នៅលើពិភពលោកនេះ អ្នកណាក៏ដឹងដែរថាបក្សដឹកនាំប្រទេសវៀតណាមគឺជាបក្សកុំមុយនីស្តវៀតណាម ។ នេះបើលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
ប្រទេសវៀតណាមមានបក្សនយោបាយតែមួយគត់ហើយបក្សតែមួយនេះបានដឹកនាំប្រទេសជិត១០០ឆ្នាំមកហើយបើគិតពីឆ្នាំ១៩៣០នៃការបង្កើតបក្សកុំមុយនីស្តឥណ្ឌូចិនមក ។
នៅប៉ុន្មានឆ្នាំមុននេះ ប្រធានបក្សកុំមុយនីស្តវៀតណាមបានទៅជាន់ព្រំក្រហមនៅសេតវិមាននារដ្ឋធានីវ៉ាសុិងតោននៃអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយ ។
លោកថា ឥឡូវនៅថ្ងៃទី២៧កុម្ភៈឆ្នាំ២០១៩នេះ លោកប្រធានាធិបតីដូណាល់ ត្រាំ បានមកធ្វើទស្សនៈកិច្ចផ្លូវការ នៅប្រទេសវៀតណាម ហើយបានចូលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាម ។
លោកបានបន្តថា តើការមានទំនាក់ទំនងជាមួយប្រទេសវៀតណាមដែលជាគូសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា អាមេរិកមានយកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមកដាក់លក្ខ័ណ្ឌលើវៀតណាមឬទេ ? អត់មាននិយាយមួយម៉ាត់ទាល់តែសោះ ។
មានប្រទេសជាច្រើនទៀត ដែលអាមេរិក មិននិយាយពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅពេលដែលប្រទេសទាំងនោះយ៉ាប់ជាងកម្ពុជាឆ្ងាយ ។
ហេតុអី ក៏អភ័ព្វតែកម្ពុជាម្ល៉េះ ?
ដោយ ៖ កូឡាប