ភ្នំពេញ ៖ សម្តេចតេជោ បានណែនាំឲ្យមាន ការវាយតម្លៃការសិក្សា ចំណេះដឹងទូទៅ សូមឲ្យក្រសួងដឹកនាំនិងពិនិត្យ ធ្វើយ៉ាងណាឲ្យមានការវាយតម្លៃជារួមមួយ គឺយើងត្រូវបើកឱកាសឲ្យកូនសិស្សគ្រប់និទ្ទេសបានចូលប្រឡងគ្រប់ៗគ្នា។ បើចេះពិតប្រាកដទើបជាប់។
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាឯកជនកម្ពុជា ដែលមានមាជិក ៩២នាក់ មកពី ៩៣គ្រឹះស្ថាន ដឹកនាំដោយ លោក ហេង វ៉ាន់ដា ជួបសំដែងការគួរសម និងទទួលបាននូវអនុសាសន៍ណែនាំល្អៗពី សម្តេចតេជោ ដើម្បីកែលម្អគ្រឹះស្ថានឧត្តមសិក្សានីមួយៗ និងពង្រឹងនិរន្តរភាពនៃស្ថាប័នឱយមានការរីកចម្រើនទាំងបរិមាណ និងគុណភាព គឺទាំងគ្រូបង្រៀន និងសិស្ស ស្របតាមគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះគឺធ្វើឡើងមួយឆ្នាំម្តងៗ អស់រយៈពេល៤ឆ្នាំមកហើយ។ សមាគមកន្លងមកបានចូលរួមកិច្ចការសង្គមមួយចំនួនរួមទាំងការកសាងសាលារៀន និងបណ្ណាល័យជាដើម។ ទន្ទឹមនឹងនេះ សមាគមក៏មានទិសដៅចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។
នៅក្នុងជំនួបនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានស្នើសុំ សម្តេចតេជោ ជួយសម្រួលកុំឲ្យមានការតម្កល់ប្រាក់ក្នុងការសុំបើកគ្រឹះស្ថានឧត្តមសិក្សាឯកជន។ សម្តេចតេជោ បានឯកភាពពុំឲ្យមានការតម្កល់ប្រាក់ទៀតទេ ដែលនឹងបង្កើនជំនឿទុកចិត្តហើយនឹងកាត់បន្ថយបាននូវអំពើពុករលួយផងដែរ ។ ប៉ុន្តែមន្ត្រីគណៈគ្រប់គ្រងគ្រឹះស្ថាននីមួយៗគឺត្រូវទទួលខុសត្រូវទាំងស្រុង ប្រសិនបើមានបញ្ហាអ្វីប៉ះពាល់ដល់ថវិកាដែលនិស្សិតបានបង់លុយសម្រាប់ចូលរៀនហើយ។
ជាមួយគ្នានេះដែរ សម្តេចតេជោ បានបញ្ជាក់ច្បាស់ថា អ្វីដែលជាសេវាអធិបតេយ្យរបស់រដ្ឋ គឺស្ថិតនៅក្រោមដែននៃការគ្រប់គ្រងរបស់រដ្ឋ គឺមិនអាចឲ្យទៅឯកជនគ្រប់គ្រងបានឡើយ ឧទាហរណ៍ ដូចជាការបណ្តុះបណ្តាលគ្រូបង្រៀនដែលស្ថិតក្នុងដែនអធិបតេយ្យរដ្ឋ ដូច្នេះត្រូវទុកឲ្យក្រសួងអប់រំជាអ្នកទទួលខុសត្រូវបណ្តុះបណ្តាល។ ពាក់ព័ន្ធនឹងសំណើសុំឲ្យធ្វើការវាយតម្លៃទៅលើកម្រិតសិក្សា (Evaluation) សម្តេចតេជោ បានមានប្រសាសន៍ថា ចំពោះការវាយតម្លៃការសិក្សានោះ សាលាធ្វើការវាយតម្លៃ ដោយមានការធ្វើអធិការកិច្ចពីក្រសួង គឺធ្វើយ៉ាងណាឲ្យមានការវាយតម្លៃទូលំទូលាយប្រកបដោយតម្លារភាព។ ដោយឡែក ការវាយតម្លៃ ពាក់ព័ន្ធនឹងជំនាញ សម្តេចតេជោ ក៏បានណែនាំឲ្យមានកិច្ចប្រជុំនិងវាយតម្លៃដោយក្រសួងជំនាញ ហើយនៅក្នុងការវាយតម្លៃការសិក្សា ចំណេះដឹងទូទៅ សូមឲ្យក្រសួងដឹកនាំនិងពិនិត្យ ធ្វើយ៉ាងណាឲ្យមានការវាយតម្លៃជារួមមួយ។ចំពោះវិស័យសុខាភិបាល គឺយើងត្រូវបើកឱកាសអោយកូនសិស្សគ្រប់និទ្ទេសបានចូលប្រឡងគ្រប់ៗគ្នា។ បើចេះពិតប្រាកដទើបជាប់។ ការប្រឡងនេះត្រូវពិនិត្យអោយបានល្អិតល្អន់ច្បាស់លាស់ព្រោះជាអាយុជីវិតមនុស្ស។
កាលពីឆ្នាំទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចឲ្យការសិក្សាវិស័យសុខាភិបាល ផ្ទេរទៅឲ្យក្រសួងសុខាភិបាលជាអ្នកគ្រប់គ្រងត្រួតពិនិត្យ ប៉ុន្តែកន្លងមកមាន២គ្រឹះស្ថានដែលជាអ្នកគ្រប់គ្រង មានក្រសួងសុខាភិបាល និងក្រសួងអប់រំ។ ដូច្នេះនៅពេលនេះ មានសំណើរស្នើសុំឲ្យអ្នកកំពុងការសិក្សាផ្នែកសុខាភិបាលឲ្យបានបញ្ចប់នៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំតែមួយសិន មុននឹងផ្ទេរកិច្ចការនេះ ទៅឲ្យក្រសួងសុខាភិបាលជាអ្នកគ្រប់គ្រង។ ទន្ទឹមនឹងនោះដែរ ក៏មានសំណើសុំអំពីការផ្ទេរ Credit ពិសាលាមួយទៅសាលាមួយទៀត គឺត្រូវធ្វើអោយបានសមស្របទៅតាម Credit នៃមុខវិជ្ជាដែលត្រូវការផ្ទេរ ហើយធ្វើអោយមានតម្លាភាពពិតប្រាក៕ ដោយ ៖ កូឡាប