Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស្នើ​ឲ្យ​មន្ត្រី ដោះស្រាយ​ទំនាស់​នៅតាម​មូលដ្ឋាន ពិសេស​ទំនាស់​ដីធ្លី

​បាត់ដំបង ​: ​សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ និង​អាជ្ញាធរខេត្ត​បាត់ដំបង ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​យុត្តិធម៌ បញ្ចៀស​ឲ្យ​បាន​នូវ​ការប្រើ​អំពើហិង្សា ពោលគឺ​ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ​មើល​មក​ឃើញថា​អាជ្ញាធរ​មិនមាន​ភាពលម្អៀង ពិសេស​កុំ​ងាក​ទៅតាម​អំណាច ឬ​ទឹកប្រាក់​របស់​ភាគី​ណាមួយ ។

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តបាត់ដំបង​។​

​ក្រោម​អ​ធីប​តី​ភាព​សម្ដ​ច​ឧបនាយករដ្ឋមន្ត្រី អភិបាលខេត្ត​បាត់ដំបង បាន​ឡើង​ថ្លែង​របាយការណ៍​ជូន​អង្គពិធី ថា​ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃទី​២៧ ខែកុម្ភៈ សន្និបាត​បាន​ដំណើរការ ដោយមាន​សមាសភាព​ចូលរួម ពី​គណៈ​អភិបាល និង​ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព​កម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ នាយក​ប៉ុ​ស្ត៍​រដ្ឋបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ និង​សមាគម​នានា សរុប​៦១១​នាក់​។​

​សន្និបាត​នេះ បាន​ផ្ដោតជាសំខាន់​លើ​ការពិភាក្សា ផ្ដល់យោបល់ និង​លើក​ទិសដៅ​បន្ត ពាក់ព័ន្ធ បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ កិច្ចសហការ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន ការងារ​ដីធ្លី ការប្រើប្រាស់​ចំណីផ្លូវ បញ្ហា​ទឹកស្អាត សេវា​ច្រកចេញចូល​តែមួយ សណ្ដាប់ធ្នាប់ និង​អនាម័យ​ក្រុង ការទទួលបាន និង​ការប្រើប្រាស់​ប័ណ្ណ ប​.​ស​.​ស ការផ្គត់ផ្គង់​សេវា​អគ្គិសនី និង​ទឹកស្អាត​។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង​ឬ បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ដោយ​សម្ដេច​បាន​មានប្រសាសន៍ថា ក្នុងនាម​ថា្នក់​ដឹកនាំ​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ សម្ដេច សូម​កោតសរសើរ​ថ្នាក់ដឹកនាំ​ខេត្ត និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមគ្នា​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សម្រេចបាន​សមិទ្ធិផល​ការងារ​ជាច្រើន​នៅ​ឆ្នាំ​២០១៨។​

​សម្ដេច​បាន​មានប្រសាសន៍ថា ឆ្នាំ​២០១៨​កន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដ​ច​តេ​ជោ បាន​គ្រប់គ្រង​យ៉ាង​ល្អប្រសើរ​នូវ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ធ្វើ​ឲ្យ​សន្តិភាព​បន្ត​កើតមាន​ទូទាំងប្រទេស ពលរដ្ឋ​មានឱកាស​ប្រកប​របរការ​ងារ​បាន​ពេញលេញ ហើយ​ក្រុមប្រឆាំង​បាន​បា​រា​ជ័យ​ជា​បន្តបន្ទាប់ នូវ​ការប៉ុនប៉ង​អូសទាញ​ពលរដ្ឋ​ឲ្យ​ចូលរួម​សកម្មភាព​ខុសច្បាប់​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សម្ដែង​ក្ដី​មោទន​ចំពោះ​លទ្ធផល​នេះ ហើយ​អំពាវនាវ​ឲ្យ​គ្រប់ភាគី បន្ត​រក្សា​នូវ​បរិយាកាស​នេះ​ជា​បន្តទៀត ដោយ​សម្ដ​ច​បាន​គូសបញ្ជាក់ថា​គឺ​កត្តា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិភាព​នេះហើយ ដែលជា​បង្អែក​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​។​

​សម្ដេច​ក្រឡាហោម ក៏បាន​រំលឹក​ឡើងវិញ​ដែរ អំពី​ដំណើរការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ ពិសេស​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​សម្ដេច បាន​ទាញ​ចំណាប់អារម្មណ៍​អង្គសន្និបាត​ឲ្យ​កត់សំគាល់ ថាបើ​ទោះបីជា​មជ្ឈដ្ឋាន​ប្រឆាំង​នៅក្នុង និង​ក្រៅប្រទេស​ខ្លះ បាន​ព្យាយាម​ប​ន្ទុ​ច​បង្អាក់ ប៉ុន្តែ​ទីបំផុត ពលរដ្ឋ​បានផ្ដល់​យុត្តិធម៌​តាមរយៈ​ការអញ្ជើញ​ទៅ​បោះឆ្នោត​យ៉ាងច្រើន​លើសលុប​។​

​សម្ដេច​ក្រឡាហោម ក៏បាន​មានប្រសាសន៍​ឲ្យ​អង្គសន្និបាត ចាប់អារម្មណ៍​ចំពោះ​ប្រសាសន៍​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ថ្លែង​អំពី​ការធ្វើកំណែទម្រង់​ផ្ទៃក្នុង និង​ពង្រីក​មិត្ត​ខាងក្រៅ ហើយ​សម្ដ​ច​ក៏បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និង​ភាគី​ពាក់ព័ន្ធ បន្ត​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​គោលការណ៍​គ្រឹះ គឺ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។

​ពាក់ព័ន្ធ​នឹង​ការងារ​របស់​រដ្ឋបាល​ខេត្ត សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ផ្ដល់យោបល់ និង​ណែនាំ​ឲ្យ​ក្រុមការងារ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក ត្រូវមាន​លេខ​ទូរ​សព្ទ និង​បណ្ដាញ​ណាមួយ​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ផ្ដល់ព័ត៌មាន ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​នៅតាម​មូលដ្ឋាន ពិសេស​ក្នុងស្ថានភាព ដែល​កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល​គ្រោះរាំងស្ងួត​។​

​ម្យ៉ាងទៀត​ទាក់ទង​នឹង​ដំណេ​ី​រ​ការអនុវត្ត​គោ​លន​យោ​បាល​វិមជ្ឈការ និង​វិសហមជ្ឈការ​វិញ សម្ដេច ស ខេង មានប្រសាសន៍ថា​នៅ​ឆ្នាំ​២០១៩ និង​២០២០ រាជរដ្ឋាភិបាល​ត្រូវធ្វើ​ឲ្យ​សម្រេច​នូវ​កិច្ចការ​អាទិភាព​៣ រួមមាន​ទី ១​ការផ្ទេរ​មុខងារ និង​ធនធាន​ពី​ថ្នាក់ជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ ទី​២​ការផ្ទេរ​បុគ្គលិក ពី​ថ្នាក់ជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ និង​ការកែទម្រង់​រចនាសម្ព័ន្ធ ការគ្រប់គ្រង​រដ្ឋបាល​ក្រុង​ស្រុក​។​

​ចំពោះ​បញ្ហា​គ្រឿងញៀន សម្ដេច​បាន​ណែនាំ​ថា មិនអាច​រង់ចាំតែ​បទបញ្ជា​រាល់ថ្ងៃ រាល់​ម៉ោង​នោះទេ ពីព្រោះ​កម្ពុជា​មានច្បាប់​គ្រឿងញៀន មាន​គោលការណ៍​ណែនាំ​ពាក់ព័ន្ធ​រួច​អស់ហើយ ដូច្នេះ​ត្រូវតែ​ដាក់​វិធានការណ៍​ទប់ស្កាត់ និង​លុបបំបាត់​ឲ្យ​បាន​នូវ​បញ្ហា​ដែល​នាំ​ឲ្យ​ប៉ះពាល់​អនាគត​យុវជន និង​សន្តិសុខ​សាធារណៈ​មួយ​នេះ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ សម្ដេច​បាន​ថ្លែង​អំពាវនាវ​ជាថ្មីទៀត ឲ្យ​ម្ចាស់​អាជីវកម្ម​កំសាន្ត​នានា​ចូលរួម​គាំទ្រ​ការលុបបំបាត់​បញ្ហា​គ្រឿងញៀន ហើយ​ប្រសិនបើ​មិនបាន​ចូលរួម​ទេ វិធានការណ៍​ចុងក្រោយ គឺ​ការ​អាជ្ញាធរ​នឹង​ចុះបង្ក្រាប​ដោយ​បិទ​អាជីវកម្ម​នោះ​តែម្ដង​។ សម្ដេច​បាន​ក្រើនរំលឹក​អាជ្ញាធរ និង​សមត្ថកិច្ច មិនត្រូវ​ខ្លាច​ជន​ដែល​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ជាដាច់ខាត​។​

​ចំពោះ​ការងារ​ដោះស្រាយ​ទំនាស់​នៅតាម​មូលដ្ឋាន ពិសេស​ទំនាស់​ដីធ្លី សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ និង​​អាជ្ញាធរខេត្ត​បាត់ដំបង ត្រូវ​ប្រកាន់ខ្ជាប់​គោលការណ៍​យុត្តិធម៌ បញ្ចៀស​ឲ្យ​បាន​នូវ​ការប្រើ​អំពើហិង្សា ពោលគឺ​ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ​មើល​មក​ឃើញថា​អាជ្ញាធរ​មិនមាន​ភាពលម្អៀង ពិសេស​កុំ​ងាក​ទៅតាម​អំណាច ឬ​ទឹកប្រាក់​របស់​ភាគី​ណាមួយ ។ សម្តេច ក្រឡាហោម ស ខេង ក៏បាន​មានប្រសាសន៍​ដល់​ការបំពេញ​ការងារ​រប​ស់​អាជ្ញាធរ​មូលដ្ឋាន​ដដែល សម្ដេច​បាន​ក្រើនរំលឹក​មន្ត្រីរាជការ​សាធារណៈ ត្រូវតែ​ចៀសវាង​ដាច់ខាត ការយក​មធ្យោបាយ​រដ្ឋ បំរើ​ឲ្យ​បក្ស ឬ​បុគ្គល​ផ្ទាល់ខ្លួន ហើយ​ត្រូវ​បែងចែក​ឲ្យ​បានច្បាស់លាស់​រវាង​ការងារ​បក្ស និង​ការងារ​រដ្ឋ និង​សម្រាប់​ការងារ​រដ្ឋ គឺ​មិនត្រូវ​ប្រកាន់​និន្នាការ ឬ​បក្សពួក​ឡើយ​៕ ដោយ​:​កូ​ឡាប

spot_img
×