Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្កើត​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ពង្រឹង​ថែរក្សា​វប្បធម៌​ឆ្លើយឆ្លង និង​វប្បធម៌​សន្ទនា របស់​សម្តេច​តេ​ជោ

​ភ្នំពេញ ​៖ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា ការបង្កើត​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋា​ភិបាល មាន​ទិសដៅ​សម្រាប់​សាធារណជន នៅក្នុង​គោលការណ៍ និង​បំណង​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ព័ត៌មាន​មួយចំនួន ដែលជា​ការលើកឡើង​ពី​មហាជន រួមទាំង​អ្នក​ថ្វី​ម៉ាត់​មួយចំនួន ក៏ត្រូវ​បាន​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ជាបន្ទាន់​។

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ បានសម្រេច​បង្កើត​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដោយមាន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​លើ​កិច្ចការ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ជា​ប្រធាន​នៃ​អង្គភាព​នេះ​។​

​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជម្រាបជូន​ជនរួមជាតិ អ្នកសារព័ត៌មាន និង​អ្នក​អត្ថា​ធិប្បាយ​ព័ត៌មាន​សង្គម​នូវ​សេចក្តីសម្រេច ស្ដីពី​ការបង្កើត​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​បំណង​ដ៏​ស្មោះស្ម័គ្រ​នៃ​ឆន្ទៈ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​កិច្ចពង្រឹង​បន្ត​នូវ​ការចូលរួម​កសាង​ប្រទេសជាតិ នៅក្នុង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ពហុ​មតិ និង​អធិបតេយ្យ​ជាតិ របស់​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​។ នៅក្នុង​គោលការណ៍ និង​បំណង​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នេះ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ព័ត៌មាន​មួយចំនួន ដែលជា​ការលើកឡើង​ពី​មហាជន រួមទាំង​អ្នក​ថ្វី​ម៉ាត់​មួយចំនួន ក៏ត្រូវ​បាន​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ជាបន្ទាន់​ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា​៖ អង្គភាព​នេះ មាន​ទិសដៅ​សម្រាប់​សាធារណជន ក្នុង​កិច្ចពង្រឹង​ថែរក្សា​វប្បធម៌​ឆ្លើយឆ្លង (2 ways communication) និង​វប្បធម៌​សន្ទនា ដែលជា​ទស្សនៈ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រួមគ្នា​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែលមាន​កិច្ចសហការ​ដ៏​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ជំនាញ​គ្រប់​វិស័យ​របស់​រដ្ឋ​។ ជាមួយនេះ​ផងដែរ វេទិកាសាធារណៈ សន្និសីទ​សារព័ត៌មាន ក្នុង​រូបភាព​របាយការណ៍ ឬ​កម្រង​ទស្សនៈ​នៃ​ការយល់ដឹង​ពី​បណ្ឌិត អ្នកជំនាញ ក៏ដូចជា​អ្នក​អត្ថា​ធិប្បាយ​សង្គម​ពាក់ព័ន្ធ​ទៅនឹង​ការងារ​ជាតិ​។ កិច្ចការ​ទាំងអស់នេះ ក៏​ត្រូវបាន​លើកតម្កើង​យ៉ាង​ទូលំទូលាយ ដែលជា​ប្រយោជន៍​សាធារណជន​ក្នុង​កិច្ច​រួមគ្នា​កសាង​ការពារ​ជាតិខ្មែរ​តែមួយ​។​

​បើតាម​សេចក្តីថ្លែងការណ៍​ដដែល សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​កើតចេញពី​ជម្រើស និង​ការទុកចិត្ត​របស់​មហា​ជន ដែល​សម្តេច មាន​ឥរិយាបថ​ស្វែងយល់ និង​ស្តាប់​រាល់​មតិ​ពី​មហាជន អាស្រ័យ​ហេតុដូចនេះ អ្វី​ដែលជា​ព័ត៌មាន​មិន​ត្រឹមតែ​ជា​ជ្រុង​មួយ​ពី​រាជរដ្ឋាភិបាល​នោះទេ ក៏ប៉ុន្តែ​ពី​សាធារណជន ក៏ដូចជា​អ្នក​តាំងខ្លួន​ជា​អ្នក​អត្ថាធិប្បាយ​សង្គម​ផងដែរ​។ ក្រុម​ទាំងនោះ ត្រូវតែ​ជា​អ្នក​សុច្ចរិត ទទួលខុសត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ប្រកបដោយ​គុណធម៌ និង​សីលធម៌ ដែល​អាច​ទទួលយកបាន​ពី​គ្រប់ភាគី ក្នុង​កិច្ចពង្រឹង​រួមគ្នា​កសាង​ជាតិ​។​

​រីឯ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល គឺ​ឋិត​នៅក្នុង​បំណង និង​គោលដៅ​ពង្រឹង​ការដឹង និង​ការយល់​របស់​មហាជន ដែល​លោក​ជា​ចំណែក​មួយ​ដ៏​មាន​ប្រសិទ្ធភាព និង​ជា​ម្ចាស់​អំណាច មិន​ត្រឹមតែ​ចូលរួម​ក្នុង​កិច្ច​កសាង​ការពារ​អធិបតេយ្យ​ជាតិ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ជាការ​រួមចំណែក​ដ៏​ធំ​មួយ​នៃ​ការងារ​អភិបាលកិច្ច​ល្អ និង​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុង​កិច្ច​កំណែទម្រង់​ស៊ីជម្រៅ ​៕ ដោយ ៖​ កូ​ឡាប​

×