លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា APF នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យការងារត្រៀមរៀបចំទទួលកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ APF ដែលនឹងត្រូវរៀបចំធ្វើនៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០១៩ ខាងមុខ។
កិច្ចប្រជុំនាពេលនេះធ្វើឡើងនៅវិមានរដ្ឋសភា ដោយមានការចូលរួមពីឯកឧត្ដមសមាជិករដ្ឋសភា និងជាសមាជិកនៃគណៈកម្មការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ APF និងមន្ត្រីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួនទៀត។
លោក ហេង រដ្ឋា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃក្រុមសភាជាតិកម្ពុជា APF បានជម្រាបជូនដោយសង្ខេប អំពីប្រវត្តិ និងដំណើរការការងាររបស់ APF ជូនអង្គប្រជុំបានជ្រាប។ ឯកឧត្ដមក៏បានជម្រាបជូនអំពីនីតិវិធីការងារមួយចំនួនដែលក្រុមសភាជាតិកម្ពុជា APF និងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាលនៃក្រុមសភាជាតិកម្ពុជា APF ត្រូវបំពេញចាប់តាំងពីពេលនេះ រហូតដល់ពេលដំណើរការកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ APF នាពេលខាងមុខផងដែរ។
លោក ប៉ែន បញ្ញា ប្រធានក្រុមសភាជាតិកម្ពុជា APF បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ជាកិច្ចប្រជុំដើម្បីចែករំលែកព័ត៌មានបឋម អំពីការត្រៀមរៀបចំទទួលកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ APF។ ឯកឧត្ដមបណ្ឌិតសង្ឃឹមថា គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ នឹងរួមសហការគ្នាត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការនៃកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ APF ដែលរៀបចំធ្វើនៅកម្ពុជានាពេលខាងមុខទទួលបានជោគជ័យ។
សូមបញ្ជាក់ថា កម្ពុជា បាន ចូល ជា សមាជិកសភា និយាយ ភាសា បារាំង APF ចាប់ តាំង ពី ឆ្នាំ១ ៩៦៧ មក។ រហូត មក ទល់ នឹង ពេលនេះ APF មាន សមាជិក ជាង៤០ ប្រទេស ក្នុង ពិភព លោក។ ដើម្បីរួមចំណែកក្នុងវេទិកាសភាអន្តរជាតិមួយនេះ សភាកម្ពុជាបានរៀបចំតែងតាំងក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង APF ដោយមាន ៖
ក-គណៈកម្មាធិការអចិន្ត្រៃយ៍
ខ-គណៈកម្មការជំនាញចំនួន៤ ៖ មាន ១-គណៈកម្មការនយោបាយ ២-គណៈកម្មការកិច្ចការសភា ៣-គណៈកម្មការអប់រំ ទំនាក់ទំនង និងវប្បធម៌ ៤-គណៈកម្មការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។
គ- បណ្ដាញសមាជិកសភានៃសភានិយាយភាសាបារាំងចំនួន៣ មាន ៖ ១-បណ្ដាញសភាស្ត្រី ២-បណ្ដាញសមាជិកសភាប្រយុទ្ធនឹងមេរោគអេដស៍ និងជម្ងឺអេដស៍ ជម្ងឺរបេង និងជម្ងឺគ្រុនចាញ់ ៣-បណ្ដាញសមាជិកសភាវ័យក្មេង ឃ-លេខាធិការដ្ឋានរដ្ឋបាលនិងទីប្រឹក្សា៕ ដោយ ៖ កូឡាប