Saturday, January 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែង សេចក្តីប្រកាសព័ត៌មានរួម ជាមួយលោក ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ:នៅព្រឹកថ្ងៃទី១៥​ មីនា​ ២០១៩ដដែលនេះ​ វេលាម៉ោង១១:០០ នាទីព្រឹក បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខារួចមក សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយ និង ស្វាគមន៍យ៉ាងក្កៅជាទីបំផុត ចំពោះទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Moon Jae-in ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ​ នៅព្រះជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍សំខាន់ណាស់ សម្រាប់ធ្វើឲ្យចំណងមិត្តភាព រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា កាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានវិសាលភាពទូលំទូលាយ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលសាធារណរដ្ឋកូរ៉េសម្រេច បានក្នុងការកសាងជាតិរហូតបានក្លាយ ជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន នាំមុខនៅលើពីភពលោក និងធំទី៤ នៅអាស៊ី ហើយបានដើរតួនាទីយ៉ាងសកម្ម នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ ។ ទន្ទឹមនឹងនេះ វឌ្ឍនភាពនៃប្រទេសកូរ៉េ មិនត្រឹមតែ នាំមកនូវវិបុលភាពមក ឱ្យប្រទេសប្រជាជនកូរ៉េ ប៉ុណ្ណោះទេ តែក៏បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដល់ប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាផងដែរ។

សម្តេចតេជោរដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋកូរ៉េ ដែលមានឆន្ទៈ បន្តជួយដល់ការចំណាយ កាន់តែធំក្នុងការកសាង និងអភិវឌ្ឍន៍កម្ពុជា ជាពិសេសសាធារណរដ្ឋកូរ៉េ បានទទួលស្គាល់និងគាំទ្រ ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងបន្តនិរន្តរភាពនៃការអភិវឌ្ឍ តាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ។ ស្ដីពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា​ និងសារធាណរដ្ឋ សម្ដេចតេជោ​ និងលោកប្រធានាធិបតី បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យសំដៅ ជម្រុញថែមទៀត នូវទំនាក់ទំនងរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើ នៃទំនាក់នងលើកគ្រប់វិស័យរួមមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ទេសចរណ៍ និងវិស័យអប់រំ រវាងប្រទេសយើងទាំងពីរ។ កម្ពុជា-សាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាជំរុញកិច្ចប្រឹងប្រែង ទំហំពាណិជ្ជកម្មទ្វេភាគីថែមទៀត ដែលបើកទីផ្សារឲ្យទូលាយជាងមុនសម្រាប់ផលិតផលកម្ពុជា ជាពិសេសផលកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យស័ក្តិសមទៅនឹងសក្តានុពល។ ក្នុងគោលដៅនេះដើម្បីបង្កើន កិច្ចសហប្រតិបត្តិការវិនិយោគ កម្ពុជា-សាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ពីសារៈសំខាន់ និងជំរុញយុទ្ធនាការកែលំអរបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលនឹងធានាជោគជ័យ ក្នុងការអភិវឌ្ឍឧស្សាហកម្ម និងធ្វើប្រព្រឹត្តិកម្មគ្រប់វិស័យ សេដ្ឋកិច្ចកម្ពុជា នាំមកនូវផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសយើងទាំងពីរ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធាននាធិបតីកូរ៉េ មានចក្ខុវិស័យ និងការពេញចិត្តដូចគ្នា ដោយសង្កេតឃើញពីកំណើរការប្រាស្រ័យ ទាក់ទងរវាងប្រជាជន នៃប្រទេសយើងទាំងពីរ តាមរយៈការផ្លាស់ប្តូរផ្នែកទេសចរណ៍ និងធុរកិច្ច ក៏ដូចជាការបញ្ជូនពលករខ្មែរ ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនេះ ស្តីពីកិច្ចការតំបន់ និងអន្តរជាតិ សម្តេចតេជោ និងលោកប្រធានាធិបតីកូរ៉េ បានប្តូរយោបល់គ្នាពីកិច្ចសហប្រតិបត្តិការ ក្នុងវេទិការអន្តរជាតិ ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ បញ្ហាឧបទ្វីកូរ៉េ និងបញ្ហាផ្សេងៗទៀតដែលយើងបានយកចិត្តទុកដាក់ដូចគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ​ សាធារណរដ្ឋកូរ៉េ ដែលនៅចុងឆ្នាំ២០១៩នេះ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ក្នុងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ជាលើកដំបូង តភ្ជាប់ជាមួយនឹងកិច្ចប្រជុំកំពូល រំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។ សម្តេចតេជោ ជឿជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅកម្ពុជា​ នាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការ កម្ពុជា-សាធារណរដ្ឋកូរ៉េ មានភាពកាន់តែសកម្មប្រកបដោយផ្លែផ្កា និងឈានឡើងដល់កម្រិតខ្ពស់ថែមទៀត ដែលស្របទៅនឹងនយោបាយថ្មី ឆ្ពោះទៅទិសខាងត្បូង របស់សាធារណរដ្ឋកូរ៉េខាងត្បូង ក្នុងគោដៅជំរុញវិបុលភាពរួម ការប្រាស្រ័យទាក់ទង រវាងប្រជាជន និងប្រជាជន និងសន្តិភាពជានិរន្តរ៍នៅក្នុងតំបន់៕ដោយ៖កូឡាប