ប្រទេសឥណ្ឌាបាននិយាយថា ខ្លនបានធ្វើការវាយប្រហារតាមដែនអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលមានមូលដ្ឋានក្នុងប្រទេសប៉ាគីស្ថាន។ ការវាយប្រហារនេះកើតឡើង ក្រោយពេលក្រុមសកម្មប្រយុទ្ធនោះ បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅតំបន់ Kashmir បណ្តាលឲ្យទាហានប៉ារ៉ាឥណ្ឌាចំនួន ៤០នាក់បានស្លាប់។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា Vijay Gokhale បានថ្លែងថា ការវាយប្រហារនោះចំលើទីក្រុង Balakot ស្ថិតក្នុងខេត្តមួយនៃប្រទេសប៉ាគីស្ថាន ប៉ុន្តែមិនបានដឹងច្បាស់ទេថា តើក្រុមនេះនៅក្នុងប្រទេសប៉ាគីស្ថាន ឬនៅតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថានទេ។ លោកបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធនោះជាច្រើននាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារ។
ចំណែកភាគីខាងប៉ាគីស្ថានវិញបាននិយាយថា ខ្លួនបានចេញយន្តហោះចំបាំងជាច្រើនគ្រឿងដើម្បីជាការឆ្លើយតប។
ការចាត់វិធានការដាក់គ្នាបែបនេះវារឹតតែធ្វើឲ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងកើតឡើងរវាងប្រទេសជិតខាងទាំងពីរ។
នេះគឺជាការវាយប្រហារតាមដែនអាកាសរបស់ឥណ្ឌាទៅលើបន្ទាត់ព្រំដែន ដែលខ័ណ្ឌចែកតំបន់ Kashmir ដែលមួយភាគគ្រប់គ្រងដោយប៉ាគីស្ថាន និងមួយផ្នែកទៀតដោយឥណ្ឌា។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាដដែលបញ្ជាក់ក្នុងសន្និសិទសារពត៌មានថា ការវាយប្រហារនោះមានគោលដៅលើក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammad ហើយក្រុមសកម្មប្រយុទ្ធជាច្រើននាក់បានស្លាប់ ប៉ុន្តែការវាយប្រហារមិនប៉ះពាល់ដល់ស៊ីវិលនោះទេ។
លោកថ្លែងថា បើតាមការស៊ើបអង្កេតដែលអាចជឿទុកចិត្ត បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធខាងលើកំពុងមានផែនការវាយប្រហារដោយគ្រាប់បែកអត្តឃាតជាច្រើនទៀត នៅក្នុងប្រទេសឥណ្ឌាហើយ ដោយស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ជិតកើតឡើង ការវាយប្រហារមុនគឺជារឿងចាំបាច់ណាស់។
រដ្ឋមន្ត្រីការបរទេសរូបនោះបញ្ជាក់ថា មេបញ្ជាការជាច្រើននាក់របស់ក្រុមសកម្មប្រយុទ្ធបានស្លាប់បាត់បង់ជីវិត៕ សុភ័ក្ត្រ
ប្រភព៖ BBC