ភ្នំពេញ ៖ ការប្រារព្ធទិវាជាតិទីក្រុងស្អាតនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅ របស់ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរ ការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈ ប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែង ដែលអាចផ្តល់នូវភាពកក់ក្តៅ យ៉ាងពិតប្រាកដ សម្រាប់ការរស់នៅ។
នៅព្រឹកថ្ងៃចន្ទទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ “ទិវាជាតិទីក្រុងស្អាត” លើកទី៧ ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ” ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសារ ទិវាជាតិទីក្រុងស្អាត លើកទី៧ ឆ្នាំ២០១៩ និងពិធីប្រគល់ជ័យលាភី រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ លើកទី៣ អមជាមួយជ័យលាភីទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ( Best Countdown City of the Year) និងជ័យលាភីបង្គន់សាធារណៈកម្ពុជា លើកទី១ នាពេលនេះ។ សម្តេចតេជោជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមអភិវឌ្ឍន៍ ក្នុងវិស័យទេសចរណ៍កម្ពុជា ទទួលបានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពាវនាវ ដល់ប្រជាពលរដ្ឋ កុំឲ្យមានការភ័យតក់ស្លុត ចំពោះការចាក់បង្ហាញរឿងសត្វឆ្កែខាំលើមនុស្សកន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ ដោយមានការភ័យខ្លាច និងព្រួយបារម្ភ គឺមានប្រជាពលរដ្ឋជាច្រើន រួមទាំងអ្នកខ្លះមិនមានសត្វឆ្កែខាំផង បាននាំគ្នាតម្រង់ជួររង់ចាំចាក់ថ្នាំវាក់សាំងការពារជំងឺ “ឆ្កែឆ្គួត” ដែលធ្វើឲ្យមានការកកស្ទះនៅកន្លែងចាក់ថ្នាំបង្កាវិទ្យាស្ថានប៉ាស្ទ័រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងសុខាភិបាល បន្តផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងត្រូវពង្រាយសេវាចាក់ថ្នាំ នៅតាមមន្ទីរពេទ្យនានាឲ្យបានច្រើន។ ជាមួយគ្នានេះផងដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះការពារខ្លួនធ្វើយ៉ាងណាកុំឲ្យឆ្កែខាំ។
ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមរក្សាសន្តិភាព កុំឲ្យមានអំពើរភេវរកម្ម ជាពិសេសត្រូវធ្វើយ៉ាងណាឲ្យតំបន់ររមណីយដ្ឋាន តំបន់ទេសចរណ៍ តំបន់រោងចក្រ ក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ ដោយក្នុងនោះអាជ្ញាធរ ត្រូវបន្តអនុវត្តភូមិឃុំមានសុវត្ថិភាព ឲ្យបានខ្ជាប់ ខ្ជួនដើម្បីធានាដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យអ្នកដែល បម្រើសេវាកម្មទេសចរណ៍ទាំងអស់ដូចជា ផ្នែកសណ្ឋាគារ និងភោជនីដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសេវាកម្ម ការបដិសណ្ឋារកិច្ច និងផ្នែកអនាម័យ គឺត្រូវអនុវត្តឲ្យបានល្អបំផុតដល់ភ្ញៀវ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវមកស្នាក់នៅ ហើយលើកក្រោយមកទៀតជាមួយមិត្តគ្រួសារ និងអ្នកទេសចរជាច្រើនទៀត។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យវិស័យទេសចរណ៍ត្រូវមានការផ្សាភ្ជាប់ ឬទាញផលប្រយោជន៍ពីវិស័យកសិកម្ម តាមរយៈការជំរុញឲ្យកសិករ ម្ចាស់រមណីយដ្ឋាន និងភោជនីយដ្ឋាន បង្កើនការដាំដុះដំណាំកសិកម្ម បែបធម្មជាតិឲ្យបានច្រើន ដើម្បីបំពេញតម្រូវការដល់ភ្ញៀវទាំងជាតិ និងអន្តរជាតិ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន រាជធានី-ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធ ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុនឯកជន រោងចក្រ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឲ្យបានផុលផុស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ឲ្យបានផុលផុសថែមទៀត ដើម្បីឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ចីរភាព និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសក្តិសម នឹងកិត្តិនាម “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអបអរសារដល់ខេត្ត និងក្រុងដែលទទួលបានជ័យលាភី ជាទីក្រុង ដែលមានពិធីបុណ្យចូលឆ្នាំ សកលល្អជាងគេប្រចាំឆ្នាំ គឺមានៈ ១)រាជធានីភ្នំពេញ ២)ខេត្តសៀមរាប និង៣)ខេត្តកែប៕ ដោយ ៖ បញ្ញាស័ក្តិ