឈ្មោះ Emilio Gonzalez បានថ្លែងប្រាប់ CNN ថា “យោធាចាប់ផ្តើមបាញ់យកតែម្តង ដោយមិនមានការសម្រុះសម្រួលគ្នា” ។
លោកថ្លែថា ជនរងគ្រោះម្នាក់គឺជាស្ត្រីវ័យ ៣៤ឆ្នាំ ដែលបានព្យាយាមសម្រួលឲ្យមានការដឹកជញ្ជូនជំនួយចូលក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។
ហេតុការណ៍បាញ់ប្រហារលើប្រជាជននេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលប្រធានាធិបតី Nicolas Maduru បានប្រកាសបិទព្រំដែនជាមួយនឹងប្រទេសប្រេស៊ីល ដើម្បីរារាំងជំនួយបរទេសមិនឲ្យចូល ខណៈលោក បញ្ជាក់ថា ជំនួយរបស់រុស្សី ជាង ៣០០តោននឹងមកដល់ប្រទេសនៅសប្តាហ៍ក្រោយ ។
ភាពតានតឹងនៅព្រំដែនកាន់តែកើនឡើងខ្លាំង ក្រោយពេលមេដឹកនាំបក្សប្រឆាំងវេណេហ្ស៊ុយអេឡា មានគំរោងដឹកនាំជំនួយចូលក្នុងប្រទេសនៅក្នុងសប្តាហ៍នេះ ដែលជាការរឹងទទឹងជាមួយនឹងបំណងរបស់លោក Nicolas Maduru ៕ សុភ័ក្ត្រ
ប្រភព៖ CNN