ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានសុំឲ្យភាគីចិន លើកលែងពន្ធនាំចូល សម្រាប់ផលិតផលកសិកម្មរបស់អាមេរិច ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន បន្ទាប់ពីលោកប្រកាសពន្យាពេលមិនកំណត់ពន្ធចំនួន ២៥ភាគរយលើផលិតផលនាំចូលពីចិន។
លោកបាននិយាយនៅក្នុង Twitter ថ្ងៃសុក្រម្សិលមិញថា “ខ្ញុំបានសុំឲ្យភាគីចិនលុបចោលពន្ធនាំចូល សម្រាប់ផលិតផលកសិកម្មរបស់ពួកយើង មានសាច់គោក និងសាច់ជ្រូកជាដើម ដោយផ្នែកលើការពិតថា ពួកយើងកំពុងទៅមុខយ៉ាងល្អលើការពិភាក្សាគ្នាពីពាណិជ្ជកម្ម”។
លោកនិយាយថា លោកមិនដំឡើងពន្ធ ២៥ភាគរយលើផលិតផលនាំចូលពីចិន នៅថ្ងៃទី ១ ខែមីនានេះទេ។
សូមបញ្ជាក់ថា ការប្រកាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការពន្យាពេលកំណត់ពន្ធដ៏ខ្ពស់ គឺ ២៥ភាគរយសម្រាប់ផលិតផលនាំចូលពីចិន បានធ្វើឡើងក្រោយពេល អាមេរិច និងចិនសម្រេចបានការព្រមព្រៀងគ្នាលើការធ្វើពាណិជ្ជកម្ម។
ពន្ធដែលអាមេរិចគ្រោងកំណត់លើចិននោះ នឹងចូលជាធរមាននៅថ្ងៃសុក្រម្សិលមិញនេះ ប្រសិនជាគ្មានកិច្ចព្រមព្រៀងណាមួយសម្រេចបាន។
ប្រទេសចិនគឺជាទីផ្សារផលិផលកសិកម្មធំបំផុតទី ២របស់អាមេរិច។ នេះបើតាមទិន្នន័យការិយាល័យតំណាងពាណិជកម្មអាមេរិច។ កាលពីឆ្នាំ ២០១៧ អាមេរិចនាំចេញផលិតផលកសិកម្មទៅចិន មានតម្លៃទឹកប្រាក់ ២០ពាន់លានដុល្លា ដោយក្នុងនោះផលិតផលសណ្តែកសៀងសំខាន់ជាងគេ ដោយមានទំហំទឹកប្រាក់ ១២ពាន់លានដុល្លា៕ សុភ័ក្ត្រ
ប្រភព៖ CNN