ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតផ្ញើជូនលោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ ស្តីពីការប្រើប្រាស់ឈ្មោះ គណបក្សអំណាចខ្មែរ។
បើយោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ក្រោយមានការតវ៉ាពីអតីតស្ថាបនិក និងអតីតថ្នាក់ដឹកនាំរបស់គណបក្សមួយនេះ ក្រសួងមហាផ្ទៃស្នើឲ្យគណបក្សអំណាចខ្មែរ ធ្វើការពិនិត្យ និងសម្រេចក្នុងការប្តូរឈ្មោះគណបក្សអំណាចខ្មែរ នេះឡើងវិញ។
នៅក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ថ្ងៃទី២៦ កុម្ភៈ បានបញ្ជាក់ប្រាប់លោកប្រធានគណបក្សថា ក្រសួងមហាផ្ទៃ បានទទួលនូវលិខិតរបស់អតីតសមាជិកស្ថាបនិក និងអតីតថ្នាក់ដឹកនាំ គណបក្សអំណាចខ្មែរ ដែលបានសំណូមពរឲ្យក្រសួងមហាផ្ទៃ ធ្វើការហាមឃាត់បុគ្គល ឬក្រុមផ្សេងៗទៀត ដែលមិនមែនជាស្ថាបនិកគណបក្សអំណាចខ្មែរ បន្តប្រើប្រាស់ឈ្មោះគណបក្ស ដោយផ្អែកតាមច្បាប់ស្តីពីគណបក្សនយោបាយ និងលក្ខន្តិកៈរបស់គណបក្សអំណាចខ្មែរ តម្កល់ទុកនៅក្រសួងមហាផ្ទៃ នាពេលកន្លងមក ។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃស្នើឲ្យគណបក្ស អំណាចខ្មែរ ធ្វើការពិនិត្យ និងសម្រេច ក្នុងការប្តូរឈ្មោះ “គណបក្សអំណាចខ្មែរ” នេះឡើងវិញ។
ក្រោយលោកសួនសេរីរដ្ឋា ត្រូវបានតុលាការផ្តន្ទាទោសដាក់គុកកាលពីខែសីហាឆ្នាំ២០១៧ លោកសួង សុភ័ណ្ឌ ឡើងគ្រប់គ្រងជាប្រធាន គណបក្សអំណាចខ្មែរ ។ ក្រោយទទួលសេរីភាពវិញ លោក សួន សេរីរដ្ឋា បានដាក់ពាក្យប្តឹងតវ៉ា ដើម្បីយកគណបក្សអំណាចខ្មែរវិញពីលោកសួងសុភ័ណ្ឌ ប៉ុន្តែលោកសួង សុភ័ណ្ឌ បានបដិសេធ ។ លោក សួន សេរីរដ្ឋា ធ្លាប់បានធ្វើលិខិតមួយ ទៅក្រសួងមហាផ្ទៃដើម្បីអោយក្រសួងផ្អាកសកម្ម ភាពគណបក្សអំណាចខ្មែរ៕ ដោយ ៖ កូឡាប