Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ , សម្តេច​តេជោ ៖ កម្ពុជា​មិន​ឲ្យ​ចិន​ត្រួតត្រា​កម្ពុជា​នោះ​ទេ ហើយ​ចិន​ក៏​មិន​ចង់​ត្រួតត្រា​កម្ពុជា​នោះដែរ​

​ភ្នំពេញ​៖ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​មិត្ត​ចិន​ទាំង​អស់​ថា កម្ពុជា​មិន​ឲ្យ​ចិន​ត្រួតត្រា​កម្ពុជា​នោះ​ទេ ហើយ​ចិន​ក៏​មិន​ចង់​ត្រួតត្រា​កម្ពុជា​នោះដែរ​។ នៅ​ព្រឹក ថ្ងៃ​សុក្រ​ទី​១ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ដ៏​ខ្ពង់ខ្ពស់​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ ដែល​គម្រោង​ថវិកា​ជិត ៥០​លាន ដុល្លារ​អាមេរិក ដែល​ជា​ជំនួយ​របស់​មិត្ត​ចិន​។

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ថ្លែងថា មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ព្រឹក​នេះ គឺជា​គម្រោង​ធំ​ទី​២ ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន បន្ទាប់​ពី​គម្រោង​សាងសង់​មន្ទីរពេទ្យ មិត្តភាព កម្ពុជា​-​ចិន ព្រះកុសុម​: ដែល​ជា​គម្រោង​ទី​១ ដែល​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែ​តុលា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ គឺ​សាងសង់​លើ​ផ្ទៃដី ២៤.៣០០​ម៉ែត្រការ៉េ នៅ​លើ​ទំហំ​ផ្ទៃដី​សរុប ៥៥,៨១៥​ម៉ែត្រការ៉េ​។ គម្រោង​សាងសង់​គឺ​មាន​រយ​:​ពេល​៤០​ខែ ដែល​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៤៥.៦៦០.០០០​ដុល្លារ​អាមេរិក​។ មន្ទីរពេទ្យ​ដ៏​ធំ​នេះ​មាន​ទីធ្លា​ធំ​ទូលាយ ហើយ​បំពាក់​ទៅ​ដោយ​គ្រឿង​បរិក្ខារ ពេទ្យ​ទំនើបៗ​ទៀតផង​។​

​សម្តេច​តេជោ ហ៊ុន សែន សប្បាយរីករាយ​ដែល​បាន​មក​អញ្ជើញ​មក​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន នៅ​ត្បូងឃ្មុំ​។ សម្តេច​តេជោ បាន​ចាត់ទុក​ជា​សមិទ្ធ​ផល​ជាតិ​មួយ​យ៉ាង​សំខាន់​នៃ​ផ្នែក​សុខាភិបាល សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត​ដែល​នៅ​ជិត​ខេត្ត​នេះ​ផង​ដែរ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​ជានិច្ចកាល​តែងតែ​ជួយ​ប្រទេស​កម្ពុជា លើ​ការកសាង​សមិទ្ធផល​ជាតិ​ជាច្រើន រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន មន្ទីរពេទ្យ និង​វិស័យ​ផ្សេងៗ ជាច្រើន​ទៀត​។ បច្ចុប្បន្ននេះ វិនិយោគគិន​ចិន​គឺ​ជា​អ្នក​មក​វិនិយោគ​ធំជាងគេ​នៅក្នុង ប្រទេស​កម្ពុជា​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​យ៉ាងច្រើន​ទៀតផង​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹក​អនុស្សាវរី​យ៍របស់​សម្តេច ក្នុងសម័យ​តស៊ូ​រំដោះ ប្រទេសជាតិ​បាន រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ដែល​សម្តេច​មាន​អនុស្សាវរីយ៍​ជូរចត់​យ៉ាងច្រើន នៅក្នុង​តំបន់​នៃ​ខេត្ត​នេះ​ផ្ទាល់​តែម្ដង​។ ជាពិសេស​ទីនេះ​គឺជា​ទឹកដី​ដែល សម្ដេច​តេជោ បាន​រៀប​អាពាហ៍ពិពាហ៍ ហើយក៏​ជា​ទីកន្លែង​ដែល​កូន​ទី​១ របស់​សម្តេច​បាន​ចាប់កំណើត នឹង​ទទួល​មរណៈ នៅលើ​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ ដែល​ពីមុន​ជា​ខេត្ត​កំពង់ចាម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អណរ​គុណ​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ជួយ​យក​អាសារ​សម្តេច​ក្នុងសម័យ​រំដោះ​ប្រទេស​ជាតិ និង​អរគុណ​ចំពោះ​បងប្អូន ប្រជាពលរដ្ឋ​មួយ​ទៀត ដែល​បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ​រំដោះ​ប្រទេស​ជាតិ ឲ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ និង​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់ៗ អាណត្តិ​កន្លងមក​ដែល​បាន​ផ្តល់ឱកាស​ឲ្យ​សម្តេច បាន​ដឹកនាំ​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​រីកចម្រើន​មក​ទល់​សព្វថ្ងៃ​។ បងប្អូន​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា គឺ​បងប្អូន បោះឆ្នោត​ឲ្យ​ខ្លួន​ឯង ដើម្បី​រក្សា​សន្តិភាព​និង​ការអភិវឌ្ឍ​អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ថែម​ទៀត​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា ការជួយ​របស់​មិត្ត​ចិន​ក្នុង​ការកសាង​មន្ទីរពេទ្យ​នេះ គឺ​ជា​គោលដៅ​មួយ​ក្នុង​ការរួមចំណែក​អភិវឌ្ឍ គោលនយោបាយ​គាំពារ​សង្គម​ផងដែរ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ តាំង​ពី​អណត្តិ​ទី​៥ ក្នុង​ការថែទាំ​សុខុមាលភាព​​ជូន ដល់​ប្រជាពលរដ្ឋ ជាពិសេស​សុខភាព​ស្ត្រី មាតា និង​ទារក​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ បញ្ជាក់​ដោយ​ហ្មឺង​ម៉ាត់​សារ​ជា​ថ្មី​ថា អាណត្តិ​នេះ គឺ​ត្រូវតែ​មាន​ការកែទម្រង់​ស៊ីជម្រៅ​បំផុត ដើម្បី​បម្រើ​ផលប្រយោជន៍ អោយបាន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត​ពិតប្រាកដ គឺ​សម្តេច​តេជោ​បានចាប់ផ្តើ​ម​អនុវត្ត​អភិក្រម ទាំង​៥​គឺ ១-​ឆ្លុះ​កញ្ចក់​, ២-​ងូតទឹក ៣-​ដុស​ក្អែល​, ៤-​ព្យាបាល និង ៥-​វះកាត់​។ សម្តេច​តេជោ បានបញ្ជាក់​ច្បាស់​ថា ទោះ​ជា​មន្ត្រី​មាន​ឋានៈ​ប៉ុណ្ណា បើទោះបីជា ខ្លា ពស់ កណ្តុរ ឬ រុយ ក៏ដោយ ឲ្យតែ​បំពាន​ប្រយោជន៍​ប្រជាជន គឺ​សម្តេច​ត្រូវតែ​អនុវត្ត តាម​អភិក្រម​នេះ ដើម្បី​បំរើ​ប្រជា​ពលរដ្ឋ​ប្រកបដោយ​សេចក្តីទុកចិត្ត និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ដោយសារ​កាលពី​ពេល​ថ្មីៗ​កន្លង​ង​ទៅនេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ហាក់ដូចជា​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ ជំងឺ​ឆ្កែ​ឬ​ឆ្មា​ខាំ ដែល​មាន​ផ្សាយ​តាម​ហ្វេ​សប៊ុគ​មួយចំនួន នៅថ្ងៃនេះ សម្តេច​តេជោ បាន​អំពាវនាវ​ដល់​ពល រដ្ឋ​សូមកុំ​មានការ​ភ័យ​តក់ស្លុត​ខ្លាំងពេក ហើយ​សម្រុក​នាំគ្នា​ទៅ​ចាក់​ថ្នាំ​បង្ការ​។ រី​ឯ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនទៀត ដែល​មិន​មាន​ឆ្កែ​ខាំ​ផង​ក៏​នាំគ្នា​សម្រុក ទៅ​ចាក់​ថ្នាំ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​នៅតាម​មន្ទីរពេទ្យ​ដទៃៗ ទៀត ដែល​ធ្វើអោយ​មាន​ការ​ប៉​ពាល់​ដល់ សណ្តាប់ធ្នាប់​សា​ធារណៈ និង​បញ្ហា​កកស្ទះ​យ៉ាងខ្លាំង​។​

​នៅថ្ងៃនេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​មិត្ត​ចិន​ទាំង អស់​ថា កម្ពុជា​មិន​ឲ្យ​ចិន​ត្រួតត្រា​កម្ពុជា​នោះ​ទេ ហើយ​ចិន​ក៏​មិន​ចង់​ត្រួតត្រា​កម្ពុជា​នោះដែរ​។ ការ​ដែល​សម្តេច​មានប្រសាសន៍​បែបនេះ គឺ​ដោយសារ​កន្លងមក​មាន​មតិ​មួយចំនួន តែងតែ​បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បើក​អោយ​ចិន​មក​ត្រួតត្រា ហើយ​មាន​បំណង​ចង់​ដេញ​ចិន​ឲ្យទៅ​វិញ​។ ដូច្នេះ​សម្តេច បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ចិន​មក​ត្រួតត្រា​កម្ពុជា​នោះ​ទេ ហើយ​ចិន​ក៏​មិន​ចង់​មក​ត្រួតត្រា​កម្ពុជា​នោះ​ដែរ គឺ​មិត្ត​ចិន​គេ​មក​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​យើង ដើម្បី​រួមចំណែក​ជួយ​អភិវឌ្ឍ​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​ទៅមុខ​។ មិត្ត​ចិន​គេ​គោរព​បូរណភាព និង​អធិបតេយ្យភាព​កម្ពុជា​យើង​ណាស់​។​

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​នៃ​ការសាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ត្បូងឃ្មុំ​ទាំងអស់​នៅ​ថ្ងៃ​នេះ​ឲ្យ​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ ក្នុងពេលនោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្តល់​អំណោយ​ជា​វត្ថុ​អនុស្សាវរីយ៍ និង​ថវិកា​មួយចំនួន​ជូន​ដល់ លោកយាយ លោកតា យុវជន សិស្ស និស្សិត និង​ផ្តល់​ថវិកា​ជូន​សាលារៀន មន្ទីរពេទ្យ និង​ស្ថាប័ន​ក្នុង​ខេត្ត​មួយចំនួនទៀត ហើយ​បន្ទាប់មក​សម្តេច​តេជោ និង​ឯកឧត្តម ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ចិន​បាន​អញ្ជើញ​ចុច​ប៊ូ​តុង​បើ​ការដ្ឋាន​សាងសង់ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ ចាប់ពី​ពេលនេះ​តទៅ​៕ ដោយ​៖​កូឡាប​

      

spot_img
×