Saturday, February 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណឹង​ល្អ​! អស់​បញ្ហា​ក្នុង​ការសុំ​ស៊ី​អូ ទម្រង់ ឌី ដើម្បី​នាំចេញ​កសិផល សម្រាប់​ប្រជាកសិករ​នៅក្នុង​ខេត្ត​ចំនួន ៤ នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​

​(​ក្រចេះ​) ៖ ដើម្បី​សម្រួល​ដល់​ការនាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ សម្រាប់​ខេត្ត​ដែល​ស្ថិតនៅ​តាម​ព្រំដែន​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​ ៩ ខែ​មីនា ឆ្នាំ​ ២០១៩​ នេះ បានធ្វើ​ប្រតិភូកម្ម​សេវា​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ទម្រង់ ឌី (D) តាម​ប្រពន្ធ័​ស្វ័យប្រវត្តិក​ម្ម ជូន​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​មណ្ឌលគិរី​។​

​ពិធី​ប្រកាស និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សេវា CO ទម្រង់ D នេះ ត្រូវបាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​លី​ជិ ខេត្ត​ក្រចេះ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​នៃ​ខេត្ត​ទាំង​បួន​ខាងលើ មន្ត្រីរាជការ​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​វិស័យ​ឯកជន​ប្រមាណ ៣០០​ នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​រំលឹក​ពី​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការអនុវត្ត​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​ររ​វាង​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ សំដៅ​ធានា​ឱ្យមាន​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ និង​ប្រកបដោយ​និរន្តរភាព អាចឆ្លើយតប​តម្រូវកា​រ​អទិភាព​របស់​ប្រជាពលរដ្ឋ និង​គោលការណ៍​អភិបាលកិច្ច​ល្អ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​។​

​លោក រដ្ឋមន្ត្រី បានឱ្យដឹងថា កន្លងមក​ក្រសួង​ពាណិជ្ជកម្ម បានធ្វើ​ប្រតិភូកម្ម​សេវា CO ទម្រង់ D នេះ ទៅ​ដល់​មន្ទីរ​ពាណិជ្ជកម្ម​នៅ​ក្នុង​ខេត្ត​ចំនួន ៥ ដូចជា ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និង​រតនគិរី រួម​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២ នៅក្នុង​ខេត្ត​ស្វាយរៀង​គឺ Manhattan តាយសេង និង​សាន​ដុង​-​សាន់​សែ​ល ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ជាពិសេស​ការនាំ​ចេញ​កសិផល​របស់​ប្រជាកសិករ​ខ្មែរ​។​

​លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​បន្ថែមទៀតថា ការដាក់ឱ្យ​ដំណើរការ​សេវា CO ទម្រង់ D នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​មណ្ឌលគិរី ថ្ងៃនេះ គឺ​ដោយសារតែ​ជា​ខេត្ត​អាទិភាព ដែល​ស្ថិត​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្លាំង លើ​ការកាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន នៅក្នុង​ខេត្ត​ទាំង​បួន​នេះ​។ ការធ្វើ​ប្រតិភូកម្ម​នេះ គឺ​មិន​ត្រឹមតែ​ជា​ការផ្ទេរ​ភាពជា​ម្ចាស់​នៃ​មុខងារ​ទេ ថែមទាំង​ជា​ការទទួលខុសត្រូវ​ក្នុង​ការគ្រប់គ្រង និង​ការអនុវត្ត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ជាពិសេស​ការចេញ CO ទម្រង់ D ឱ្យបាន​កាន់តែ​ឆាប់រហ័ស​ជូន​អ្នក​នាំចេញ ដើម្បី​សម្រួល​ដល់​ការនាំ​ចេញ​កសិផល ជៀសវាង​បាន​នូវ​ភាព​អសកម្ម​នានា និង​ការកកស្ទះ​ដោយ​ប្រការ​ណាមួយ​។​

​សូមជម្រាបថា កាលពី​ឆ្នាំ​ ២០១៨ កម្ពុជា​បាន​នាំចេញ​ទំនិញ​នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ទៅ​កាន់​ទីផ្សារ​បរទេស​ក្នុង​ទឹកប្រាក់ ១២,៨៩៥​ លាន​ដុល្លារ​អាមេរិក បាន​កើនឡើង ១៣.៧០% បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ ដែល​មាន​ទឹកប្រាក់​ត្រឹមតែ ១១,៣៤១​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក​ការនាំ​ចេញ​កសិផល តាមរយៈ CO ទម្រង់ D ទៅ​កាន់​ទីផ្សារ​តំបន់​អាស៊ាន ក៏​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ផង​ដែរ គឺ​បាន​កើន​ពី​ទឹកប្រាក់ ៧២៨​ លាន​ដុល្លារ​អាមេរិក​ក ក្នុង​ឆ្នាំ​២០១៦ ដល់​ទឹកប្រាក់ ១,៤០៦ ​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​ ២០១៨៕ ​ដោយ​ ៖ បញ្ញា​ស័ក្តិ​