ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់សូមឲ្យភាគីទាំងពីរកម្ពុជានិងវៀតណាម ធ្វើយ៉ាងណាចែករំលែកបច្ចេកវិទ្យានិងព័ត៌មានគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍធនធានមនុស្សព្រោះថានេះជាកត្តាសំខាន់ដែលអាចជួយកម្ពុជាក្នុងការការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ICT។
នៅរសៀលថ្ងៃព្រហស្បត្តិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Nguyen Manh Hung រដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោក Nguyen បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា នេះជាលើកទីមួយហើយដែលលោកបានមកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីលោកបានត្រូវតែងតាំងជារដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍នៃប្រទេសវៀតណាម។ លោក Nguyen បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីពីវឌ្ឍនភាពនៃវិស័យទូរគមនាគមន៍ប្រទេសវៀតណាម ដែលប៉ុន្មានឆ្នាំកន្លងមកនេះវៀតណាមបានបង្កើតនូវបច្ចេកវិទ្យា ការពារសន្តិសុខ តាមបណ្ដាញព័ត៌មាន នោះគឺជាបច្ចេកវិទ្យាដែលអាចតាមដាន ពួក Hacker អាចធ្វើការវិភាគទិន្នន័យ និងអាចស្វែងរក និងទប់ស្កាត់ការប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ ជាងនេះទៅទៀត លោកក៏បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ផងដែរ អំពីកិច្ចពិភាក្សារវាងលោកផ្ទាល់ជាមួយនិង ឯ.ឧ ត្រាំអ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជាពាក់ព័ន្ធនឹងបញ្ហា E-Goverment និង ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច (Ecommerce) ក៏ដូចជាទីក្រុងឆ្លាតវៃ ហើយក៏បានយល់ស្រប ជាមួយគ្នាក្នុងការពិនិត្យ និងប្រើប្រាស់ប្រព័ន្ធ 5G ក៏ដូចជាប្រព័ន្ធបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច និងការរៀបចំឲ្យមាន Data Centers និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរព័ត៌មានក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។ ទន្ទឹមនឹងនោះដែរ លោក Nguyen ក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាចំនួន ៤រូបសម្រាប់សិក្សាលើប្រព័ន្ធអេឡិចត្រូនិច ICT។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះវឌ្ឍនភាពរបស់ប្រទេសវៀតណាម ជាពិសេសលើវិស័យប្រព័ន្ធបច្ចេកវិទ្យា ការពារសន្តិសុខនេះ ហើយក៏បានស្វាគមន៍នូវអ្វីដែលបានពិភាក្សា និងការព្រមព្រៀងគ្នាជាមួយ ឯ.ឧ ត្រាំអ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់សូមឲ្យភាគីទាំងពីរធ្វើយ៉ាងណា ចែករំលែកបច្ចេកវិទ្យានិងព័ត៌មាន គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះថានេះជាកត្តាសំខាន់ដែល អាចជួយកម្ពុជាក្នុងការការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ICT៕ ដោយ៖កូឡាប