Monday, September 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT)

ខេត្តហ្វូជៀន, សាធារណរដ្ឋប្រជាមានិតចិន៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “ពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” (The 25th China International Fair for Investment and Trade – CIFIT) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
ពិធីបើកពិព័រណ៍នាឱកាសនេះរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហឺ លីហ្វឹង (He Lifeng) ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំធំៗរបស់សាធារណរដ្ឋប្រជាមានិតចិន ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សហគ្រាស និងតំណាងធុរកិច្ច មកពីប្រមាណ ៣០ប្រទស ជុំវិញពិភពលោក។
មានប្រសាសន៍លើកឡើងក្នុងកម្មវិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជំរុញចក្ខុវិស័យនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានសេចក្ដីសោមនស្សរីករាយដែលបានចូលរួមថ្លែងសុន្ទរកថាគន្លឹះជាលើកទី២សម្រាប់កម្មវិធី CIFIT
ដែលលើកទីមួយគឺកាលពីឆ្នាំ២០២៤កន្លងទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តដោយជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចការងារវិនិយោគរបស់កម្ពុជាដែលសម្រេចបានកាលពីឆ្នាំ២០២៤ អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពោលគឺចំនួន៤១៤គម្រោង ដែលមានទុនប្រមាណ ៦,៩ពាន់លានដុល្លារ កើនឡើង៤០% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤៩១គម្រោង មានទុន ៧,២ពាន់លានដុល្លារ ដោយរំពឹងថាចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះនឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀតដែលអាចបង្កើតការងារបានជាង ៤០ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ការនាំចេញរបស់កម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោកក៏បន្តកើនឡើង ពោលនៅឆ្នាំ២០២៤ ការនាំចេញពីកម្ពុជាឈានដល់ ២៦,៦ពាន់លានដុល្លារ កើនឡើង១៣,៦% បើធៀបនឹងឆ្នាំ២០២៣។ តួលេខទាំងនេះបានបង្ហាញអំពីភាពធន់ ភាពបើកចំហ និងបរិយាកាសស្វាគមន៍របស់កម្ពុជាទៅកាន់វិនិយោគិន។

ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ភាពជាដៃគូរវាងកម្ពុជា និងចិនបាននាំមកនូវមិនត្រឹមតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងមានការអភិវឌ្ឍជំនាញ ការផ្ទេរបច្ចេកវិទ្យា និងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងផ្លូវគោក កំពង់ផែ អាកាសយានដ្ឋាន និងប្រព័ន្ធឌីជីថលជាដើម ដែលចិនគឺជាដៃគូដ៏សំខាន់បានចូលរួមវិនិយោគលើគម្រោងជាច្រើន។ គម្រោងទាំងនោះមានអាទិ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាគម្រោងបានចូលរួមបង្កើតការងារ និងធ្វើសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះដើម្បីជម្រាបជូនអំពីការបើកឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ផងដែរ ដែលនឹងចូលរួមពង្រឹងតួនាទីរបស់កម្ពុជាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគក្នុងអាស៊ាន។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអំពីចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងបច្ចុប្បន្នភាពនៃការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ កសិកម្មឆ្លាតវៃ និងការដឹកជញ្ជូនស្អាតជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជឿជាក់ថាពិព័រណ៍អន្តរជាតិ CIFIT នឹងផ្ដល់ឱកាសកាន់តែច្រើនសម្រាប់កិច្ចសហការរួមគ្នាទាំងការវិនិយោគ និងពាណិជ្ជកម្ម៕រក្សាសិទ្ធដោយ៖សុទ្ធលី

×