ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងផ្តើមធ្វើកិច្ចប្រជុំកំពូលរបស់ពួកគេនៅថ្ងៃពុធល្ងាចនេះ ព្រមទាំងមានការពិសារអាហារពេលល្ងាចជាមួយគ្នាផងដែរ។
ជំនួបមួយទល់មួយរវាង ត្រាំ និងគីម ជុងអ៊ុននឹងប្រព្រឹត្តឡើងរយៈពេល ២០នាទី ដោយចាប់នៅម៉ោង ៦ និង ៤០នាទីល្ងាច ហើយក្រោយមកមេដឹកនាំទាំងពីរនឹងពិសារអាហារពេលល្ងាចជាមួយគ្នា ដោយរួមមានជំនួយការរបស់ពួកគេចូលរួមផងដែរ។ នេះបើតាមការបញ្ជាក់របស់សេតវិមាន។
មេដឹកនាំទាំងពីរ ត្រូវគេរំពឹងថានឹងធ្វើការពិភាក្សាគ្នាពីផែនការក្នុងការដឹកនាំឧបទ្វីបកូរ៉េឲ្យចាកឆ្ងាយពីអាវុធនុយក្លេអ៊ែរ ក្នុងកំឡុងកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ចំណែកនៅថ្ងៃព្រហស្បតិ៍វិញ ពួកគេនឹងចូលរួមកិច្ចប្រជុំជាច្រើន ប៉ុន្តែរបៀបវារៈនៃកិច្ចប្រជុំនោះ មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។
មុនពេលជួបមេដឹកនាំកូរ៉េខាងជើង លោក ដូណាល់ ត្រាំ នឹងជួបគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម និងអ្នកនយោបាយវៀតណាមផ្សេងទៀត។
នៅថ្ងៃពុធនេះ លោក ត្រាំបានកោតសរសើរវៀតណាមចំពោះការរៀបចំកិច្ចប្រជុំកំពូលនេះ ហើយថាវៀតណាមជាប្រទេសរីកចំរើនជឿនលឿនដូចជាបណ្តាប្រទេសផ្សេងទៀតលើនៅលើ។ ចំណែកកូរ៉េខាងជើងក៏អាចនឹងរីកចំរើនដូចវៀតណាមដែរ ហើយអាចនឹងរីកចំរើនលឿនខ្លាំង ប្រសិនជាប្រទេសនេះបោះបង់ចោលអាវុធនុយក្លេអ៊ែរ។
សូមរំលឹកថា នេះគឺជាការជួបគ្នាលើកទី ២ហើយរបស់មេដឹកនាំទាំងពីរ។ កិច្ចប្រជុំកំពូលលើកទី ១របស់ពួកគេធ្វើនៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំមុន៕ សុភ័ក្ត្រ
ប្រភព៖ BBC