ទីក្រុងញូវដែលី ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ ពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងពីទំហំពាណិជ្ជកម្មទ្វេភាគី និងលំហូរវិនិយោគដោយផ្ទាល់ (FDI) ពីឥណ្ឌាចូលមកអាស៊ាន មានការកើនឡើងបីដង ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានឥណ្ឌា (AIFTA) បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១០។ ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីអាស៊ាន និងឥណ្ឌា សរុបមានចំនួន ៧៣,៥៩ពាន់លានដុល្លារ ដែលកើនឡើង ២៥,៥ភាគរយ ធៀបនឹងឆ្នាំមុនគឺ ៥៨,៦ពាន់លានដុល្លារ។ ក្នុងអំឡុងពេលដូចគ្នានេះដែរ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពីឥណ្ឌាចូលមកអាស៊ាន បានកើនឡើងពី ១,៤៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ១,៧៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧។
ទន្ទឹមនឹងមានការវិវត្តទៅមុខជានិច្ច លើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសសមាជិកអាស៊ាន និងឥណ្ឌា លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីគន្លឹះសំខាន់ៗ សម្រាប់ធ្វើឱ្យអាស៊ានក្លាយជាទីផ្សារតែមួយ និងជាមូលដ្ឋានផលិតកម្មតាមរយៈ ការធ្វើសេរីភាវូបនីយកម្មលើទំនិញ សេវា និងការវិនិយោគ។ លើសពីនោះទៅទៀត អាស៊ានក៏បានកាត់បន្ថយអត្រាពន្ធគយ ដែលជាធាតុសំខាន់ក្នុងការធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជទំនិញក្រោមកិច្ចព្រមព្រៀង ATIGA ហើយក៏បានកាត់បន្ថយ នូវរបាំងមិនមែនពន្ធគយជាច្រើនផងដែរ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្ថែមទៀតថា បើទោះបីជាមានការកាត់បន្ថយនូវរបាំងមិនមែនពន្ធគយ យ៉ាងណាក៏ដោយ ក៏នៅតែមានប្រទេសសមាជិកអាស៊ានមួយចំនួន ត្រូវបានគេសង្កេតឃើញថា បាននិងបន្តដាក់របាំងមិនមែនពន្ធគយមានដូចជា SPS និង TBT ដែលទាំងនេះជាឧបសគ្គរារាំងការធ្វើពាណិជ្ជកម្ម ជាពិសេសសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួច ដូចជា ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មឱ្យកាន់តែមានការរីកចម្រើនទាំងក្នុងតំបន់ និងសកលលោក លោករដ្ឋមន្ត្រី បានលើកឡើងថា គ្រប់បណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសដៃគូផ្សេងទៀត គួរយកចិត្តទុកដាក់លើការពង្រឹង កិច្ចសហប្រតិបត្តការក្នុងការកាត់បន្ថយ ឬលប់បំបាត់នូវរបាំងមិនមែនពន្ធគយ ក៏ដូចជាកិច្ចសម្រួលពណិជ្ជកម្ម លំហូនៃព័ត៌មាន សុខដុមនីយកម្ម និងការទទួលស្គាល់កំរិតស្តង់ដារគ្នាទៅវិញទៅមក ដើម្បីឈានឆ្ពោះទៅរកការកាត់បន្ថយរបាំងពាណិជ្ជកម្ម ជាពិសេសរបាំងមិនមែនពន្ធគយ។
ជាមួយគ្នានោះផងដែរ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន កម្ពុជាបានធ្វើកំណែទម្រង់ លើកិច្ចសម្រួលពាណិជ្ជកម្មសំខាន់ៗជាច្រើន ដើម្បីពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាក៏ដូចជានៅក្នុងតំបន់ ដែលកំណែទម្រង់ទាំងនោះរួមមាន៖ ១. យន្តការច្រកចេញចូលតែមួយ ។ ២. នីហិតដ្ឋានជាតិព័ត៌មានពាណិជ្ជកម្ម ។ ៣. ការចេញវិញ្ញាប័នបត្របញ្ជាក់ប្រភពដើមទំនិញ (C/O online)។ ៤. ការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាកសញ្ញាតាមប្រព័ន្ធ online ។ ៥. ការសម្របសម្រួលនីតិវិធីបញ្ចេញទំនិញ និងកាត់បន្ថយថ្លៃចំណាយផ្សេងៗនៅតាមព្រំដែន និង៦. កំណែទម្រង់ផ្សេងៗទៀតនៅតាមបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធលើវិស័យពាណិជ្ជកម្ម ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យមានការមកបណ្តាក់ទុនវិនិយោគកាន់តែច្រើន លោករដ្ឋមន្ត្រី ក៏បានជម្រាបជូន អំពីវឌ្ឍនភាពរបស់កម្ពុជាថា ដោយមានសន្តិភាព និងស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច កម្ពុជាសម្រេចបាននូវអត្រាកំណើនប្រចាំឆ្នាំប្រហែល ៧ភាគរយ នាទសវត្សរ៍ចុងក្រោយនេះ ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក។ ម្យ៉ាងវិញទៀតប្រទេសកម្ពុជា ក៏បានដាក់បញ្ចូលវិស័យពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ នៅក្នុងយុទ្ធសាស្ត្រចតុកោណទី៤ នៃអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ ដោយ ៖ កូឡាប