កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃនៅទីក្រុងហាណូយ រវាមេដឹកនាំអាមេរិច ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ចប់ដោយមិនមានកិច្ចព្រមព្រៀងណាមួយសម្រេចបានឡើយ។ នេះបើតាមការបញ្ជាក់របស់សេតវិមានអាមេរិច នៅថ្ងៃព្រហស្បតិ៍នេះ។
លោក ត្រាំ និង គីម ជុងអ៊ុនបានធ្វើកិច្ចប្រជុំដ៏ល្អ និងមានប្រយោជន៍ជាមួយគ្នា។ នេះបើតាមការបញ្ជាក់មន្ត្រីផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅសេតវិមាន ឈ្មោះ Sarah Sanders បានថ្លែងនៅក្នុងសេចក្តីប្រកាស។
អ្នកស្រីបន្ថែមថា “មេដឹកនាំទាំងពីរបានពិភាក្សាពីវិធីសាស្ត្រជាច្រើនក្នុងការធ្វើឲ្យរីកចម្រើនដល់ដំណើរការរំសាយអាវុធនុយក្លេអ៊ែរ និងគោលគំនិតជំរុញសេដ្ឋកិច្ច”។ “មិនមានកិច្ចព្រមព្រៀងណាមួយសម្រេចបានឡើយនៅពេលនេះ ប៉ុន្តែក្រុមការងាររបស់ពួកគេនឹងធ្វើការជួបពិភាក្សាគ្នានៅពេលអនាគត”។
លោក ត្រាំ និង គីម ជុងអ៊ុនបានចាកចេញពីសណ្ឋាគារដែលរៀបចំកិច្ចប្រជុំកំពូល នៅម៉ោង ១ និង ២៥នាទីរសៀលនេះ ម៉ោងនៅវៀតណាម ដោយមិនមានវិធីចុះហត្ថលេខាអ្វីឡើយ។
នៅក្នងសន្និសិទសារព៌តមាន គីម ជុងអ៊ុន ត្រូវបានគេសួរថាតើលោកត្រៀមខ្លួនរួចរាល់ឬនៅក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។
ចំពោះសំនួរនេះ លោកថ្លែងប្រាប់អ្នកសារពត៌មានតាមរយៈអ្នកបកប្រែថា “ប្រសិនជាខ្ញុំមិនមានការប្តេជ្ញាចិត្តធ្វើវាទេ ខ្ញុំនឹងមិនបានមកនៅទីនេះទេនៅពេលនេះ”។
ចំណែកលោក ត្រាំវិញបានឆ្លើយតបទៅនឹងការឆ្លើយរបស់ គីម ជុងអ៊ុនថា “នោះវាប្រែលជាចំលើយដ៏ល្អ ដែលអ្នកមិនធ្លាប់បានលឺ”។
សូមរំលឹកថា នេះគឺជាកិច្ចប្រជុំកំពូលលើកទី ២របស់មេដឹកនាំទាំងពីរ បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី ១របស់ពួកគេបានធ្វឡើងនៅខែមិថុនា ឆ្នាំមុន ក្នុងប្រទេសសិង្ហបុរី៕
ប្រភព៖ Channelnewsasia