Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង ស្នើ​បង្កើត​ការិយាល័យ​តំណាង នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង (AIMF) បាន​សុំ​ស្នើ​ឲ្យ​លោក​ព្យែ​បៃ​យេ (Pierre BAILLET) លេខាធិការ​អចិន្ត្រៃយ៍​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង បើក​កិច្ចប្រជុំ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​បំណង​បង្កើត​ការិយាល័យ​តំណាង​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​ភាពងាយស្រួល ក្នុង​ការទំនាក់ទំនង​ផ្ទាល់ រវាង​ការិយាល័យ នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ការិយាល័យ​កណ្តាល នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ។​

នៅក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ឃួ​ង ស្រេង អភិបាល​រាជធានី​នៅ​សាលា​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា រាជធានី​ភ្នំពេញ បាន​ចូល​ជា​សមាជិក​ក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍​អន្តរជាតិ​ក្នុង​បណ្តាល​ប្រទេស​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​ក្នុង​អំឡុង​ឆ្នាំ​១៩៩០​មកម្ល៉េះ​។ ជំនួប​នោះ​ធ្វើឡើង​ក្នុង​បំណង​ផ្លាស់ប្តូរ​កម្មវិធី​ផ្សេងៗ នៃ​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង​នៅ​កម្ពុជា តាមដាន​ការផ្លាស់ប្តូរ​យោបល់​គ្នា ដែល​បាន​ពិភាក្សា​គ្នា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៦ និង​ការធ្វើ​បច្ចុប្បន្នភាព​នៃ​សមាគម និង​ការធ្វើ​មហាសន្និបាត​បន្ទាប់​របស់​សមាគម​។

​បើ​តាម​លោក​ម៉េត មាស​ភ័ក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា គោលបំណង​របស់​សមា​គម​នេះ គឺ​សមាគម​ចង់​បង្កើត​ការិយាល័យ​តំណាង​របស់​ខ្លួន សម្រាប់​អាស៊ីអាគ្នេយ៍ ដោយ​សមាគម​មាន​គំនិត​និង​ឆន្ទៈ​ជ្រើសរើស​យក​រាជធានី​ភ្នំពេញ ធ្វើជា​ទីក្រុង​សម្រាប់​ដាក់​ជា​ការិយាល័យ​តំណាង​។ ហើយ​កិច្ចការ​នេះ​លោក​អភិបាល​រាជធានី​គាំទ្រ និង​ស្វាគមន៍ បង្ក​លទ្ធភាព​គ្រប់បែប​យ៉ាង​ដើម្បីឲ្យ​ការរៀបចំ​ការិយាល័យ​តំណាង​របស់​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង អាច​ដំណើរ​ទៅ​បាន​នៅ​ទីក្រុង​ភ្នំពេញ ក្នុងន័យ​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​បង្ក​លទ្ធភាព​កាន់តែ​ងាយស្រួល សម្រាប់​ការងារ​ទំនាក់ទំនង​ផ្ទាល់ ប៉ែក​ខាង​អាស៊ីអាគ្នេយ៍ និង​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ។

​ក្នុង​ជំនួប​នេះ​លោក​ឃួង ស្រេង អភិបាល​រាជធានី បាន​ស្នើ​ដល់​សមាគម​ឲ្យមាន​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ភ្នំពេញ ដោយសារ​តែ​ខាន​បើក​កិច្ចប្រជុំ​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​បើ​តាម​ប្រវត្តិ​រាជធានី​ភ្នំពេញ ជា​រាជធានី​តែមួយគត់​ដែល​បាន​ចូល​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​សមាគម​អន្តរជាតិ នៃ​បណ្តា​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង តាំងពី​ឆ្នាំ​១៩៩០​មក ហើយ​កិច្ចការងារ​មាន​ការសហការ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ ។

​បើ​តាម​លោក​អ្នកនាំពាក្យ បាន​ស្រង់​សម្តី​លោក​ព្យែ​បៃ​យេ មក​បញ្ជាក់ថា “​លោក​ព្យែ​បៃ​យេ ក៏​បាន​ស្នើសុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ធ្វើការ​ផ្សព្វផ្សាយ​អំពី​បេសកកម្ម ក៏ដូចជា​កិច្ចការ​ដែល​សមាគម​ត្រូវធ្វើ​ឲ្យបាន​ទូលំទូលា​យ​ទៅ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ី ក្នុង​បង្កើតឲ្យមាន​ការ​យល់​ដឹង​អំពី​កិច្ចការ​របស់​សមាគម និង​កៀរគរ​ឲ្យមាន​ការចូលរួម​ជា​សមាជិ​ក​សម្រាប់​អភិបាល​រាជធានី ឬក៏​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង នៅក្នុង​តំបន់​អាស៊ី​ផ្ទាល់​តែម្តង​”​។​

​លោក​ម៉េត មាស​ភ័ក្តី បាន​ថ្លែងបន្តថា បន្ទាប់​ពី​កិច្ច​ពិភាក្សា​បាន​បញ្ចប់ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​អញ្ជើញ​គណៈប្រតិភូ​ធ្វើ​ទស្សនកិច្ច ទស្សនា​ប្លង់​ម៉ា​កែ​ត​ដែល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ឡើង ។ ប្លង់​ម៉ា​កែ​ត​នេះ​បាន​រៀបចំ​ឡើង ជា​ប្លង់​របស់​រាជធានី​ភ្នំពេញ ដែល​ជា​ការចាប់ផ្តើម​ដំបូង​របស់​ប្រទេស​បារាំង ហើយ​គណៈប្រតិភូ​បាន​វាយតម្លៃ​ខ្ពស់​ក្នុងនាម​រាជធានី​ភ្នំពេញ ជា​សមាជិក​ជាន់ខ្ពស់​មួយរូប គឺ​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​។​

​លោក​អភិបាល​រាជធានី បានលើកឡើង​ពី​ស្ថានភាព​ទូទៅ​របស់​រាជធានី​ភ្នំពេញ បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​ជា​មួយ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ គ្រប់​ជំនាន់ រាជធានី​ប្រវត្តិសាស្ត្រ​មួយ​ន​ពេះ ត្រូវបាន​អភិវឌ្ឍ​ខ្លួន​ប្រែក្លាយ​មុខមាត់ រីកចម្រើន​យ៉ាង​ឆាប់រហ័ស ទៅ​ជា​ទីក្រុង​សក្តានុពល និង​មាន​ប្រជាប្រិយ​នៅ​អាស៊ី នាពេល​បច្ចុប្បន្ន ។ រាជធានី​ភ្នំពេញ ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​លើ​គ្រប់​វិស័យ រួមមាន វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និង​ការទូត​។ ទន្ទឹម​នឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​បាន នាំ​ឲ្យ​រាជធានី​ភ្នំពេញ​មាន​បញ្ហា​ប្រឈម​គួរឲ្យ​កត់សម្គាល់​មួយចំនួន បាន​ក្លាយ​ជា​កង្វល់​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​បញ្ហា​ការកកស្ទះ​ចរាច​រណ៍ សំរាម បរិស្ថាន ធនធានមនុស្ស លូ​បង្ហូរ​ទឹកស្អុយ ការដឹកជញ្ជូន​ក្នុង​ទីក្រុង​បញ្ហា​សណ្តាប់ធ្នាប់ សន្តិសុខ ក៏​កាន់តែ​ប្រឈម ជាមួយ​នឹង​និន្ននាការ​ចំណាកស្រុក​ពី​ជនបទ​មក​ទីក្រុង​ភ្នំពេញ និង​បញ្ហា​គ្រឿងញៀន ដែល​យើង​បាន​និង​កំពុង​ធ្វើ​ការដោះស្រាយ​៕ ដោយ​៖​កូឡាប​

 

spot_img
×