មន្ត្រីការទូតជាន់ខ្ពស់បំផុតរបស់ចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញភាពតានតឹងកាន់តែខ្លាំង រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ក្រោយពេលប្រទេសទាំងពីរបានអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់គ្នាទៅវិញទៅមក។
ក្រុមប្រឹក្សារដ្ឋចិន លោក Wang Yi ដែលជាមន្ត្រីការទូតជាន់ខ្ពស់បំផុតរបស់ចិន បានសំដែងការព្រួយបារម្ភរបស់លោក នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Shah Mahmood Qureshi។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានទូរស័ព្ទទៅកាន់មន្ត្រីការទូតចិនដើម្បីប្រាប់គាត់ពីការវិវត្តន៍ចុងក្រោយ នៃជម្លោះ និងបញ្ជាក់ក្តីសង្ឃឹមថា ចិននឹងបន្តដើរតួក្នុងការកាត់បន្ថយភាពតឹនតឹង។
ចំណែកលោក Wang Yi បានសំដែងក្តីសង្ឃឹមរបស់លោកថា ទាំងប៉ាគីស្ថាន និងឥណ្ឌានឹងធ្វើការអត់ធ្មត់ និងបំពេញការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការការពារមិនឲ្យស្ថានភាពរាលដាលខ្លាំង។ លោកបញ្ជាក់ទៀតថា អធិបតេយ្យភាព និងបរណភាពទឹកដីនៃប្រទេសទាំងអស់គួរតែត្រូវបានការគោរព។
សូមបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញនេះ ប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចំបាំងឥណ្ឌា ២គ្រឿងដែលហោះចូលក្នុងដែនអាកាសរបស់ខ្លួននៅតំបន់ Kashmir ហើយខាងបាគីស្ថានក៏ចាប់បានអ្នកបើយន្តហោះឥណ្ឌាម្នាក់ផងដែរ។
ភាពតានតឹងបានកើតឡើងរហូតដល់មានការបាញ់់ទម្លាក់យន្តហោះចំបាំងឥណ្ឌាពីភាគប៉ាគីស្ថាននេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពេល ឥណ្ឌាបានធ្វើការវាយប្រហារតាមដែនអាកាសទៅលើក្រុមសកម្មប្រយុទ្ធ ដែលមានមូលដ្ឋានក្នុងប្រទេសប៉ាគីស្ថាន បន្ទាប់ពីក្រុមនោះបានវាយប្រហារលើកងកម្លាំងឥណ្ឌា បណ្តាលឲ្យទាហានឥណ្ឌាចំនួន ៤០នាក់ស្លាប់នៅតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។
ប្រទេសទាំងពីរតែងតែចង់គ្រប់គ្រងតំបន់ Kashmir ទាំងអស់រៀងៗខ្លួន ប៉ុន្តែពួកគេគ្រប់គ្រងបានតែមួយផ្នែកម្នាក់ប៉ុណ្ណោះ៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia