Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិន្នផល​ស្រូវ រដូវវស្សា​ឆ្នាំ​នេះ បរិមាណ​សរុប​ជាង ៤​លាន​តោន លើស​ឆ្នាំមុន ជាង​៥​សែន​តោន​

​ភ្នំពេញ ​៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ចេញ​របាយការណ៍ ស្តី​ពី​សភាពការណ៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្ត​បន្ត ដោយ​ក្នុង​របាយការណ៍​បានបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ការប្រមូល​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​នេះ សម្រេចបាន​ចំនួន ១,២​លាន​ហិកតា លើ​ផ្ទៃដី​អនុវត្ត​សរុប ២,៦​លាន​ហិកតា ដោយ​ទទួលបាន​បរិមាណ​សរុប​ជាង ៤​លាន​តោន​លើស​ឆ្នាំមុន​ចំនួន​ជាង​៥​សែន​តោន​។​

​របាយការណ៍ ក៏​បញ្ជាក់​ថា ការនាំ​ចេញ​អង្ករ​ទៅ​បរទេស ដោយ​ក្នុង​នោះ ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ការនាំ​អង្ករ​ចេញ​តាម​រយៈ​ច្រកចេញចូល​តែ​មួយ​គឺ​មាន​បរិមាណ​សរុប​ចំនួន​៧០.១២២​តោន ដេល​មាន​ការកើនឡើង​ចំនួន​១១.៩៥៤​តោន​(​កើន​២០,៦០​ភាគរយ​) ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​។ សរុប​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០១៧ នាំ​ចេញ​បាន​ចំនួន​៥៦២.២៣៧​តោន​(១១​ខែ​ដើមឆ្នាំ​២០១៦​នាំ​ចេញ​បាន​ចំនួន​៤៧៩.៦៨៩​តោន កើនឡើង​១៧,២០​ភាគរយ​) ទៅកាន់​ទិសដៅ​ចំនួន​៦៣​ប្រទេស ក្នុង​ប្រទេស​ចិន​ឈេ​លំដាប់​ទី​១ (១៦៤.៩៧៦​តោន​) ប្រទេស​បារាំង​ឈរ​លំដាប់​ទី​២ (៧០.៧៤១​តោន​) ប្រទេស​ប៉ូឡូញ​ឈរ​លំដាប់​ទី​៣(៤១.៤៦៩​តោន​) ប្រទេស​ម៉ាឡេស៊ី​ឈរ​លំដាប់​ទី​៤(៣៥.២០៩​តោន​) ប្រទេស​បង់​ក្លា​ដេស​ឈរ​លំដាប់​ទី​៥(២៦.៩៧០​តោន​) ប្រទេស​អង់គ្លេស​ឈរ​លំដាប់​ទី​៦(២៥.៨៨៩​តោន​) ប្រទេស​នី​ដឺឡែន​ឈរ​លំដាប់​ទី​៧(២៥.០០២​តោន​) ប្រទេ​សបុង​ឈរ​លំដាប់​ទី​៨(១៩.៨៣៤​តោន​) ប្រទេស​ប៊ែលហ្ស៊ីក​ឈរ​លំដាប់​ទី​៩(១៩.២៤៤​តោន​) និង​ប្រទេ​សឆេក​ឈរ​លំដាប់​ទី​១០(១៥.១៨៧​តោន​) ។ បច្ចុប្បន្ន​ការនាំចេញ​អង្ករ​មាន​ចំនួន​៨៤​ក្រុមហ៊ុន​។​

​ក្រៅពី​ការនាំ​អង្ករ​ចេញ ក្រសួង​កសិកម្ម ក៏​បាន​បញ្ចេញ​របាយការណ៍​ទាក់ទង​ដំណាំ​កសិកម្ម​នេះ​ផង​ដែរ​គឺ​ដំណាំ​កៅស៊ូ ដែល​មាន​បរិមាណ​បញ្ចេ​ញ​លក់​ជ័រកៅស៊ូ ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ មាន​ចំនួន​សរុប ១៥២.៩៦៣​តោន បាន​កើនឡើង​ចំនួន​៣៦.៦១៣​តោន ស្នើ​នឹង​៣១​ភាគរយ បើ​ប្រៀប​ធៀន​រយៈពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០១៦​។ គួរកត់សម្គាល់​ថា​តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​គឺ​១.៦២៥​ដុល្លារ​ក្នុង​មួយ​តោន បាន​កើនឡើង​ចំនួន​៤៥២​ដុល្លារ​ក្នុង​មួយ​តោន បើ​ប្រៀប​ធៀន​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦​។ ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧​ការប្រមូល​ចំណូល​ថវិកា​បាន​ចំនួន​សរុប​១.១៩៨.១៣៤.៦៧៤​រៀល ពី​ថ្លៃ​ឈ្នួល​ដី​របស់​ក្រុមហ៊ុន​ចម្ការកៅស៊ូ​ចម្ការ​អណ្តូង មេមត់ ជុប ក្រែក ក្រុមហ៊ុន​នីហរ័ណ​កៅស៊ូ (​និង​ប្រាក់​ពិន័យ​ក្រុមហ៊ុនចម្ការកៅស៊ូ​ស្នូល ចម្ការ​អណ្តូង ពាម​ជាំ​ង ឆ្នាំ​២០១៦) ។ រីឯ​ការប្រមូល​ចំណូល​ថវិកា​ចូល​រដ្ឋ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៧​គឺ​ពុំ​មាន​ឡើយ​។​

​បើ​តាម​ក្រសួង​កសិកម្ម​ដដែល​បាន​លើកឡើង​ពី​ការ​ចំណូល​ព្រៃឈើ សម្រាប់​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ចំណូល​ពី​ថ្លៃ​សួយ​សារ​ផល អនុផល​ព្រៃឈើ​សរុប​ចំនួន ១.២០៨.០០០.០០០​រៀល និង​ចំណូល​ពី​សេវា​សាធារណៈ​ចំនួន​៥៨៥.១៨៧.៨៦០​រៀល និង​១.១៤២,៥៧​ដុល្លារ​អាមេរិក​។ ការប្រមូល​ថវិកា ចំណូល​ពី​វិស័យ​ជលផល​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ចំនួន​១៩.៨៤៣.៣៣៦​រៀល សរុប​រយៈពេល​១១​ខែ​បាន​ចំនួន​២.៦៦៦.១១១.៣១៩​រៀល ស្នើ​នឹង​៨៨,៨៧​ភាគរយ​នៃ​ផែនការ​៣.០០០.០០០.០០០​រៀល ប្រៀបធៀ​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៦ កើនឡើង​ចំនួន​៦៥៦.៣០៧.១៨០​រៀល​។ មកទល់ពេលនេះ​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​វស្សា​បាន​បញ្ចប់​ហើយ​ដោយ​សម្រេចបាន​ចំនួន​២.៦៥៧.៧៦៨​ហិកតា​ស្នើ​នឹង​១០៦,៤៥​ភាគរយ នៃ​ផែនការ​២.៤៩៦.៧៩០​ហិកតា​។ ពិនិត្យ​ជា​រួម ស្ថានភាព​ទឹកជំនន់ បាន​ធ្វើឲ្យ​ប៉ះពាល់​និង​ខូចខាត​លើ​ដំណាំ​ស្រូវប្រាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​លើ​ផ្ទៃដី​សរុប​ចំនួន ១.៤២៦​ហិកតា ក្នុងនោះ​ស្តារឡើងវិញ​បាន​ចំនួន​១.០៤១​ហិកតា ដោយ​ខូចខាត​ទាំងស្រុង​លើ​សន្ទូង​ពង្រោះ​ចំនួន​៣៨៥​ហិកតា​។ ជាមួយនឹង​ការខិតខំ​ប្រមូល​ផល​ដំណាំ​ស្រូវវស្សា​យ៉ាង​ស្រាក់​សស្រាំ​របស់​ប្រជាកសិករ ក្រសួង​ក៏​បាន​ជំរុញ​ដល់​គ្រប់​អង្គភាព​ជំនាញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ទៅ​យន្តការ​និង​បទដ្ឋាន​បច្ចេកទេស​គន្លឹះ​សំខាន់ៗ​៕ ដោយ ៖ កូឡាប​

×